ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់ដោយគ្រោះថ្នាក់ចរាចរណ៍នៅខេត្តព្រះសីហនុ

​ព្រះសីហនុ​ ៖​ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង២លើកនៅខេត្តព្រះសីហនុ​ ដែលផ្តើមឡើងមកពីយានយន្តបើកធ្លាក់ជង្ហុកសម្បុកមាន់​ បង្កជាគ្រោះថ្នាក់ធំបណ្តាលឱ្យស្លាប់បុរសម្នាក់​ និងរបួសម្នាក់​ ហើយយានយន្តធំៗប៉ើងខ្ទាតច្រង៉ាងពេញផ្លូវតែម្តង​។ 

​ករណីទី១-មានករណីគ្រោះថ្នាក់ចរាចរណ៍បុកប៉ះគ្នារវាងរថយន្ត៣គ្រឿងបានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨៧-១៨៨នៅភូមិទួលទទឹង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ វេលាម៉ោងជិត៦ព្រឹកបណ្តាលឱ្យរបួសធ្ងន់ម្នាក់​។ 

​សមត្ថកិច្ចបញ្ជាក់ថា​ ដើមហេតុបង្កឡើងដោយរថយន្តធំ១គ្រឿងម៉ាក HYUNDAI ពាក់ផ្លាកលេខភ្នំពេញ 3B-8737 ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បើកបរដោយឈ្មោះ ជា កេះសន្នី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរបើកបររថយន្ត មានទីលំនៅភូមិស្រះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង។ 

​ពេលមកដល់ចំណុចខាងលើបានធ្លាក់ជង្ហុកសម្បុកមាន់​ ហើយរេចង្កូតមកខាងឆ្វេងដៃចូលទៅបុករថយន្តធំ១គ្រឿង HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កណ្តាល 3A-1113 ទិសដៅដៅផ្ទុយគ្នា (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) ហើយរថយន្ត HYUNDAI ផ្លាកលេខ កណ្តាល 3A-1113 មិនទាន់អស់ល្បឿន បានរេចង្កូតមកខាងឆ្វេងដៃ ចូលទៅបុករថយន្តតូច ០១គ្រឿងទៀតម៉ាក STAREX ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-6331 ដែលមានទិសដៅផ្ទុយគ្នា បើកបរដោយឈ្មោះ HOU LIENGMENG ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិចិន។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ  បណ្ដាលឱ្យឈ្មោះ ជា កេះសន្នី អ្នកបើកបររថយន្ត HYUNDAI 3B-8737របួសធ្ងន់។ ក្រោយកើតហេតុ ជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅគ្លីនិកឯកជនក្បែរនោះ។ ឯវត្ថុតាងរថយន្តទាំង ០៣គ្រឿង  យកមករក្សាទុកជាបណ្តោះអាសន្ននៅអធិការដ្ឋានស្រុកព្រៃនប់។ ដោយឡែកអ្នកបើកបររថយន្ត HYUNDAI កណ្តាល 3A-1113 បានរត់គេចខ្លួនបាត់ក្រោយពេលកើតហេតុ។ 

​ករណីទី២-មានករណីបុរសម្នាក់បើកម៉ូតូចូលជង្ហុកបណ្តាលឱ្យដួលស្លាប់ខ្លួនឯង​ បង្កការភ្ញាក់ផ្អើល​ នៅម៉ោងជិត៩ព្រឹកថ្ងៃទី៣០ សីហា ២០១៩នេះ នៅចំណុចភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ​។ 

​សមត្ថកិច្ចបានបញ្ជាក់ជាបឋមថា​ បុរសម្នាក់ឈ្មោះរីន មានទីលំនៅភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ ខេត្តព្រះសីហនុ​ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ដោយជិះម៉ូតូដួលខ្លួនឯងនៅតាមផ្លូវចេញពីផែកែវផុសភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab