ស្វែងយល់មុខរបរនិងការងារចំនួន១០ប្រភេទ​សម្រាប់ជនបរទេសដែលកម្ពុជាហាមឃាត់

ភ្នំពេញ​ ៖​ ថ្មីៗនេះ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈបានចេញប្រកាសហាមឃាត់បុគ្គលស្វ័យនិយោជន៍ជាជនបរទេសមិនឱ្យប្រកបមុខរបរ និងការងារចំនួន ១០ប្រភេទ។ 

​នេះបើ​យោងតាម​ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចេញ​កាលពី​ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០១៩ ​ដែល​បាន​ចុះហត្ថលេខា​ដោយ​លោក​អ៊ិត​សំហេង​រដ្ឋមន្ត្រីក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​។ 

​ការចេញប្រកាសនេះគឺផ្តើមចេញពីស្ថានភាពជាក់ស្តែងនៃសង្គមសេដ្ឋកិច្ចកម្ពុជា ច្បាប់ការងារកម្ពុជា លិខិតបទដ្ឋានអន្តរជាតិ និងគំនិតយោបល់ពីគណៈកម្មការប្រឹក្សាការងារ ដែលមានតំណាងកម្មករនិយោជិត និងនិយោជកផងដែរ។ 

​កម្ពុជាអាចនឹងពង្រីក ឬបង្រួមវិសាលភាពនៃប្រភេទមុខរបរ និងការងារនេះ ក្នុងករណីមានការប្រែប្រួលស្ថានភាពសង្គមសេដ្ឋកិច្ចណាមួយបន្ថែមទៀត។ ក្នុងនោះអាចរួមទាំងចំណង់ចំណូលចិត្តរបស់ប្រជាពលរដ្ឋខ្មែរក្នុងការប្រកបមុខរបរ ឬធ្វើការងារណាមួយ ឬពាក់ព័ន្ធនឹងសណ្តាប់ធ្នាប់សាធារណៈផងដែរ។

​ចំណុចគន្លឺះនៅក្នុងប្រកាសនេះគឺ ពាក្យ “បុគ្គលស្វ័យនិយោជន៍” ដែលពាក្យនេះគឺខុសពី “កម្មករ ឬជានិយោជិតនៃរោងចក្រ សហគ្រាស គ្រឹះស្ថានហាង  ឬការដ្ឋានណាមួយ”។ “បុគ្គលស្វ័យនិយោជន៍ជាជនបរទេស” តាមន័យសាមញ្ញគឺសំដៅដល់ “បុគ្គលជាជនបរទេសណាម្នាក់ ដែលមកបើកមុខរបរ ឬធ្វើការងារដោយខ្លួនឯងនៅកម្ពុជា ដោយមិនបម្រើឱ្យថៅកែណាមួយ ឬម្ចាស់សហគ្រាស គ្រឹះស្ថានណាមួយ។ ពោលគឺបុគ្គលដែលជាថៅកែខ្លួនឯងផង និងជាបុគ្គលិកខ្លួនឯងផង”។

​មុខរ​បរ​និង​ការងារ​ចំនួន​១០​ប្រភេទដែលត្រូវស្វែងយល់រួមមាន​ ៖
១-អ្នកបើកបរ​យានជំនិះ​គ្រប់​ប្រភេទ ជា​លក្ខណៈ​អាជីវកម្ម​ជាអាទិ៍ អ្នកបើក​ទោចក្រយានយន្ត អ្នកបើក​ត្រីចក្រយានយន្ត អ្នកបើក​ទោចក្រយានយន្ត​សណ្តោង​រ៉ឺម៉ក អ្នកបើក​ម៉ូតូ​កង់​បួន អ្នកបើករថយន្ត​ដឹក​អ្នកដំណើរ និង​ដឹកទំនិញ​។​
​២- អ្នកលក់ដូរ​ដោយ​មធ្យោបាយ​ថ្មើរជើង ឬ​យានជំនិះ​គ្រប់​ប្រភេទ នៅ​ទីសាធារណៈ​។​
៣-​អ្នក​ម៉ាស្សា ចាប់​សរសៃ​តាម​ទីសាធារណៈ​។​
៤.​អ្នក​កាត់សក់ អ៊ុតសក់ និង​ថែរក្សា​សម្ផស្ស​។
​៥.​អ្នកផ្តល់​សេវាកម្ម​ដេរ និង​សម្អាត​ស្បែកជើង​។​
៦. អ្នក​កាត់ដេរ​។​
៧.​អ្នក​ប៉ះ​កង់ ជាង​ជួសជុល​យានយន្ត​។
​៨. អ្នក​ផលិត​វត្ថុ​អនុស្សាវរីយ៍​ខ្មែរ​។ 
៩- អ្នក​ផលិត​ឧបករណ៍​ភ្លេងខ្មែរ បាត្រ​លោក ព្រះពុទ្ធ​រូប​។ 
​១០. ជាងទង ជាង​ច្នៃត្បូង​ពេជ្រ​។​

​ក្នុង​សេចក្តីប្រកាស​ដដែល​នេះ​បាន​បញ្ជាក់ថា​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នឹងមិន​ផ្តល់​ឬ​មិន​បន្ត​សុខ​ពល​ភាព​ប័ណ្ណ​ឬ​សៀវភៅ​ការងារ​ដល់​ជនបរទេស​ដែល​កំពុង​ប្រកបមុខរបរ​និង​ការងារ​ដូចមានកំណត់​ក្នុង​ប្រការ​២ (​ប្រការ​ខាងលើ​) ​នៃ​ប្រកាស​នេះឡើយ​។​

​ជន​ណា​ដែល​ប្រព្រឹត្តិ​ផ្ទុយ​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ​និង​បទ​ប្បញ្ញត្តិ​នៃ​ប្រកាស​នេះ​ត្រូវការ​ផាកពិន័យ​ជា​ប្រាក់​និង​ផ្តន្ទាទោស​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab