ញាក់សាច់! បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត៥នាក់លួចរ៉ូត ឬឆ្កឹះសោវ៉ាលីលួចទ្រព្យសម្បត្តិភ្ញៀវនៅព្រលានយន្តហោះខេត្តសៀមរាប

សៀមរាប ៖ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ខេត្តសៀមរាបបានបង្ហាញមុខជនសង្ស័យ៥នាក់ជាបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត នៅថ្ងៃទី២៨សីហា ឆ្នាំ២០១៩ពីម៉ោង៦ល្ងាច​ពាក់ព័ន្ធនឹងករណីលួចរ៉ូតឬឆ្កឹះសោវ៉ាលីជាក្រុមលួចទ្រព្យសម្បត្តិភ្ញៀវ នៅចំណុចក្នុងប្រអប់យន្តហោះកន្លែងដាក់សម្ភារៈព្រលានយន្តហោះសៀមរាប ភូមិគោកដូង សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាបកាលពីថ្ងៃទី ២៥ និងទី ២៦ ខែសីហា ឆ្នាំ២០១៩វេលាម៉ោង៣និង២០នាទីរសៀលកន្លងទៅ​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ ទី១-ឈ្មោះ សុខ សុខន ភេទប្រុស អាយុ ៤០ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ទីលំនៅភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប,ទី២-ឈ្មោះ សុវណ្ណ វីរៈ ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ទីលំនៅ ភូមិរកា សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប,ទី៣-ឈ្មោះ រុណ រ៉ា ភេទ ប្រុស អាយុ ៣៧ឆ្នាំ ទីលំនៅភូមិគោកត្នោត ឃុំគោកចក ក្រុងសៀមរាប ខេត្តសៀមរាប,ទី៤-ឈ្មោះ ឌុល សុវណ្ណ ភេទ ប្រុស អាយុ ៣១ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ទីលំនៅ ភូមិបន្ទាយចាស់ សង្កាត់ គោកចក ក្រុងសៀមរាប ខេត្តសៀមរាបនិងទី៥-ឈ្មោះ រិទ្ធ សារៃ ភេទ ប្រុស អាយុ ២៩ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុនខេមបូឌាអ៊ែរផត ទីលំនៅ ភូមិគោកដូង សង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប។

ប៉ូលិសបន្តថា​ កម្លាំងប៉ូលិសបានស្រាវជ្រាវលើកាមេរ៉ាសុវត្ថិភាពរបស់ព្រលានយន្តហោះខេត្តសៀមរាប បានរកឃើញនិងថតយកបាននូវសកម្មភាពកាលពីថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង៣និង១០នាទីរសៀល មានឈ្មោះសុខ សាខន, ឈ្មោះរិទ្ធ សារៃ ,ឈ្មោះឌុល សុវណ្ណ ធ្វើសកម្មភាពលួចរ៉ូតកាបូបវ៉ាលីយកទ្រព្យសម្បត្តិរបស់ភ្ញៀវ និងនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៣និង២០នាទី ឃើញឈ្មោះ រុណ រ៉ា និងឈ្មោះ សុវណ្ណ វីរៈ និងបក្ខពួកម្នាក់ទៀតពុំស្គាល់ឈ្មោះកំពុងធ្វើសកម្មភាពលួចដូចគ្នា។ទើបនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១រសៀល ខាងក្រុមហ៊ុនខេមបូឌាអ៊ែរផត បាននាំខ្លួនអ្នកទាំងប្រាំខាងលើយកមកប្រគល់ឱ្យសមត្ថកិច្ចធ្វើការសួរនាំ។

យោងតាមចម្លើយសារភាពរបស់អ្នកទាំង៥នាក់ថាពិតជាបានធ្វើសកម្មភាពពិតមែន។ក្នុងនោះ១-ឈ្មោះសុវណ្ណ វីរៈ ធ្វើសកម្មភាពបានចំនួន១០០លើក,២-ឈ្មោះ រុណ រ៉ា ធ្វើសកម្មភាពចំនួន៤០លើក,៣-ឈ្មោះ រិទ្ធ សារៃ ធ្វើសកម្មភាពបានចំនួន១០០លើក,៤-ឈ្មោះ សុខ សុខន ចូលរួមធ្វើសកម្មភាព បានចំណែក,៥-ឈ្មោះឌុល សុវណ្ណ ចូលរួមធ្វើសកម្មភាព បានចំណែក។

ជនសង្ស័យទាំង៥នាក់ខាងលើបានសារភាពបញ្ជាក់បន្ថែមថា នៅសល់បក្ខពួកចំនួន០៤នាក់ទៀតដែលបានចូលរួមប្រព្រឹត្តអំពើខាងលើនេះ​ រួមមាន១-ឈ្មោះជឹម ភក្តី ភេទប្រុស,២-ឈ្មោះអេង ផៃ ភេទប្រុស,៣-ឈ្មោះហ៊ន ហត្ថា ភេទប្រុសនិង៤.ពុំស្គាល់ទាន់ឈ្មោះ។ 

សមត្ថកិច្ចបានដកហូតវត្ថុតាងសំខាន់ក្នុងការធ្វើសកម្មភាពរួមមាន  ប៊ិចមានចុងស្រួចរឹងសម្រាប់ប្រើប្រាស់ចាក់ឆ្កឹះកូនសោឬ រ៉ូតកាបូបវ៉ាលីយកលុយនិងទ្រព្យសម្បត្តិ ចំនួន៤ដង។បច្ចុប្បន្នកម្លាំងប៉ូលិសបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត និងកំពុងបន្តស្រាវជ្រាវរកមុខសញ្ញាដែលនៅសល់៕

adverise with khmeread
tiger
Loading ad ...