ចិនប្រាប់ប៉ូលិសនៅក្បែរហុងកុងឱ្យត្រៀមខ្លួនបង្ក្រាបលើ "សកម្មភាពហិង្សានិងភេរវកម្ម" នៅមុនខួបលើកទី៧០នៃការបង្កើតចិនកុម្មុយនីស្ត

ចិនបានប្រាប់កងកម្លាំងប៉ូលិសរបស់ខ្លួននៅជិតទីក្រុងហុងកុងឱ្យត្រៀមខ្លួនបង្ក្រាប "សកម្មភាពវិទ្ធង្សនា ហិង្សា និងភេរវកម្ម" នៅមុនថ្ងៃគម្រប់ខួបលើកទី ៧០ នៃការបង្កើតចិនកុម្មុយនីស្ត។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃទី២៨សីហា។

បទបញ្ជានេះត្រូវបានចេញដោយប្រមុខក្រសួងសន្តិសុខសាធារណៈចិនដល់ក្រុមមន្រ្តីនៅខេត្តក្វាងទុងភាគខាងត្បូង បន្ទាប់ពីភាពចលាចលប្រឆាំងនឹងរដ្ឋាភិបាលនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយនេះបានកើនឡើងដល់កម្រិតថ្មីមួយកាលពីចុងសប្តាហ៍។

ចិនប៉េកាំងបានកេណ្ឌរថយន្ដយោធារាប់រយគ្រឿងនិងមន្ដ្រីអាវុធហត្ថរាប់ពាន់នាក់ទៅកាន់ក្រុង Shenzhen ដែលនៅជាប់នឹងទីក្រុងហុងកុង ហើយបានធ្វើសមយុទ្ធប្រឆាំងកុបកម្មទ្រង់ទ្រាយធំយ៉ាងហោចណាស់ពីរលើកដើម្បីព្រមានដល់ពួកសកម្មជន។

ទីក្រុងហុងកុងពាក់កណ្តាលស្វយ័តត្រូវបានឡោមព័ទ្ធដោយកំហឹងនិងជួនកាលការបង្ហូរឈាមប្រឆាំងនឹងរដ្ឋាភិបាលអស់រយៈពេលជាង ២ ខែមកហើយ។

ការប្រមូលផ្តុំគ្នាតវ៉ាដំបូងបង្អស់ត្រូវបានបង្កឡើងដោយច្បាប់បត្យាប័នដែលនឹងអនុញ្ញាតឱ្យជនសង្ស័យក្នុងបទល្មើសព្រហ្មទណ្ឌមួយចំនួនត្រូវបញ្ជូនទៅកាន់ចិនដីគោកដើម្បីធ្វើការជំនុំជម្រះ ដែលឥឡូវច្បាប់នេះត្រូវបានផ្អាកទៅហើយ។

ចាប់តាំងពីពេលនោះមកការប្រឆាំងនឹងច្បាប់នេះបានក្លាយជាចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យកាន់តែធំឡើង ដែលដាក់ការប្រឈមដ៏សំខាន់បំផុតចំពោះទីក្រុងប៉េកាំង ចាប់តាំងពីអតីតអាណានិគមអង់គ្លេសបានប្រគល់ហុងកុងឱ្យចិនគ្រប់គ្រងវិញកាលពី ២២ ឆ្នាំមុន៕

 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab