adverise with khmeread 80de2df5 c723 403f b74a 3f6b0059cb98

អាវុធហត្ថបង្ហាញមុខក្រុមចោរប្លន់ មុនពេលបញ្ជូនទៅតុលាការ

     ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញក្រុមចោរប្លន់ប្រដាប់អាវុធដ៏កក្រើកកន្លងមក មុនពេលបញ្ជុនទៅសាលាដូបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃទី១៤ធ្នូឆ្នាំ​២០១៥នេះ ។
     ការបង្ហាញមុខនេះគឺបន្ទាប់ពីក្រុមចោរនេះ បានប្លន់ម៉ូតូ C125 សេ៊រីឆ្នាំ២០១៥ មួយគ្រឿងយ៉ាងសាហាវ នៅព្រឹកព្រលឹមម៉ោង ៥ និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយបាញ់ត្រូវក្បាល ជនរងគ្រោះស្លាប់ភ្លាមៗ នៅនឹងកន្លែង ហើយយកម៉ូតូគេចខ្លួនបាត់។
   តែក្រោយពេលកើតហេតុ ប្រហែល ២ម៉ោង កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានតាមចាប់ខ្លួនជនល្មើសបាន ២នាក់ និងដកហូតម៉ូតូ របស់ជនរងគ្រោះ ដែលស្លាប់បានមកវិញ។
    បន្តមកទៀតរយៈពេលប្រហែល ៤ម៉ោង សមត្ថកិច្ចអាវុធហត្ថ បានកំណត់មុខសញ្ញា ឈានទៅព័ទ្ធចាប់បក្ខពួកជនល្មើសផ្សេងទៀត នៅចំណុចភ្នំប្រសិទ្ធ ខណ្ឌព្រែកព្នៅ ដែលនៅពេលនោះ ជនល្មើសបានបាញ់មក លើសមត្ថកិច្ចដើម្បីរំដោះខ្លួន បណ្តាលឲ្យមានការផ្ទុះ អាវុធតបតគ្នាទៅវិញទៅមក ធ្វើឲ្យជនល្មើស ២នាក់ស្លាប់នៅនឹងកន្លែង និងឃាត់ខ្លួនបានជនសង្ស័យ ២នាក់ទៀតជាប្រពន្ធរបស់ជនល្មើសដែលស្លាប់។
   ក្រោយប្រតិបត្តិការបង្ក្រាប ក្រុមចោរប្រដាប់អាវុធ ដ៏សាហាវយង់ឃ្នងនេះ អាវុធហត្ថ បានបង្ហាញលទ្ធផលចុងក្រោយឲ្យដឹងថា តាមចម្លើយសារភាព របស់ជនល្មើសឈ្មោះ ប៉ែន ចំណាប់ ហៅអាពីន និងឈ្មោះ សេត ម៉ាត់រូហ្សេត ហៅ សេត ឌៀង បានឲ្យដឹងថា ពួកវាទាំង២នាក់ ព្រមជាមួយមេធំរបស់ពួកវា ២នាក់ទៀតដែលស្លាប់ពេលតដៃជាមួយសមត្ថកិច្ចអាវុធហត្ថ បានប្លន់ម៉ូតូក្នុងរាជធានីភ្នំពេញ ដោយប្រើអាវុធខ្លី មិនតិចជាង ៣០លើកនោះទេ។ តែទីតាំងដែលពួកវាចាំច្បាស់នាពេលថ្មីៗនេះមាន ៩លើក។
    ១-នៅចំណុចមុខធនាគារកាណាឌីយ៉ា ផ្លូវលេខ១១៨ ខណ្ឌដូនពេញ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបាន ១គ្រឿងម៉ាក MSX។
    ២-នៅចំណុចស្តុបអំបាសាឌ័រ មិនចាំពេលវេលា បានភ្ជង់ប្លន់យកម៉ូតូពីជនរងគ្រោះបាន ១គ្រឿង ម៉ាក់ MSX។
    ៣-នៅមុខទីស្តីការគណៈរដ្ឋមន្ត្រីដែរ ម៉ោងប្រហែល ១ និង២០នាទីអាធ្រាត មិនចាំថ្ងៃខែ បានយកកាំភ្លើងខ្លីវាយជនរងគ្រោះ ២នាក់ ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុង ដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥។
    ៤-នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រីដែរ ម៉ោងប្រហែល ១៖២០នាទីរំលងអាធ្រាត្រ មិនចាំថ្ងៃខែ បានយកកំាភ្លើងខ្លីវាយជនរងគ្រោះ ២នាក់ ប្លន់យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៥។
   ៥-នៅស្ពាន ឧកញ៉ា លីយ៉ុងផាត់ ត្រើយខាងលិច ក្នុងខែតុលា ឆ្នាំ២០១៥ បានបាញ់ជនរងគ្រោះបាក់ជើងប្លន់យកម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ សេរីឆ្នាំ២០១៤។
   ៦-នៅចំណុចក្រោយ វិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ វេលាម៉ោង ប្រហែល១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី៨-១១-២០១៥ ពួកវា៧នាក់ បានបាញ់១គ្រាប់ លើជនរងគ្រោះ ប្លន់យកបានម៉ូតូម៉ាក MSX ពណ៌ស ១គ្រឿង។
   ៧-នៅគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ពួកវា៥នាក់ ម៉ូតូ២គ្រឿង បានប្លន់ម៉ូតូ១គ្រឿង ម៉ាកស្កូបពីមិនបានសម្រេច និងបានបាញ់ម្ចាស់ម៉ូតូឲ្យស្លាប់ម្នាក់ របួសម្នាក់។
   ៨-នៅចំណុចខាងក្រោយ អតីអធិការដ្ឋាននគរបាល ខណ្ឌទួលគោក វេលាទៀបភ្លឺថ្ងៃទី៩-១២-២០១៥ ពួកវា ៧នាក់ បានបាញ់សម្លាប់ជនរងគ្រោះ ប្លន់យកបានម៉ូតូ ១ គ្រឿង ម៉ាកហុកដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០០៦។
    ៩និងចុងក្រោយនៅព្រលឹមថ្ងៃទី ១១-១២-២០១៥ ចំណុចខាងលិខរង្វង់មូល កំាកូស៊ីធី ផ្លូវលេខ ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក ពួកវាមានគ្នា ៧នាក់ ម៉ូតូ៣គ្រឿង បានបាញ់សម្លាប់ជនរងគ្រោះ យកបានម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ហើយក៏បានសមត្ថកិច្ចកងរាជអាវុធហត្ថ បង្ក្រាបបានតែម្តង។
    ក្រៅពីនេះ ករណីប្លន់កន្លែងផ្សេងៗទៀត ពួកវាចាំទីកន្លែង និងពេលវេលាមិនបាន តែរាល់លើក មុនពេលពួកវា ចេញធ្វើសកម្មភាពប្លន់ គឺតែងតែនាំគ្នា ជក់គ្រឿង ញៀន រួចទើបចេញប្លន់ ហើយប្រើកំាភ្លើងភ្ជង់ ឬវាយទៅលើម្ចាស់ម៉ូតូ និងបាញ់សម្លាប់ ប្រសិនបើម្ចាស់ម៉ូតូ រឹងរុសមិនព្រមប្រគល់ម៉ូតូឲ្យ។ រឺឯម៉ូតូដែលប្លន់បាន ពួកវាយកទៅលាក់ទុក និងកែកុនហើយ ទើបទាក់ទងរកអ្នកទទួលទិញតាមទូរស័ព្ទ ហើយណាត់ដោះដូរគ្នាតាមផ្លូវ។
   តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ញ៉ែម កន្និដ្ឋា ហៅ អាម៉ី និងឈ្មោះ ពេជ្រ សូណែត ជាប្រពន្ធរបស់ ជនល្មើសដែលស្លាប់ ខណៈតដៃជាមួយសមត្ថកិច្ច បានសារភាពថា៖ កន្លងមកពួកខ្លួន ក៏ធ្លាប់បានចូលរួម ក្នុងសកម្មភាពប្លន់ ជាមួយក្រុមប្តីខ្លួនដែរ ដោយជិះទៅជាមួយគ្នា ដើម្បីបំភ័ន្តភ្នែកជនរងគ្រោះ កុំឲ្យចាប់អារម្មណ៍ នៅពេលប្លន់បានសម្រេច ស្រ្តីទំាង២នាក់ ចំាបិទគូទ តាមមើលពីក្រោយ ក្រែងលោមានសមត្ថកិច្ចដេញតាម និងបន្លំខ្លួនចូលទៅកន្លែងកើតហេតុ ដើម្បីក្តាប់សភាពការណ៍ ព័ត៌មាន ថាតើសមត្ថកិច្ចក្តាប់មុខសញ្ញាបានឬអត់។
   ទន្ទឹមគ្នានោះដែរ កាលពីថ្ងៃទី៩ និងទី១០ ខែធ្នូ ឆ្នាំ២០១៥ សមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនក្រុមចោរប្លន់ ១ក្រុម ផ្សេងទៀតបានចំនួន ២នាក់ មានឈ្មោះ ផាន់ សុធារ៉ា ហៅអាឆែប និងឈ្មោះ ផាន ចាន់ធឿន។ តាមចម្លើយសារភាព របស់ជនល្មើសទាំង ២នាក់នេះ បានឲ្យដឹងថា ក្រុមពួកវាមានគ្នា ១៦នាក់ ធ្លាប់បានធ្វើសកម្មភាពប្លន់ ក្នុងរាជធានីភ្នំពេញជាច្រើន កន្លងមកយ៉ាងសកម្មផងដែរ។
      ក្នុងនោះ ២នាក់ត្រូវបានជាប់គុក ហើយ២នាក់ ឈ្មោះឡុង និងកក្កដា ត្រូវបានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដោយប៉ះជាមួយរថយន្តនារីម្នាក់ កាលពីវេលាម៉ោងប្រហែល ១០យប់ ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិឃ្លាំងសាំង ខណ្ឌឫស្សីកែវ ។
    ចំណែក២នាក់ ដែលបានស្លាប់ ក្នុងព្រឹត្តិការបាញ់តដៃជាមួយសមត្ថកិច្ច អាវុធហត្ថ រាជធានីភ្នំពេញនោះ គឺជាមេក្លោងធំរបស់ពួកវា ដែលធ្លាប់បានជាប់គុក ។ប៉ុន្តែ ចំពោះក្រុម ៤នាក់ (មានស្រី ២នាក់) ដែលអាវុធហត្ថកំពុងឃាត់ខ្លួន ពួកវាមិនស្គាល់គ្នាទេ តែមានមេក្លោង តែមួយដែលបានស្លាប់ ពេលតបតជាមួយអាវុធហត្ថ។ រីឯបក្សពួក ដែលនៅសេសសល់ កំពុងរត់គេចខ្លួន មានឈ្មោះ អាខ្មៅ, អារតនា, អាប៊យ, អាឡានតូច, អារិទ្ធ, អារ៉ាត់,អាពេជ្រ, អាពៅ, អារ៉ាក់ ហៅរ៉ាម, និងអាតួហៅទូ។
   បច្ចុប្បន្នសមត្ថកិច្ច កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងស្រាវជ្រាវតាមចាប់ខ្លួនបន្ត។ ចំពោះលទ្ធផល ដែល បង្ក្រាបបានខាងលើរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏មានការចូលរួមសហការ ពីស្នងការនគរបាលរាជធានី ភ្នំពេញផងដែរ។
     ក្នុងកិច្ចប្រតិបត្តិការបង្ក្រាប ក្រុមចោរប្លន់ ដ៏សាហាវឃោរឃៅ និងសកម្មក្នុងរាជធានី ភ្នំពេញនេះលោកឧត្តមសេនីយ៍ឯក យឹម លាង នាយរងសេនាធិការចំរុះ កងយោធពខេមរៈភូមិន្ទ និង ជានាយករយខុទ្ទកាល័យ សម្តេច វិបុលសេនាភក្តី សាយ ឈុំ បានឧបត្ថម្ភថវិកា លើកទឹកចិត្តដល់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៣ ៧០០ ដុល្លារនិងឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ ខេមរិន្ទប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ក៏បានចូលរួមជួយ ឧបត្ថម្ភលើកទឹកចិត្តនូវថវិការចំនួន ១លានរៀលផងដែរ។
     ជាចុងក្រោយ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ សូមអំពាវនាវ ដល់មហាជន ប្រជាជន គ្រប់មូលដ្ឋានទាំងអស់ ប្រសិនបើបានឃើញ ឬស្គាល់ បក្សពួក មុខសញ្ញាចោរប្លន់ ដែលនៅសេសសល់ ដូចមានក្នុងរូបថត និងឈ្មោះ ដែលបានរៀបរាប់ខាងលើ សូមរាយការណ៍ទៅសមត្ថកិច្ច ដែលនៅជិតបំផុត ឬលេខទូរស័ព្ទ 012 383 383 និង 017 818 171៕

 

adverise with khmeread

មតិយោបល់