រុស្ស៊ីបាញ់សាកល្បងមីស៊ីលឆ្លងទ្វីបអាចហោះបានចម្ងាយខ្ទង់១ម៉ឺនគីឡូម៉ែត្រចំនួន ២ គ្រាប់ចេញពីនាវាមុជទឹក

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា រុស្ស៊ីបានបាញ់មីស៊ីលឆ្លងទ្វីប ២ គ្រាប់ចេញពីនាវាមុជទឹកកាលពីថ្ងៃសៅរ៍ ជាផ្នែកមួយនៃការហ្វឹកហាត់ត្រៀមប្រយុទ្ធ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃចន្ទទី២៦សីហា។

នាវាមុជទឹកមួយបានបាញ់មីស៊ីលចេញពីតំបន់ប៉ូលនៃសមុទ្រអាក់ទិកនិងមួយទៀតបាញ់ពីសមុទ្រ Barents ដែលបែងចែកដែនទឹករវាងន័រវែសនិងរុស្ស៊ី។

មីស៊ីលមួយក្នុងចំណោមមីស៊ីលទាំងពីរ ឈ្មោះថា Bulava គឺមីស៊ីលឥន្ធនៈរឹងថ្មីបំផុតរបស់រុស្ស៊ី ហើយវាត្រូវបានបាញ់ចេញដោយនាវាមុជទឹក Yuri Dolgoruky។

មីស៊ីល Bulava អាចហោះបានចម្ងាយជិត ១០.០០០ គីឡូម៉ែត្រហើយត្រូវបានចាត់ទុកថាជាសមាសធាតុសំខាន់នៃសមត្ថភាពនុយក្លេអ៊ែររបស់រុស្ស៊ី។

មីស៊ីលមួយទៀតឈ្មោះ Sineva ដែលជាមីស៊ីលឆ្លងទ្វីបដើរដោយឥន្ធនៈរាវ ត្រូវបានបាញ់ចេញពីនាវាមុជទឹកឈ្មោះ Tula ។

មីស៊ីល Sineva ត្រូវបានកោតសរសើរថាជាមីស៊ីលទំនើបបំផុតមួយរបស់រុស្ស៊ីនិងបានបង្កើតកំណត់ត្រាហោះបានឆ្ងាយបំផុតក្នុងឆ្នាំ ២០០៨ គឺ ៦.៨៥៣ ម៉ាយល៍ ឬប្រហែល ១១.០២៩ គីឡូម៉ែត្រ។

ក្រសួងបាននិយាយថា មីស៊ីលទាំងពីរបានបាញ់ចំគោលដៅលើដីនៅតំបន់ Arkhangelsk ភាគខាងជើង និង នៅឧបទ្វីប Kamchatka ស្ថិតនៅចុងបូព៌ានៃប្រទេសរុស្ស៊ី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab