កូនប្រុសបណ្តូលចិត្តតែម្នាក់គត់ជួបគ្រោះចរាចរណ៍សន្លប់បាត់ស្មារតី ៣១ ឆ្នាំ ឪពុកម្តាយជាអ្នកមើលថែរហូតមក ឥឡូវគាត់អាយុ ៥៤ ឆ្នាំ ហើយគ្មាននរណានឹកស្មានថាមានរឿងដល់ថ្នាក់នេះទេ

ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅអ៊ីតាលីម្នាក់បានស្លាប់ បន្ទាប់ពីសន្លប់អត់ដឹងខ្លួនអស់រយៈពេល ៣១ ឆ្នាំ ដោយមានឪពុកម្តាយជាអ្នកមើលថែរហូតមក។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារទី២៧សីហា។

បុរសឈ្មោះ Ignazio Okamoto មកពីទីក្រុង Collebeato ខេត្ត Brescia ក្នុងប្រទេសអ៊ីតាលី បានជួបគ្រោះថ្នាក់រថយន្តនៅថ្ងៃទី ១៩ ខែមីនាឆ្នាំ ១៩៨៨ ហើយបានហូរឈាមក្នុងខួរក្បាលនៅអាយុ ២២ ឆ្នាំ។

មិត្តភក្តិរបស់គាត់បានស្លាប់នៅក្នុងគ្រោះថ្នាក់នេះ ប៉ុន្តែមនុស្សពីរនាក់ផ្សេងទៀតបានរួចជីវិតពីឧបទ្ទវហេតុនៅលើផ្លូវហាយវេ Verona។

លោក Ignazio បានចំណាយពេល ២ ឆ្នាំនៅក្នុងគ្លីនិកមួយ ប៉ុន្តែឪពុកម្តាយរបស់គាត់បានសម្រេចចិត្តនាំគាត់ទៅផ្ទះ ដើម្បីព្យាយាមធ្វើឱ្យគាត់ដឹងខ្លួនឡើងវិញ។ ប៉ុន្តែឥឡូវនេះគាត់បានទទួលមរណភាពទៅហើយ ក្នុងអាយុ ៥៤ ឆ្នាំ បន្ទាប់ពីគាំងបេះដូង។

ម្តាយរបស់ Ignazio អ្នកស្រី Marina បានប្រាប់កាសែតអ៊ីតាលី La Stampa ថា "អស់រយៈពេល ៣១ ឆ្នាំមកនេះ យើងរស់នៅដាច់ពីពិភពលោក។ វេជ្ជបណ្ឌិតបានប្រាប់យើងថា គាត់នឹងមិនភ្ញាក់ទេ តែយើងបានមើលថែគាត់ជារៀងរាល់ថ្ងៃ ដោយសង្ឃឹមថា ថ្ងៃណាមួយប្រហែលជាដឹងខ្លួនវិញ"។

ឪពុករបស់គាត់ឈ្មោះ Hector អាយុ ៧៧ ឆ្នាំជាពលរដ្ឋម៉ិកស៊ិកដើមកំណើតជប៉ុន បានបន្ថែមថា "ឥឡូវនេះជីវិតបានផ្លាស់ប្តូរហើយ។ ខ្ញុំភ្ញាក់ព្រឹកនេះនៅម៉ោង ៥ ហើយខ្ញុំមិនដឹងថាត្រូវធ្វើអ្វីនោះទេ។ ខ្ញុំបានទៅស្រោចទឹកផ្កាក្នុងសួន។ កាលពីយប់មិញ ខ្ញុំបានដេកនៅក្នុងបន្ទប់របស់ Ignazio ទោះបីជាគាត់បានចាកចេញទៅហើយក៏ដោយ គឺចង់នៅក្បែរគាត់"។

លោក Okamoto បាននិយាយថា គាត់បានទៅលេងនៅម៉ិកស៊ិកមួយសប្តាហ៍ ហើយត្រឡប់មកវិញក៏ឃើញកូនប្រុសមានសភាពស្លេកស្លាំង ស្ទើរតែមើលទៅក្លាយជាពណ៌បៃតង។

គាត់បាននិយាយថា "ខ្ញុំជឿថា គាត់ប្រហែលជាស្មានថា ពួកយើងបោះបង់គាត់ចោលហើយមើលទៅ"។

គាត់និយាយថា គាត់ឈប់ធ្វើការនៅឆ្នាំ ១៩៩០ ដើម្បីមើលថែរក្សាកូនប្រុស ដោយភរិយាជាអ្នកចេញទៅធ្វើការដើម្បីផ្គត់ផ្គង់គ្រួសារ។

លោក Okomoto បាននិយាយថា គាត់មិនដែលគិតថា Ignazio ជាមនុស្សដែលស្លាប់ហើយនោះទេ។

លោកបន្តថា «ពេលខ្លះគាត់មានទឹកភ្នែកហូរ ប៉ុន្តែខ្ញុំមិនដឹងថាគាត់ដឹងខ្លួនឬអត់ទេ។ ខ្ញុំបាននិយាយទៅគាត់ថា ''Ignazio អើយកុំយំអី កូនត្រូវតែក្លាហានឡើង''។

លោកបានបន្ថែមទៀតថា "ដកអុកស៊ីសែនចេញពីគាត់? គំនិតនេះមិនដែលមានក្នុងចិត្តខ្ញុំទេ...មនុស្សគ្រប់រូបមានសិទ្ធិសម្រេចចិត្តថាតើពួកគេចង់ធ្វើអ្វី (sic)"៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16