ក្រុមអ្នកជំនាញបានអះអាងថា របៀបធ្វើតេស្តថ្មីដែលបង្កើតឡើងដើម្បីស្វែងរកជំងឺជាច្រើន រួមទាំង ហ៊ីវ និង ជំងឺមហារីក អាចមានប្រសិទ្ធភាពជាងឧបករណ៍ធ្វើរោគវិនិច្ឆ័យបច្ចុប្បន្នដល់ទៅ ១០.០០០ ដង។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃទី ១៤ មីនា។
ការរកឃើញជំងឺភាគច្រើនឱ្យបានជាមុននឹងជួយបង្កើនឱកាសក្នុងការព្យាបាលដ៏ជោគជ័យ។
ខណៈពេលដែលផ្នែកមួយនៃការធ្វើរោគវិនិច្ឆ័យឃើញជំងឺនៅដំណាក់កាលដំបូងគឺរឿងសំណាង មិនថាអ្នកជំងឺឆ្លុះឃើញជំងឺទាន់ពេលឬក៏អត់ទេ ក៏ប៉ុន្តែផ្នែកដ៏សំខាន់មួយទៀតគឺថា ការធ្វើតេស្តនានាក្នុងពេលបច្ចុប្បន្ននៅមានកម្រិតរបស់វានៅឡើយទេក្នុងការចាប់យកបម្រែបម្រួលភាគល្អិតតូចៗ ដែលជំងឺបន្សល់ទុកក្នុងសរសៃឈាម។
ឥឡូវក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Stanford University បានអភិវឌ្ឍបច្ចេកទេសថ្មី ដែលពួកគេសង្ឃឹមថានឹងមានប្រសិទ្ធភាពជាងបច្ចេកទេសបច្ចុប្បន្នដែលប្រើក្នុងមន្ទីរពិសោធន៍ដល់ទៅ ១០.០០០ ដង។
ពួកអ្នកវិទ្យាសាស្ត្របាននិយាយថា ដំណើរការថ្មីនេះឥឡូវកំពុងត្រូវបានធ្វើតេស្តក្នុងការសាកល្បងព្យាបាលជាក់ស្តែង។
នៅពេលជំងឺមួយ មិនថាជាមហារីកឬហ៊ីវនោះទេ បានចាប់ផ្តើមលូតលាស់ក្នុងរាងកាយហើយនោះ ប្រព័ន្ធភាពស៊ាំនឹងឆ្លើយតបដោយការផលិតអង្គបដិបក្ខ។
ការចាប់យកអង្គបដិបក្ខទាំងនេះចេញពីឈាមគឺជាវិធីមួយ ដែលអ្នកវិទ្យាសាស្ត្រអាចរកឃើញវត្តមានរបស់ជំងឺ៕
