ព្រះអគ្គីឆេះសិប្បកម្មផលិតពូក ប្រើរយៈពេល១៦ម៉ោងទើបពន្លត់ចប់ជាស្ថាពរ

ភ្នំពេញ​ ៖​ រហូតមកដល់ព្រឹកថ្ងៃទី២៤សីហាឆ្នាំ២០១៩នេះ​ សមត្ថកិច្ចបានធ្វើរបាយការណ៍សរុបករណីព្រះអគ្គីឆេះសិប្បកម្មផលិតពូក​ ស្ថិតតាមណ្តោយផ្លូវលេខ​៨បេតេ​ កែងផ្លូវលេខ៣បេតេ ក្រុម​៤​ ភូមិចំរើនផល១ ​សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​​ រាជធានីភ្នំពេញ ដែលសិប្បកម្មមួយនេះឆេះទាំងស្រុងគ្មានសេសសល់​ តែពុំមានពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់ឡើយ​។ គ្រោះអគ្គិភ័យនេះសមត្ថកិច្ចប្រើរយៈពេល១៦ម៉ោងទើបពន្លត់ចប់ជាស្ថាពរ។ 

​យោងតាមរបាយការណ៍លម្អិតរបស់សមត្ថកិច្ចនាព្រឹកថ្ងៃទី២៤ សីហានេះ​ បានបញ្ជាក់ថា នៅវេលាម៉ោង១ និង២០នាទីរសៀល ថ្ងៃ​សុក្រ​ទី២៣ ខែ​សីហា ឆ្នាំ២០១៩ មានករណីអគ្គិភ័យមួយកន្លែងកើតឡើងនៅសិប្បកម្មផលិតពូក ស្ថិតតាមណ្តោយផ្លូវលេខ​៨បេតេ​ កែងផ្លូវលេខ៣បេតេ ក្រុម​៤​ ភូមិចំរើនផល១ ​សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ​​ ដែលមានឈ្មោះ កាន់​ ចន្ថា ភេទប្រុស​  អាយុ៦៣ឆ្នាំ ម្ចាស់រោងចក្រ។ ចំពោះមូលហេតុឆេះសមត្ថកិច្ចកំពុងស្រាវជ្រាវ។

​របាយការណ៍បន្តថា ប្រភេទសំណង់ដែលឆេះសង់ពីថ្មបេតុងប្រក់ស័ង្កសី​ទំហំ២០០ម៉ែត្រគុណ២០០ម៉ែត្រ កំពស់៤ជាន់ ឆេះអស់ទាំងស្រុង​រួមទាំងឆេះឧបករណ៍សម្ភារៈបម្រើឱ្យការផលិតពូកមានដូចជា​ ឆេះម៉ាស៊ីនដេរចំនួន​ ១៨ គ្រឿង,​ ឆេះម៉ាស៊ីនកាត់ពូកចំនួន​ ០៧គ្រឿង,​ ឆេះម៉ាស៊ីនដាក់ពូកចំនួន​ ០១គ្រឿង​ និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកក្បែខាងឡើយ។

​ជុំវិញគ្រោះអគ្គិភ័យខាងលើនេះ​ រថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន២៣គ្រឿងប្រើប្រាស់ទឹកអស់១៣៨ឡានស្មើនឹង ៦៥៤ម៉ែត្រគូប, រថយន្ត​ជំនួយ​ ៖​ រថយន្ត​ពន្លត់អគ្គិភ័យ​ក្រសួងមហាផ្ទៃ​ចំនួន​ ២គ្រឿង​ប្រើប្រាស់ទឹកអស់​១០ឡាន​ស្មើនឹង​៤០ម៉ែត្រ​គូប​,រថយន្តពន្លត់​អគ្គិភ័យកងរាជអាវុធហត្ថរាជធានីភ្នំពេញ ​ចំនួន​៥គ្រឿង​ប្រើប្រាស់ទឹកអស់​៣៥ឡាន​ស្មើនឹង​១៦៨​ ម៉ែត្រ​គូប​, រថយន្តពន្លត់​អគ្គិភ័យ ​OCIC ជ្រោយចង្វា​រចំនួន​៦គ្រឿង​​ប្រើប្រាស់ទឹកអស់​៣៦ឡាន​ស្មើនឹង​៤១០ម៉ែត្រ​គូប​, រថយន្ត​ពន្លត់អគ្គិភ័យ​​ OCIC កោះពេជ្រ​ចំនួន​៥គ្រឿង​​ប្រើប្រាស់ទឹកអស់​៣០ឡាន​ស្មើនឹង​១៤៤ ម៉ែត្រ​គូប​,​ រថយន្ត​ពន្លត់អគ្គិភ័យ​ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន​១គ្រឿង​​ប្រើប្រាស់ទឹកអស់​២ឡាន​ស្មើនឹង​ ១២​ ម៉ែត្រ​គូប​, រថយន្តពន្លត់​អគ្គិភ័យ​បុរីប៉េងហួត​១គ្រឿងប្រើប្រាស់ទឹកអស់​២ឡាន​ស្មើនឹង​៨ ម៉ែត្រ​គូប​,​ រថយន្ត​ពន្លត់អគ្គិភ័យ​ ង៧០​ចំនួន​២គ្រឿងប្រើប្រាស់ទឹកអស់​១០ឡាន​ស្មើនឹង​៤០ម៉ែត្រ​គូប​។

​អ្វីដែលសមត្ថកិច្ចជួបការលំបាកខ្លាំងនោះ​ គឺភ្លើងឆេះតាំងពីម៉ោង ១និង២០នាទីរសៀល ថ្ងៃ​សុក្រ​ទី២៣ ខែ​សីហា រហូតដល់ម៉ោង៥ព្រឹក ឈានចូលថ្ងៃទី២៤​ ខែសីហា​ ឆ្នាំ២០១៩ទើបពន្លត់ចប់ជាស្ថាពរ​។ 

​នារសៀលថ្ងៃនេះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៩​ គណ:កម្មការចម្រុះបានសម្រេចវាយកម្ទេចអគារដែលត្រូវភ្លើងឆេះកាលពីម្សិលមិញនៅរសៀលថ្ងៃនេះ ដែលដឹកនាំដោយលោក គន់ គីម ក្នុងនោះមានសមាសភាពជាច្រើនអង្គភាពចូលរួមដូចជា អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ, មន្ត្រីជំនាញមកពីក្រសួងនិងមន្ទីរដែនដី, គណបញ្ជាការឯកភាពរាជធានីភ្នំពេញ, កងវិស្វកម្ម, មន្ត្រីជំនាញនៃការិយាល័យពន្លត់អគ្គិភ័យរាជធានីភ្នំពេញ រួមជាមួយកម្លាំងចម្រុះខណ្ឌ  ប៉ុស្តិ៍ជាច្រើនទៀតដើម្បីចូលរួមសហការរៀបចំទីកន្លែងឱ្យបានមានសុវត្ថិភាពខ្ពស់ មុនពេលចាប់ផ្តើមវាយរលំអគារនេះចោល៕

adverise with khmeread
tiger
Loading ad ...