ទោះបីលោកអ្នកយល់ពីរបៀបប្រើស្រោមអនាម័យកម្រិតណាក៏ដោយ ក៏ការប្រើប្រាស់ស្រោមបានត្រឹមត្រូវអាចមានប្រសិទ្ធភាព ៩៨% ប៉ុណ្ណោះក្នុងការទប់ស្កាត់ការមានកូន ឬ ជំងឺកាមរោគ។ ហើយបើយោងតាមមជ្ឈមណ្ឌលទប់ស្កាត់និងគ្រប់គ្រងជំងឺរបស់អាមេរិកបានឱ្យដឹងថា មនុស្សនៅតែអាចមានការភ្លាត់ស្នៀត ១៨% ក្នុងការប្រើប្រាស់ស្រោមអនាម័យឱ្យបានត្រឹមត្រូវ។ ដូច្នេះដើម្បីលុបបំបាត់កំហុសចំនួន ១៨% នេះ សូមមើលពីកំហុសចំនួន ១០ ដូចខាងក្រោមដើម្បីជាទុនបង្ការទុកជាមុន៖
១. រង់ចាំបាញ់ទឹកកាមចេញក្រៅយូរពេក៖ ពេលជិតដល់ចំណុចកំពូលសូមកុំទ្រាំឱ្យសោះ ព្រោះមេជីវិតអាចនឹងហៀរចេញមកក្រៅស្រោមអនាម័យ ទោះមិនទាន់បាញ់ទឹកកាមក៏ដោយ។ ដូច្នេះពេលហៀបនឹងមានអារម្មណ៍បាញ់ទឹកកាមហើយនោះ សូមបាញ់វាចេញភ្លាម កុំទ្រាំ។ ករណីលោកអ្នកពុំព្រមដកលិង្គចេញហើយសុខចិត្តទ្រាំបន្តយុទ្ធនាការ នោះឱកាសដែលមេជីវិតជ្រាបចេញក្រៅគឺមានខ្ពស់ណាស់ ជាហេតុអាចបង្កឱ្យមានកូន ឬកើតកាមរោគ។ ២. ភ្លេចឆែកមើលការខូចខាតរបស់ស្រោមអនាម័យ៖ ស្ត្រី ៨៣% និងបុរស ៧៥% ពុំបានពិនិត្យមើលការខូចខាតរបស់ស្រោមអនាម័យនោះទេ។ លោកអ្នកត្រូវពិនិត្យឱ្យល្អិតល្អន់ថាតើវាមានស្លេកខុសពីលក្ខណៈដើម ស្អិតជាប់គ្នាពេក ឬ មានលក្ខណៈផុយដែរឬក៏អត់។ ជាពិសេសកុំភ្លេចកាលបរិច្ឆេទផុតកំណត់របស់វា។
៣. ពាក់ស្រោមបញ្ច្រាស ឬច្បូតមិនឱ្យដល់គល់លិង្គ៖ ទោះបីបានរៀនពីរបៀបពាក់ស្រោមត្រឹមត្រូវយ៉ាងណា ក៏នៅតែមានករណីពាក់ស្រោមបញ្ច្រាស់ ឬច្បូតវាមិនឱ្យដល់គល់លិង្គ។ បើកាលណាស្បែកលិង្គគ្របដណ្តប់មិនជិតទាំងស្រុង លោកអ្នកនឹងប្រឈមការឆ្លងកាមរោគខ្ពស់ណាស់។ ៤. ពាក់ស្រោមពីរតង់៖ ការពាក់ស្រោមពីរតង់ពុំមានសុវត្ថិភាព ២០០% នោះទេ ផ្ទុយមកវិញ វានឹងបង្កឱកាសធ្វើឱ្យស្រោមរបូតចេញពេលកំពុងរួមភេទ ប្រសិនបើលោកអ្នកបន្ថែមទឹករំអិលច្រើនលើស្រោម។
៥. ឆាប់ដកស្រោមចេញពីលិង្គពេក៖ ការដកស្រោមចេញមុនការរួមភេទបានបញ្ចប់អាចធ្វើឱ្យលោកអ្នកប្រឈមហានិភ័យកើតជំងឺកាមរោគ និងមានកូន។ តែបើដកស្រោមចេញមុន ត្រូវដកលិង្គចេញពីយោនីទាំងស្រុងហើយបញ្ចេញទឹកកាមនៅខាងក្រៅនៅកន្លែងដែលមានសុវត្ថិភាព។ ៦. ទិញស្រោមខុសទំហំលិង្គ៖ ស្រោមតឹងពេក ឬរលុងពេក នឹងបង្កហានិភ័យបែកស្រោម ឬហៀរមេជីវិតចេញពីស្រោម ដែលអាចបង្កឱ្យកើតកាមរោគ និងមានកូន។
៧. ច្រឡំដោះស្រោមចេញដើម្បីធ្វើអូរ៉ាល់សិច (សិចតាមមាត់) ៖ អូរ៉ាល់សិចមិនអាចធ្វើឱ្យមានកូននោះទេ ប៉ុន្តែវាអាចធ្វើឱ្យឆ្លងកាមរោគបាន ទោះបីទឹកមាត់មានអង់ស៊ីមខ្ពស់ក៏ដោយ។ ដូច្នេះប្រសិនបើចង់ធ្វើអូរ៉ាល់សិចគឺត្រូវធ្វើទាំងពាក់ស្រោមការពារ។ ៨. ប្រើទឹករំអិលខុស៖មិនមែនទឹករំអិលទាំងអស់សុទ្ធតែជួយបង្កើនភាពរអិលដល់ស្រោមនោះទេ បើប្រើខុសប្រភេទទឹករំអិល វាអាចនឹងធ្វើឱ្យបែកស្រោមបាន។ ដូច្នេះត្រូវសួរម្ចាស់ឱសថស្ថានឱ្យបានច្បាស់អំពីប្រភេទទឹករំអិលសម្រាប់ស្រោមដែលលោកអ្នកទិញ។
៩. ទុកដាក់ស្រោមមិនបានត្រឹមត្រូវ៖ ការរក្សាទុកស្រោមក្នុងកាបូបលុយអាចបង្កឱ្យស្រោមកកិតខូចគុណភាព ប្រសិនបើលោកអ្នកដាក់កាបូបលុយនៅខាងក្រោយហើយអង្គុយសង្កត់ពីលើវាពេញៗមួយថ្ងៃ។ ជំនួសមកវិញ ត្រូវទុកដាក់វានៅកន្លែងដែលមិនមានអ្វីសង្កត់ពីលើវា។១០. សុំមិនប្រើស្រោមមួយពេលព្រោះយល់ថាមានសុវត្ថិភាពហើយ៖ រាល់ពេលដែលស្បែកប៉ះស្បែកគឺត្រូវតែប្រើស្រោមជានិច្ច មិនថាដៃគូមើលទៅមានសុខភាពល្អយ៉ាងណានោះឡើយ៕
