ស្រ្តីស៊ីមបាវ៉េម្នាក់ដែលតស៊ូសិក្សាខ្លួនឯងពីសៀវភៅបងប្រុសរបស់ខ្លួន ឥលូវអាមេរិកធ្វើរូបចម្លាក់កិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅកណ្តាលក្រុងញូវយ៉ក សម្រាប់ការតស៊ូដ៏អស្ចារ្យរបស់លោកស្រីដើម្បីស្ត្រីនិងកុមារ

បញ្ញវន្តកើតនៅស៊ីមបាវ៉េមួយរូប ដែលបានបង្រៀនខ្លួនដោយការអានសៀវភៅរបស់បងប្រុសរបស់នាង និយាយថា នាងពិតជាភ្ញាក់ផ្អើលដោយដឹងថា រូបចម្លាក់ទំហំប៉ុនមនុស្សពិតរបស់លោកស្រី នឹងត្រូវដាក់តាំងបង្ហាញនៅលើទឹកដីសហរដ្ឋអាមេរិក។

លោកស្រី Tererai Trent បានប្រាប់ទៅកម្មវិធី BBC Focus on Africa ថា "ខ្ញុំគ្រាន់តែជាមនុស្សធម្មតាៗទេ។វាគឺពិតជាមិនគួរឱ្យជឿនោះទេ។ តើអ្នកអាចជឿទេ ខ្ញុំកំពុងឈរយ៉ាងខ្ពស់ដូចនេះនៅក្នុងទីក្រុងញូយ៉ក? យើងដឹងថា មានតែរូបសំណាក ៣ភាគរយតែប៉ុណ្ណោះក្នុងទីក្រុងមួយនេះគឺជាស្រ្តី។ ជីទួតរបស់ខ្ញុំ ជីដូនរបស់ខ្ញុំ ម្តាយខ្ញុំ ហា! ពួកគេនឹងមិនដែលស្រមៃដល់រឿងដូច្នេះទេ"។

ពិធីការិនីដ៏មានឥទ្ធិពលលោកស្រី Oprah Winfrey តារាសម្តែង Nicole Kidman ម្ចាស់មេដាយអូឡាំពិក Gabby Douglas និងអ្នកនិពន្ធសៀវភៅ Cheryl Strayed គឺស្ថិតនៅក្នុងចំណោមរូបចម្លាក់សម្រិតអមតៈដ៏លេចធ្លោរួមជាមួយនឹងលោកស្រី Trent នៅខាងក្រៅមជ្ឈមណ្ឌល Rockefeller នៅទីក្រុងញូវយ៉ក។ ពួកគេត្រូវបានជ្រើសរើសជាផ្នែកមួយនៃគម្រោងរូបចម្លាក់សមភាពយេនឌ័រ ហៅថា Statues For Equality ដោយជាងចម្លាក់ប្តីប្រពន្ធអូស្រ្តាលីដ៏ល្បីល្បាញ ឈ្មោះ Gillie Schattner និង Marc Schattner ។ ប្តីប្រពន្ធទាំងពីររូបនេះនិយាយថា ការដំឡើងរូបចម្លាក់បំផុសគំនិតរបស់បុគ្គលល្បីៗភេទស្រីនេះ គឺជាការប៉ុនប៉ងមួយដើម្បីធ្វើឱ្យមានតុល្យភាពយេនឌ័រនៅក្នុងសិល្បៈសាធារណៈ។

ប៉ុន្តែគោលគំនិតរបស់លោកស្រី Trent គឺផ្តោតទៅលើភាពរីកចម្រើនជាសមូហភាពជាជាងភាពជោគជ័យជាលក្ខណៈបុគ្គល។ គាត់បាននិយាយថា "មានរឿងជាច្រើនដែលមានឥទ្ធិពលទៅលើការបដិសេធនៃការអប់រំសម្រាប់នារីវ័យដូចជាខ្ញុំ ភាពក្រីក្រស្ថិតនៅក្នុងចំណោមនោះ ហើយប្រព័ន្ធអាណានិគម មិនដែលឱ្យតម្លៃលើការអប់រំទេ"។

ដោយកើតនៅក្នុងតំបន់ដាច់ស្រយាលរដ្ឋ Rhodesia បច្ចុប្បន្នត្រូវបានស្គាល់ជាទឹកដីរបស់ស៊ីមបាវេ លោកស្រីបានកត់សម្គាល់ឃើញមានការបែងចែកសំខាន់មួយតាំងពីដំបូង។ លោកស្រី Trent បានប្រាប់ទៅ BBC ថា "នៅក្នុងភូមិទាំងមូល មានតែបុរសប៉ុណ្ណោះដែលអាចចេះអាន និងរាប់លេខ ហើយស្រ្តីមួយភាគធំគឺមិនអាចទេ។ ហើយស្រ្តីទាំងនេះគឺនៅតែជាមនុស្សដ៏អស្ចារ្យ"។ ជាពិសេសជីដូនរបស់លោកស្រីគឺជាឆ្មបដែលមានទេពកោសល្យ។ "ខ្ញុំតែងតែនិយាយថា ប្រសិនបើគាត់មានការអប់រំត្រឹមត្រូវ ប្រហែលជាគាត់នឹងក្លាយទៅជាពេទ្យជំនាញរោគស្ត្រីដ៏អស្ចារ្យបំផុតនៅសហគមន៍របស់ខ្ញុំ ប្រសិនបើមិនអស្ចារ្យលើលោក"។

ពេលដែលម៉ោងមកដល់សម្រាប់ក្មេងៗទៅសាលា វាគឺសម្រាប់បងប្រុសលោកស្រី Trent មិនមែនសម្រាប់លោកស្រីនោះទេ។ លោកស្រីនិយាយថា "វាជាយុទ្ធសាស្រ្តក្នុងការអប់រំតែក្មេងប្រុស។ ឪពុកម្តាយរបស់ខ្ញុំបានសម្លឹងមើលទៅលើយេនឌ័រទាំងពីរនេះ អ្នកណាទំនងជានឹងអាចទទួលបានការងារក្នុងរោងចក្រ និងរ៉ែ ហើយនាំលុយចូលផ្ទះ"។ ប៉ុន្តែពេលឃើញសៀវភៅសិក្សារបស់បងប្រុស បានធ្វើឱ្យលោកស្រីមានអារម្មណ៍រំភើប។ លោកស្រីបន្តថា "ខ្ញុំមានទឹកចិត្តស្ទុះស្ទា។ ខ្ញុំពិតជាចង់ចេះអានខ្លាំងបំផុត ដោយឃើញរូបភាព និងពាក្យទាំងនោះ"។

នៅពេលដែលលោកស្រីមានបងប្រុសដើម្បីបង្រៀនអក្ខរក្រមដល់ខ្លួន គាត់បានបន្តរៀនដោយខ្លួនឯង ហើយវាបានបើកពិភពលោកទាំងមូលឱ្យលោកស្រីមើលឃើញ។ លោកស្រី Trent បាននិយាយថា "យើងមិនដែលមានសៀវភៅផ្អែកលើបទពិសោធន៍ Rhodesian ឬស៊ីមបាវេទេ ពួកវាទាំងអស់មានប្រភពពីភាសាអង់គ្លេស ឬកន្លែងដទៃទៀត។ ហើយខ្ញុំចង់ទៅកាន់កន្លែងទាំងនោះ! ប៉ុន្តែ ខ្ញុំបានទៅទីនោះតាមរយៈសៀវភៅ ដែលខ្ញុំកំពុងអាន"។

បទពិសោធន៍ដំបូងទាំងនោះមានន័យថាលោកស្រីបានប្តេជ្ញាចិត្តផ្តល់វាត្រឡប់ទៅវិញទៅកាន់ស្ត្រីនិងក្មេងស្រីនៅក្នុងសហគមន៍ដែលមានជីវិតកម្សត់ដូចជាលោកស្រី។ លោកស្រីនិយាយថា "យើងមានកាតព្វកិច្ចខាងសីលធម៌ ដែលពួកយើងអាចសម្រេចក្តីសុបិនរបស់យើង ដើម្បីជួយអ្នកដទៃឱ្យឈរលើស្មារបស់យើង និងផ្តល់ឱកាសទាំងនោះ"។

លោកស្រី Trent បានបន្តសិក្សាទទួលបានសញ្ញាបត្របណ្ឌិតនៅសហរដ្ឋអាមេរិក
កន្លែងដែលលោកស្រីឥឡូវនេះកំពុងធ្វើជាសាស្ត្រាចារ្យបង្រៀនផ្នែកសុខភាពនៅសាកវិទ្យាល័យ Drexel University និងបង្កើតអង្គការឈ្មោះ Tererai Trent International ដើម្បីផ្តល់ការអប់រំដែលមានគុណភាពនៅតាមសហគមន៍ដាច់ស្រយាលក្នុងប្រទេសស៊ីមបាវ៉េ៕ 

adverise with khmeread
tiger
Loading ad ...