សាស្រ្ដាចារ្យមួយរូបបានបាត់បង់ជីវិតភ្លាមៗ ខណៈរថយន្តបើកបុកហើយបើករត់បាត់

​ភ្នំពេញ ៖ សាស្រ្ដាចារ្យមួយរូបបានបាត់បង់ជីវិតភ្លាមៗ បន្ទាប់ពីត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹង កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ទី២៤ ខែសីហា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ២៦១កែងផ្លូវលេខ១៥៦ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។  

​តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា​ សពជនរងគ្រោះឈ្មោះ សៀង ដារិទ្ធ ភេទប្រុស សាស្រ្ដាចារ្យនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ ជិះម៉ូតូម៉ាក ស៊ុយសុគីនិក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1DE-4544។

​ប្រភពព័ត៌មានបន្តថា ដំបូងគេសង្កេតឃើញ ជនរងគ្រោះជិះម៉ូតូម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ១៥៦ ទិសដៅពីកើតទៅលិចក្នុងល្បឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង មិនស្គាល់ម៉ាក បានធ្វើដំណើរតាមបណ្ដោយផ្លូវ២៦១ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន។ 

​លុះមកដល់ចំណុចកើតហេតុ រថយន្តខាងលើនេះ ក៏បានបុកម៉ូតូជនរងគ្រោះចំពីចំហៀងពេញទំហឹង បណ្ដាលឱ្យជនរងគ្រោះផ្លោងអូសជាង១០ម៉ែត្រស្លាប់ភ្លាមៗនៅនឹងកន្លែង។ ឯម៉ូតូបានអូសជាង៤០ម៉ែត្របានរងការខូចខាតយ៉ាងដំណំ។

​ក្រោយកើតហេតុភ្លាមៗ ភាគីរថយន្តបង្កមិនឈប់ទទួលខុសត្រូវនោះទេ គឺបានព្យាយាមបើកគេចខ្លួនបាត់តែម្តង។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ជូនទៅសាច់ញាតិនៅពេលក្រោយ។ សពជនរងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់នៅវត្តទឹកថ្លា រង់ចាំប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...