សៀមរាប ៖ ប៉ូលិសការិយាល័យកណ្តាលព្រហ្មទណ្ឌសហការជាមួយប៉ូលិសស្រុកពួកនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០១៦បានឃាត់ខ្លួនស្ត្រីម្នាក់លួចបន្តោងខ្សែកក្មេងស្រីម្នាក់នៅផ្សារពួក ហើយពេលយកទៅលក់ម្ចាស់គេស្គាល់ចាប់ខ្លួនតែម្តង។
ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះតាំង សុខឿនហៅឡេងភេទស្រីអាយុ៤៨ឆ្នាំនៅភូមិសំរោង ឃុំដងទង់ ស្រុកមានជ័យ ខេត្តរតនៈគីរី សព្វថៃ្ងជួលស្នាក់ផ្ទះជួលខេត្តសៀមរាប។
មុខរបរមិនពិតប្រាកដបានយកបនោ្តងខ្សែកទៅលក់ឲ្យឈ្មោះពេជ្រ សុភិន ភេទស្រីអាយុ៤៣ឆ្នាំមុខរបរលក់មាសប្តូរប្រាក់ហើយត្រូវបានឈ្មោះពេជ្រ សុភិន ស្គាល់ថាជាបនោ្តងខ្សែករបស់ក្មួយខ្លួនឈ្មោះថាន់ ឌីណា ភេទស្រី ដែលបានបាត់កាលពីថ្ងៃទី១៥មីនាឆ្នាំ២០១៦ម៉ោង៤ល្ងាចនៅកន្លែងលក់មាសផ្សារពួក ហើយពួកគេក៏បាននាំខ្លួនជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ចធ្វើការសាកសួរតែម្តង។
តាមចំលើយរបស់ជនសង្ស័យឈ្មោះតាំង សុខឿន ភេទស្រីបានសារភាពថាខ្លួនពិតជាបានលួចគឿងអលង្ការនៅផ្សារពួកចំនួនពីរលើកពិតមែនគឺថ្ងៃ១៥ខែមីនាឆ្នាំ២០១៦ បានបន្តោងខ្សែក មួយនិងនៅថ្ងៃទី១៦ខែមីនាឆ្នាំ២០១៦ លួចបានចិញ្ចៀនដាំត្បូងមួយវង់។
ករណីនេះប៉ូលិសកំពុងរៀបចំសំណុំរឿងទៅតុលាការខេត្តសៀមរាប៕
