ការពិតរកឃើញហើយ, ប្រពន្ធជាអ្នករៀបចំឱ្យសាហាយបាញ់សម្លាប់ប្ដីខ្លួនឯងសោះ

ភ្នំពេញ ៖ ក្រោយពីកើតមានករណីឃាតកម្មបាញ់សម្លាប់បុរសម្នាក់ដែលជាគ្រូបង្រៀន កាលពីអធ្រាត្រថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ នៅភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខត្រូវបានសមត្ថកិច្ចបើកការស្រាវជ្រាវតាមចាប់ខ្លួនជនសង្ស័យបានម្នាក់នៅល្ងាចថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ គឺជាប្រពន្ធរបស់សាកសព ដែលបានរៀបចំឱ្យប្រុសសាហាយបាញ់សម្លាប់ប្តីសោះ។

សមត្ថកិច្ចនិយាយថា​ ជនសង្ស័យឈ្មោះ ឃឿន ស៊ីហ៊ន ហៅស៊ីហ៊ន ភេទស្រី អាយុ២៦ឆ្នាំ ស្នាក់នៅភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ សាហាយដែលជាជនដៃដល់ឈ្មោះ មករា ( ជាអតីតមិត្តប្រុសមុនរៀបការជាមួយប្ដី ) មិនទាន់ចាប់ខ្លួនបាននៅឡើយ។ 

ប្រភពប្រាប់ឱ្យដឹងថា ឆ្លងតាមការស៊ើបអង្កេតនិងសាកសួរ ស្រ្តីជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា នាងមិនពេញចិត្តប្ដីរបស់នាងឡើយ ហើយកន្លងមកប្តី «សព» របស់នាង ក៏ធ្លាប់មានទំនាស់ពាក្យសម្ដីគ្នាជាមួយឈ្មោះ មករា អតីតមិត្តប្រុសនោះដែរ។ ទើបនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ នាងបានទូរស័ព្ទណាត់ជួបគ្នាជាមួយសាហាយរៀបចំផែនការបាញ់សម្លាប់ប្តីរបស់ខ្លួនតែម្តង។ 

ស្ត្រីជាជនសង្ស័យបន្តទៀតថា លុះដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ ខណៈដែលជនរងគ្រោះជាប្តីបាន ទៅបុណ្យនៅឯស្រុកកំណើតខាងលើ នាងក៏បានទូរស័ព្ទឱ្យសាហាយត្រៀមធ្វើសកម្មភាព ព្រោះនាងបានទូរស័ព្ទបង្ខំឱ្យប្តីប្រញាប់មកផ្ទះភូតថាមានការសំខាន់។ ឯប្តីប្រាប់ថា ម៉ោង១១ យប់ទៅដល់ហើយ។ 

ពេលនោះនាងបានទូរស័ព្ទទៅប្រាប់ឱ្យជនដៃដល់ជាសាហាយចាំផ្លូវជាមុន។ លុះពេលជនរងគ្រោះមកដល់ ក៏ធ្វើសកម្មភាពបាញ់សម្លាប់តែម្តង។ ភ្លាមៗនោះជនដៃដល់បានជិះម៉ូតូគេចខ្លួន ដោយបានទូរស័ព្ទប្រាប់នាងថា បាញ់សម្លាប់បានសម្រេចហើយ។ រួចនាងបានរត់សំដៅ​ មករកកន្លែងកើតហេតុធ្វើជាស្រែកទ្រហោយំ ស្ដាយស្រណោះដើម្បីបំភ័ន្តដាន។ 

សូមបញ្ជាក់ថា ជនរងគ្រោះឈ្មោះ រឿន រតនា អាយុ៣៤ឆ្នាំ ជាគ្រូបង្រៀនអនុវិទ្យាល័យទួលប្រាសាទសែនសុខ ត្រូវបានជនដៃដល់បាញ់ចំនួនបីគ្រាប់ ស្លាប់ចោលកូនតូចៗ២នាក់ និងប្រពន្ធដែលជាអ្នកផ្ដើមគំនិត​សោះ៕​

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab