បុរសម្នាក់រៀបការជាមួយនារីដ៏ស្រស់ស្អាតម្នាក់ តែក្រោយមកនាងកើតជំងឺស្បែកបណ្តាលឱ្យធ្លាក់សម្រស់ រួចប្តីក៏ជួបគ្រោះថ្នាក់ចរាចរទៀត រឿងរ៉ាវបន្ទាប់ស្ទើរមិនគួរឱ្យជឿ

រឿងនិទានខ្លី ៖ បុរសម្នាក់បានរៀបការជាមួយនារីដ៏ស្រស់ស្អាត ហើយគាត់ស្រឡាញ់នាងខ្លាំងណាស់។ នៅគ្រាមួយ នាងបានកើតជំងឺស្បែក ហើយមិនយូរប៉ុន្មាននាងចាប់ផ្តើមធ្លាក់សម្រស់បន្តិចម្តងៗ។ 

គាប់ជួននៅថ្ងៃមួយប្តីរបស់នាងបានធ្វើដំណើរទៅបំពេញការងារនៅទីឆ្ងាយ។ នៅពេលត្រឡប់មកផ្ទះវិញ គាត់បានជួបគ្រោះថ្នាក់ចរាចរណ៍។ នៅក្នុងគ្រោះថ្នាក់នោះ គាត់បានរបួសភ្នែក ហើយក៏មើលអ្វីមិនឃើញ។ 

ទោះយ៉ាងណា ជីវិតអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរនៅតែបន្តដូចសព្វមួយដង។ ប៉ុន្តែពីមួយថ្ងៃទៅមួយថ្ងៃ សម្រស់របស់នាងកាន់តែបាត់បង់បន្តិចម្តងៗ។ 

ប្តីពិការភ្នែកមិនបានដឹងរឿងនេះទេ ហើយក៏គ្មានអ្វីប្រែប្រួលក្នុងជីវិតអាពាហ៍ពិពាហ៍ដ៏រីករាយរបស់ពួកគេនោះដែរ។ គាត់នៅតែបន្តស្រឡាញ់នាង ហើយនាងក៏ស្រឡាញ់គាត់ខ្លាំងដែរ។ 

ថ្ងៃមួយប្រពន្ធគាត់បានរអិលធ្លាក់ពីលើជណ្តើរបោកក្បាលទៅនឹងឥដ្ឋ បណ្តាលឱ្យស្លាប់ភ្លាមៗ។ មរណភាពប្រពន្ធបានធ្វើឱ្យគាត់កើតទុក្ខសៅហ្មងជាពន់ពេក។ 

គាត់បានរៀបចំបុណ្យសពប្រពន្ធចប់សព្វគ្រប់ រួចចង់ចាកចេញពីទីក្រុងរបស់គាត់។ បុរសម្នាក់ដើរពីក្រោយគាត់ បានស្រែកហៅគាត់ រួចសួរគាត់ថា "តើចាប់ពីថ្ងៃនេះតទៅ លោកធ្វើយ៉ាងម៉េចអាចរស់នៅតែម្នាក់ឯងទាំងពិការភ្នែក? ព្រោះរាល់ថ្ងៃប្រពន្ធរបស់លោកជាអ្នកមើលថែលោក"។ 
គាត់បានតបវិញថា "ខ្ញុំអត់ពិការភ្នែកទេ។ ខ្ញុំគ្រាន់តែធ្វើពុធជាពិការភ្នែកប៉ុណ្ណោះ ពីព្រោះប្រសិនបើនាងដឹងថាខ្ញុំមើលឃើញមុខអាក្រក់របស់នាង វានឹងធ្វើឱ្យនាងឈឺចាប់ជាងជំងឺរបស់នាងទៀត។ ដូច្នេះខ្ញុំសុខចិត្តធ្វើជាពិការភ្នែកល្អជាង។ ចំពោះខ្ញុំ នាងជាឧត្តមភរិយា។ ខ្ញុំគ្រាន់តែចង់ឱ្យនាងរស់នៅដោយក្តីរីករាយ"។

*** ជួនកាលវាជារឿងល្អ ដែលយើងធ្វើជាមើលមិនឃើញចំណុចខ្វះខាតខ្លះរបស់គេ ដើម្បីឱ្យរីករាយទាំងអស់គ្នា។ ធ្វើកុំខ្វល់អំពីចំណុចមិនល្អតូចមួយរបស់គេ ជួយឱ្យជីវិតអ្នកកាន់តែប្រពៃ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...