ជំងឺមហារីកសុដន់ដំណាក់កាលចុងក្រោយអាចនឹងកម្ចាត់ចេញបាន ក្នុងការស្រាវជ្រាវ "ដ៏គួរឱ្យភ្ញាក់ផ្អើលមួយ" ដែលនាំក្តីសង្ឃឹមឡើងវិញសម្រាប់ព្យាបាលស្ត្រីកើតមហារីកសុដន់រាប់ពាន់នាក់។ នេះបើតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ១៤ ខែមីនា។
ក្នុងការធ្វើតេស្តលើសត្វកណ្តុរ មហារីករបស់កណ្តុរបានបាត់ទាំងស្រុងសម្រាប់រយៈពេលយ៉ាងតិច ៨ ខែ។ ចំនួននេះគឺស្មើនឹងរយៈពេល ២៤ ឆ្នាំសម្រាប់ស្ត្រី និងអាចចាត់ទុកជាការព្យាបាលជាសះស្បើយរយៈពេលយូរអង្វែង។
ផ្ទុយមកវិញ ការព្យាបាលបច្ចុប្បន្នអាចពន្យារជីវិតបានត្រឹមតែ ៦ ខែប៉ុណ្ណោះ។
ក្រុមអ្នកស្រាវជ្រាវអាមេរិកបាននិយាយថា បើទោះបីជាវាអាចជោគជ័យចំពោះមនុស្សតែមួយផ្នែកក៏ដោយ តែវាអាចជួយកែប្រែវិធីព្យាបាលជំងឺមហារីក។
លោកវេជ្ជបណ្ឌិត Mauro Ferrari ប្រធានវិទ្យាស្ថាន Houston Methodist Research Institute បាននិយាយថា "ខ្ញុំមិនហ៊ានសន្យាឱ្យហួសប្រមាណចំពោះអ្នកជំងឺរាប់ពាន់នាក់ ដែលកំពុងស្វែងរកការព្យាបាលនោះទេ ប៉ុន្តែទិន្នន័យស្រាវជ្រាវនេះគឺពិតជាគួរឱ្យភ្ញាក់ផ្អើល"។
ទោះយ៉ាងណា ក្រុមអ្នកជំនាញអង់គ្លេសបានក្រើនរំលឹកថា អ្វីដែលមានប្រសិទ្ធភាពក្នុងមន្ទីរពិសោធន៍មិនមែនចេះតែមានប្រសិទ្ធភាពចំពោះអ្នកជំងឺពិតៗនោះទេ និងបាននិយាយថា ការស្រាវជ្រាវបន្ថែមទៀតចាំបាច់ត្រូវតែធ្វើឡើង។
ការផ្តោតសំខាន់របស់លោកវេជ្ជបណ្ឌិត Ferrari គឺទៅលើជំងឺមហារីករាលដាល ឬមហារីកដែលរាលដាលពីសុដន់ទៅផ្នែកផ្សេងនៃរាងកាយ ដូចជា សួត ថ្លើម ឬឆ្អឹង។
ខណៈដុំសាច់មហារីកដំបូង ដែលលេចចេញលើសុដន់ស្ត្រីកម្រសម្លាប់អ្នកជំងឺ តែនៅពេលជំងឺចាប់ផ្តើមស៊ីផ្នែកផ្សេងទៀតនៃរាងកាយ វានឹងមិនអាចព្យាបាលបានឡើយ។
ថ្នាំបច្ចុប្បន្នមានការលំបាកចូលទៅដល់ដុំសាច់មហារីក ដែលលាក់ខ្លួនជ្រៅនៅក្នុងសួត ឬថ្លើម ហើយនៅពេលថ្នាំទៅដល់ទីនោះ វានឹងប្រឈមនឹងការរុញច្រានចេញវិញដោយកោសិកា ដែលស៊ាំនឹងការព្យាបាល។
លោកវេជ្ជបណ្ឌិត Ferrari បានរកឃើញវិធីដ៏ប៉ិនប្រសព្វក្នុងការចូលទៅកន្លែងការពារនោះ ហេតុដូច្នេះហើយគេពិតជាអាចមានលទ្ធភាពព្យាបាលជំងឺមហារីករាលដាលនោះបាន។
លោកបានយកថ្នាំព្យាបាលមហារីកនិយមប្រើបំផុតហៅថា Doxorubicin និងខ្ចប់វានៅក្នុងបន្ទះមីក្រូទស្សន៍ដែលផលិតពីស៊ីលីកូន។
ស៊ីលីកូនដែលខ្ចប់ថ្នាំនោះបានលាក់ខ្លួនពីជំងឺមហារីក ហើយអាចលបចូលទៅដល់កោសិការបស់មហារីក។ នៅពេលចូលទៅដល់កោសិកាមហារីក ស៊ីលីកូននោះបានរលាយ ហើយបញ្ចេញថ្នាំនោះ ដោយរត់យ៉ាងសកម្មនៅក្នុងកោសិកាមហារីក ហើយកោសិកាមហារីកក៏ត្រូវបានសម្លាប់។
ក្នុងការធ្វើតេស្តលើសត្វកណ្តុរដែលកើតមហារីកដំណាក់កាលចុងក្រោយ រាល់កណ្តុរដែលទទួលការព្យាបាលតាមរបៀបទូទៅបច្ចុប្បន្នបានងាប់ទាំងអស់។
ផ្ទុយមកវិញ កណ្តុរចំនួនពាក់កណ្តាលដែលទទួលការព្យាបាលតាមរបៀបថ្មីនៅតែពុំមានដុំសាច់មហារីកក្នុងខ្លួនវា បន្ទាប់ពីព្យាបាលរយៈពេល ៨ ខែ ពោលគឺស្មើនឹង ២៤ ឆ្នាំសម្រាប់ស្ត្រី៕
