ប៉ូលិសហុងកុងចាប់ផ្តើមបាញ់គ្រាប់ពិតជាលើកដំបូងក្នុងរយៈពេល៣ខែបន្ទាប់ពីផ្ទុះការតវ៉ា

ប៉ូលិសហុងកុងម្នាក់បានបាញ់គ្រាប់ពិតមួយគ្រាប់កាលពីថ្ងៃអាទិត្យម្សិលមិញ ដែលជាការបាញ់គ្រាប់ពិតលើកទី១ក្នុងអំឡុងពេលនៃការតវ៉ារយៈពេល ៣ ខែមកនេះ។ នេះយោងតាមការចេញផ្សាយរបស់កាសែត Daily Mail។ 

ការប៉ះទង្គិចគ្នាដោយហិង្សាបានផ្ទុះឡើងរវាងក្រុមអ្នកតវ៉ានិងប៉ូលិសនៅសង្កាត់ Tsuen Wan ស្ថិតនៅចម្ងាយប្រហែល ១០ គីឡូម៉ែត្រពីកណ្តាលក្រុងហុងកុង បន្ទាប់ពីការប្រមូលផ្តុំគ្នានៅក្បែរពហុកីឡដ្ឋានមួយបានទាក់ទាញមនុស្សរាប់ពាន់នាក់ចូលរួម។

មន្ត្រីប៉ូលិសហុងកុងម្នាក់បានប្រាប់អ្នកយកព័ត៌មានថា "យោងតាមអ្វីដែលខ្ញុំបានដឹង ពេលនេះគ្រាប់កាំភ្លើងមួយគ្រាប់ត្រូវបានបាញ់ដោយសហសេវិកម្នាក់។ អ្វីដែលខ្ញុំដឹងជាបឋមគឺថា ប៉ូលិសឯកសណ្ឋានម្នាក់បានបាញ់កាំភ្លើងរបស់គាត់"។

ការប៉ះទង្គិចគ្នារវាងប៉ូលិសនិងក្រុមបាតុកររាប់ម៉ឺននាក់បានកើតឡើងពីរថ្ងៃជាប់គ្នា បន្ទាប់ពីការដង្ហែក្បួនគាំទ្រលទ្ធិប្រជាធិបតេយ្យពីពហុកីឡាដ្ឋានមួយនៅសង្កាត់ Kwai Fong ទៅសង្កាត់ Tsuen Wan ។

ខណៈដែលហ្វូងមនុស្សជាច្រើនបានប្រមូលផ្តុំគ្នានៅសួនច្បារក្បែរនោះ ក្រុមបាតុករមួយក្រុមទៀតបានដើរលើផ្លូវធំមួយ ដោយពង្រាយឈើឫស្សីវែងៗពេញចិញ្ចើមថ្នល់ និងដាក់ប៉ារ៉ាសនិងកោនបាំងផ្លូវ ដើម្បីរារាំងប៉ូលិស។

បន្ទាប់ពីលើកទង់ជាតិព្រមាន ប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីព្យាយាមបំបែកហ្វូងមនុស្ស។ ក្រុមអ្នកតវ៉ាបានឆ្លើយតបវិញដោយគប់ដុំឥដ្ឋនិងដបសាំងដាក់ប៉ូលិស៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...