ពួកវិស្វករអង់គ្លេសវ័យក្មេងកំពុងច្នៃសម្ភារៈសឹកអនាគតសម្រាប់កងទ័ពខ្លួន មានទាំងអាវក្រោះបំបាំងកាយ

ផែនការអនាគតសម្រាប់កងម៉ារីនអង់គ្លេស ដែលនឹងឃើញកងកុម្ម៉ង់ដូដឹកទៅច្បាំងតាម "ស្លាបហោះ" ឥតសំឡេង ខណៈស្លៀកពាក់ឯកសណ្ឋានអាវក្រោះបំបាំងកាយមើលមិនឃើញ ត្រូវបានបង្ហាញដោយកងទ័ពជើងទឹកកាលពីថ្ងៃចន្ទទី២៦សីហា។

ពួកវិស្វករវ័យក្មេងមកពីវេទិកាវិទ្យាសាស្ត្រនិងបច្ចេកវិជ្ជាវិស្វកម្មកងទ័ពជើងទឹកចក្រភពអង់គ្លេសត្រូវបានស្នើសុំឱ្យបង្កើតគំនិតថ្មីៗដើម្បីបង្ហាញគំរូធ្វើសឹកសង្គ្រាមនៅពាក់កណ្តាលសតវត្សរ៍ទី ២១ ដោយកងម៉ារីននៅលើទីតាំងបាញ់មីស៊ីលប្រឌិតមួយរបស់សត្រូវ ដែលស្ថិតនៅលើច្រាំងថ្មចោត។

ពួកនិស្សិតបញ្ចប់ការសិក្សា ដែលតំណាងឱ្យក្រុមហ៊ុនការពារជាតិ បច្ចេកវិជ្ជា និងវិស្វកម្មឈានមុខជាច្រើន បានធ្វើបទបង្ហាញខ្លីអំពីការប្រើបច្ចេកវិជ្ជាដែលមានស្រាប់និងអនាគតសម្រាប់សេណារីយ៉ូបែបស្រមើស្រមៃ។

ពួកអ្នកចេញម៉ូតទាំងនោះបានចំណាយពេលមួយថ្ងៃនៅឯមជ្ឈមណ្ឌលបណ្តុះបណ្តាលកុម្ម៉ង់ដូនៅឯតំបន់ Lympstone ជិតទីក្រុង Exeter ក្នុងខេត្ត Devon ដើម្បីស្វែងយល់ពីអ្វីដែលគេត្រូវការដើម្បីក្លាយជាកងទ័ពម៉ារីន មុនពេលចាប់ផ្តើមគម្រោងចេញម៉ូតសម្ភារៈសឹក។

គំនិតទាំងនោះរួមមានឈុតអាវក្រោះខាងក្រៅដែលគ្របដណ្ដប់ដោយសាច់ក្រណាត់គ្រើមដូចស្បែកបង្គួយ ដែលអនុញ្ញាតឱ្យអ្នកស្លៀកពាក់ឈុតនេះធ្វើសកម្មភាពអស្ចារ្យដែលមនុស្សធម្មតាមិនអាចធ្វើបាន ដូចជាការឡើងច្រាំងថ្មចោតដោយមិនបាច់ប្រឹង ខណៈបន្លំខ្លួនជាមួយគ្នានឹងបរិស្ថានជុំវិញ។

គំនិតលើកឡើងដទៃទៀត រួមមាន "ស្លាបហោះ" ឥតសំឡេងជំនួសឧទ្ធម្ភាគចក្រ ដែលអាចបើកបរក្នុងល្បឿនរាប់រយគីឡូម៉ែត្រក្នុងមួយម៉ោង ក៏ដូចជា កងម៉ារីន Hologram ដែលនឹងត្រូវប្រើដើម្បីបោកភ្នែកសត្រូវ។

កងម៉ារីនក៏នឹងត្រូវបានបំពាក់ជាមួយមួកសុវត្ថិភាព ដែលមានអេក្រង់ផ្តល់នូវដំណឹងស៊ើបការណ៍អំពីសមរភូមិនិងវាស់នូវកម្រិតសុខភាពនិងសម្បទារបស់ទាហានក៏ដូចជាស្បែកជើងកវែង ដែលផលិតថាមពលដល់អេក្រង់ នៅពេលរត់ផងដែរ។

ដ្រូនតូចៗនឹងត្រូវប្រើដើម្បីផ្តល់ព័ត៌មានក្នុងតំបន់ ជាមួយដ្រូនធំជាងនឹងត្រូវដាក់ពង្រាយដើម្បីទម្លាក់គ្រាប់កាំភ្លើងផ្គត់ផ្គង់ដល់ទាហាននិងគ្រឿងផ្គត់ផ្គង់ដទៃទៀត ខណៈបំពាក់ដោយកាំភ្លើងឡាស៊ែរ។

កងកុម្ម៉ង់ដូក៏នឹងត្រូវដាក់ពង្រាយនៅពីក្រោយខ្សែត្រៀមរបស់សត្រូវតាមរយៈកូនយានពិសេសមួយ ដែលបាញ់ចេញពីនាវាចម្បាំងដោយប្រើកាំភ្លើងអេឡិចត្រូម៉ាញេទិក ហើយឧបករណ៍ផ្សេងទៀតរួមមានកន្ទេលដេក ដែលអាចដើរតួទ្វេ គឺបន្ទះសូឡានិងម៉ាស៊ីនព្រីន 3D ចល័ត ដែលអាចផលិតចំណីអាហារនៅក្នុងសមរភូមិ។

រដ្ឋមន្រ្តីក្រសួងការពារជាតិអង់គ្លេស លោក Ben Wallace បាននិយាយថា "វាពិតជាអស្ចារ្យណាស់ដែលបានឃើញទស្សនៈវិស័យត្រួសត្រាយផ្លូវរបស់វិស្វករវ័យក្មេងអង់គ្លេសរុញទៅមុខហួសព្រំដែននៃបច្ចេកវិជ្ជានិងគំនិតធម្មតាៗ។ កងម៉ារីនអង់គ្លេសមានប្រវត្តិយូរលង់មកហើយក្នុងការផ្តល់នូវសមត្ថភាពគ្មានគូប្រៀបនៅគ្រប់សេណារីយ៉ូនិងគ្រប់ឈុតឆាកប្រយុទ្ធ។ ខណៈការគំរាមកំហែងជាសកលនៅតែបន្តវិវឌ្ឍនិងកាន់តែស្មុគស្មាញ វាចាំបាច់ណាស់ដែលយើងត្រូវលើកទឹកចិត្តដល់កងកម្លាំងប្រដាប់អាវុធនិងឧស្សាហកម្មរបស់យើងឱ្យធ្វើការជាមួយគ្នាដើម្បីធានាថាកងកម្លាំងប្រយុទ្ធរបស់យើងពង្រឹងនូវប្រតិបត្តិការរបស់ពួកគេ"៕

adverise with khmeread
tiger
Loading ad ...