បីនាក់បងប្អូនប្រល័យជីវិតឪពុកបង្កើត តែសាច់រឿងនៅពីក្រោយរឿងនេះធ្វើឱ្យប្រជាជនរុស្ស៊ីរំជួលចិត្តនិងអំពាវនាវឱ្យដោះលែងពួកនាងវិញ

នៅខែកក្កដាឆ្នាំ ២០១៨ បងប្អូនស្រីវ័យជំទង់បីនាក់ បានចាក់ និងវាយដំឪពុករបស់ខ្លួនរហូតដល់ស្លាប់ក្នុងដំណេករបស់គាត់ នៅក្នុងផ្ទះល្វែងរបស់ពួកគេនៅរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី។ ក្រុមអ្នកស៊ើបអង្កេតបានបញ្ជាក់ថា ឪពុករបស់ក្មេងស្រីរងគ្រោះ បានធ្វើបាបពួកនាងទាំងផ្លូវកាយនិងផ្លូវចិត្តអស់រយៈពេលជាច្រើនឆ្នាំ។

ការចោទប្រកាន់ពីបទមនុស្សឃាត ដែលធ្វើឡើងចំពោះបងប្អូនស្រីទាំងបី និងអ្វីដែលត្រូវតែកើតឡើងចំពោះពួកនាង បានក្លាយជាប្រធានបទមួយក្នុងចំណោមប្រធានបទដ៏ក្តៅគគុកបំផុតនៃការជជែកវែកញែកនៅក្នុងប្រទេសរុស្ស៊ី ហើយមនុស្សជាង ៣០ម៉ឺននាក់បានចុះហត្ថលេខាលើញត្តិមួយអំពាវនាវឱ្យមានការដោះលែងពួកនាង។

នៅល្ងាចថ្ងៃទី ២៧ ខែកក្កដាឆ្នាំ ២០១៨ លោក Mikhail Khachaturyan អាយុ ៥៧ ឆ្នាំបានហៅនាង Krestina នាង Angelina និងនាង Maria ដែលកាលនោះពួកនាងគឺជាអនីតិជននៅឡើយ ម្តងម្នាក់ៗទៅក្នុងបន្ទប់របស់ខ្លួន។ គាត់បានស្តីបន្ទោសពួកនាងចំពោះការមិនសំអាតផ្ទះឱ្យបានត្រឹមត្រូវ និងបាញ់ថ្នាំទឹកម្ទេស (សម្រាប់បាញ់ភ្នែកបាតុករ) ទៅលើមុខពួកនាង។ បន្តិចក្រោយមកនៅពេលដែលគាត់បានដេកលក់ ក្មេងស្រីបានវាយគាត់នឹងកាំបិត ញញួរ និងថ្នាំទឹកម្ទេស ដែលបង្កស្នាមរបួសធ្ងន់ធ្ងរដល់ក្បាលក និងទ្រូងរបស់គាត់។ គាត់ត្រូវបានគេរកឃើញមានស្នាមមុខកាំបិតជាង៣០នៅលើខ្លួន។

បន្ទាប់មកនារីវ័យក្មេងទាំងនោះបានទូរស័ព្ទហៅប៉ូលិសមកចាប់ខ្លួនពួកនាងនៅកន្លែងកើតហេតុ។ ការស៊ើបអង្កេតភ្លាមៗបានលាតត្រដាងនូវប្រវត្តិនៃអំពើហិង្សាក្នុងគ្រួសារមួយនេះ។ លោក Khachaturyan បានវាយដំកូនស្រីរបស់គាត់ជារឿយៗក្នុងរយៈពេលបីឆ្នាំ ធ្វើទារុណកម្មពួកនាងដោយចាត់ទុកពួកនាងដូចជាអ្នកទោស និងចាប់រំលោភផ្លូវភេទ។ ភស្តុតាងនៃរឿងរ៉ាវរបស់ពួកនាងនិងឪពុក ត្រូវបានលើកឡើងផងដែរ នៅក្នុងការចោទប្រកាន់របស់តុលាការ។ 

ករណីនេះបានក្លាយទៅជារឿងដ៏ល្បីល្បាញភ្លាមៗនៅក្នុងប្រទេសរុស្ស៊ី។ ក្រុមសកម្មជនសិទ្ធិមនុស្សបានអះអាងថា បងប្អូនស្រីទាំងបីនេះមិនមែនជាឧក្រិដ្ឋជនទេ ប៉ុន្តែពួកគេជាជនរងគ្រោះ ដោយសារពួកនាងគ្មានមធ្យោបាយទទួលបានជំនួយ និងការការពារ ពីឪពុកដែលរំលោភបំពាននេះ។ ទោះយ៉ាងណាក៏ដោយ មិនមានច្បាប់ការពារជនរងគ្រោះនៃអំពើហិង្សាក្នុងគ្រួសារនៅប្រទេសរុស្ស៊ីទេ។

យោងតាមច្បាប់ទើបកែប្រែមួយ ដែលបានអនុវត្តក្នុងឆ្នាំ២០១៧ ជនល្មើសដែលបានវាយសមាជិកគ្រួសារ ប៉ុន្តែមិនធ្ងន់ធ្ងររហូតដល់ធ្វើឱ្យពួកគេចូលមន្ទីរពេទ្យ នឹងប្រឈមត្រឹមការផាកពិន័យប្រាក់ ឬឃុំខ្លួននៅមន្ទីរឃុំឃាំងត្រឹមពីរអាទិត្យប៉ុណ្ណោះ។ ប៉ូលិសនៅក្នុងប្រទេសរុស្ស៊ីជាធម្មតាចាត់ទុកការរំលោភបំពានក្នុងគ្រួសារជា "បញ្ហាគ្រួសារ" ដោយផ្តល់ជំនួយតិចតួចបំផុត ឬគ្មានការដាក់ទោសទាល់តែសោះ។

ម្ដាយរបស់បងប្អូនស្រីទាំងបី ដែលធ្លាប់រងការវាយដំ និងការរំលោភបំពានពីលោក Khachaturyan នាពេលកន្លងមក បានសុំជំនួយពីប៉ូលិសជាច្រើនលើកកាលពីមុន ដូចគ្នាទៅនឹងអ្នកជិតខាងរបស់គ្រួសារមួយនេះដែរ ដែលមានការភ័យខ្លាចខ្លាំងចំពោះបុរសរូបនេះ។ ប៉ុន្តែមិនមានភស្តុតាងណាបញ្ជាក់ថា ប៉ូលិសបានធ្វើសកម្មភាពលើបណ្តឹងណាមួយនៃការសុំជំនួយទាំងនេះនោះទេ។ នៅពេលឃាតកម្មនេះកើតឡើង ម្តាយក្មេងស្រីមិនបានរស់នៅជាមួយពួកនាងទេ ហើយ Khachaturyan បានហាមឃាត់កូនស្រីរបស់ខ្លួនមិនឱ្យទាក់ទងម្តាយទេ។ យោងតាមការវាយតម្លៃផ្នែកចិត្តសាស្រ្ត ក្មេងស្រីទាំងនោះរស់នៅក្នុងភាពឯកោ ហើយបានទទួលរងបញ្ហាជំងឺធ្លាក់ទឹកចិត្ត ក្រោយការប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ ហៅកាត់ PTSD។

ពួកនាងទាំងបីត្រូវបានតុលាការចោទប្រកាន់ពីបទមនុស្សឃាតគិតទុកជាមុន ប្រសិនបើរកឃើញទោសកំហុស បងប្អូនទាំងបីនាក់នេះនឹងប្រឈមនឹងការជាប់ពន្ធនាគារ ២០ឆ្នាំ។ ទោះយ៉ាងណា មេធាវីរបស់បងប្អូនស្រីទាំងបី បាននិយាយថាការសម្លាប់នេះគឺជាការការពារខ្លួន។ មេធាវីការពារក្តីទទូចថា ពួកនាងទាំងបី គឺជាជនរងគ្រោះនៃ "បទឧក្រិដ្ឋបន្តបន្ទាប់" ហើយដូច្នេះគួរតែត្រូវបានដោះលែង។  

សកម្មជនសិទ្ធិមនុស្ស និងប្រជាជនរុស្ស៊ីជាច្រើនបច្ចុប្បន្នចង់ឱ្យរុស្ស៊ីកែច្បាប់របស់ខ្លួន និងដាក់ចេញវិធានការចាំបាច់ភ្លាមៗដើម្បីជួយដល់ពួកនាងទាំងបី ដូចជាផ្តល់ទីជម្រកឧបត្ថម្ភដោយរដ្ឋ ដកបង្គាប់តុលាការចេញ និងបើកថ្នាក់បង្ហាត់បង្រៀនអំពីការគ្រប់គ្រងអាកប្បកិរិយាសាហាវៗរបស់ជនបំពាន។

មិនមានទិន្នន័យអំពីចំនួនស្ត្រី ដែលទទួលរងនូវអំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសរុស្ស៊ីទេ ប៉ុន្តែយោងទៅតាមសកម្មជនសិទ្ធិមនុស្ស វាអាចមានអំពើហិង្សាមួយគ្រួសារក្នុងចំណោមបួនគ្រួសារ។ អ្នកជំនាញខ្លះនិយាយថា ស្រ្តីរហូតដល់ទៅដល់៨០% ត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារនៃប្រទេសរុស្ស៊ីពីបទមនុស្សឃាត ដែលបានសម្លាប់អ្នករំលោភបំពានក្នុងគ្រួសារដើម្បីការពារខ្លួន៕

adverise with khmeread
tiger
Loading ad ...