បន្លំចូលកសិដ្ឋានបោចមាន់មួយកន្លែងលួចទ្រព្យសម្បត្តិត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន

ភ្នំពេញ ៖​ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញបានបញ្ជូនជនសង្ស័យម្នាក់ ទៅតុលាការនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ ដើម្បីផ្តន្ទាទោសតាមច្បាប់​ បន្ទាប់ពីជនសង្ស័យរូបនេះធ្វើសកម្មភាពលួចទ្រព្យសម្បត្តិកម្មករបោចមាន់នៅភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

​មន្ត្រីអាវុធហត្ថបានឱ្យដឹងថា​ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៨ និង៤០នាទី មានជនសង្ស័យម្នាក់ ឈ្មោះ ងួន លីចក់ ភេទប្រុស អាយុ ១៨ឆ្នាំ បានបន្លំធ្វើជាកម្មករបោចមាន់ ដើម្បីចូលទៅក្នុងកសិដ្ឋានបោចមាន់មួយកន្លែងនៅ ភូមិឬស្សី៣ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។ 

​បន្ទាប់មករូបគេបានចូលទៅក្នុងបន្ទប់របស់កម្មករដែលស្នាក់នៅធ្វើការនៅកន្លែងនោះ ហើយបានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ២គ្រឿង ម៉ាក iPhone, ម៉ាក Samsung និងសម្ភារៈមួយចំនួនផ្សេងទៀត។ លុះពេលរូបគេចេញពីបន្ទប់កម្មករនៅទីនោះ ស្រាប់តែជួបកម្មករផ្សេងទៀត ឃើញរូបគេជាជនប្លែកមុខ បានសួរនាំហើយរូបគេប្រាប់ថា គេជាកម្មករនៅកសិដ្ឋានខាងលើដែរ ហើយរូបគេបានដើរចេញទៅបាត់។ 

​ដោយកម្មករនៅទីនោះមានការសង្ស័យ បានហៅកម្មករផ្សេងទៀតឱ្យមកចូលបន្ទប់រៀងៗខ្លួនដើម្បីឆែកមើលឥវ៉ាន់របស់ខ្លួនខ្លាចមានការបាត់បង់។ លុះពេលឆែកមើលឥវ៉ាន់រៀងៗខ្លួនហើយទើបដឹងថាជនសង្ស័យខាងលើបានបន្លំខ្លួនចូលលួចសម្ភារៈរបស់ខ្លួន ក៏នាំគ្នាដេញតាមរកជនសង្ស័យខាងលើ និងរាយការណ៍ប្រាប់កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌមានជ័យ បានស្រាវជ្រាវតាមរកឃាត់ខ្លួនបានភ្លាមៗតែម្តង។

​ជនសង្ស័យខាងលើ បានសារភាពថា កន្លងមករូបគេធ្លាប់ធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋជាច្រើនលើកមកហើយ ហើយថែមទាំងធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល០៨ខែកន្លងមក​ ពីបទលួច៕


 

adverise with khmeread
tiger
Loading ad ...