អភិបាលរដ្ឋជាច្រើននាក់អង្វរប្រធានាធិបតីប្រេស៊ីលទទួលយកជំនួយដើម្បីពន្លត់ភ្លើងឆេះព្រៃអាម៉ាហ្សូន រួចទុកជម្លោះផ្ទាល់ខ្លួននៅដាច់ដោយឡែកសិនទៅ

ប្រធានាធិបតីប្រទេសប្រេស៊ីលលោក Jair Bolsonaro បានប្រកាសថា ប្រទេសនៅអាមេរិកខាងត្បូងនឹងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការសម្របសម្រួលមួយ ដើម្បីឆ្លើយតបទៅកាន់ការបំផ្លិចបំផ្លាញដោយអគ្គិភ័យទៅលើព្រៃអាម៉ាហ្សូននៅសប្តាហ៍ក្រោយនេះ។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃទី២៨សីហា។

វាកើតឡើង បន្ទាប់ពីគាត់បានបដិសេធសំណើផ្តល់ជំនួយ ២២ លានដុល្លារពីក្រុមប្រទេស G7 ក្រោយជម្លោះដ៏ក្តៅគគុកទៅវិញទៅមកមួយជាមួយនឹងប្រធានាធិបតីបារាំងលោក Emmanuel Macron។

អភិបាលតំបន់ ដែលរងផលប៉ះពាល់អាក្រក់បំផុតទាំងប្រាំបួន បានជំរុញឱ្យគាត់ពិចារណាឡើងវិញ។ បច្ចុប្បន្ននេះលោក Bolsonaro បានទទួលយកការផ្តល់ជំនួយជាយន្តហោះចំនួន ៤គ្រឿងរបស់ប្រទេសឈីលី ដើម្បីទប់ទល់ជាមួយនឹងអគ្គិភ័យ ដែលឆាបឆេះអាក្រក់បំផុតមិនធ្លាប់មាននៅប្រេស៊ីលចាប់តាំងពីឆ្នាំ២០១០។

លោកបានបង្ហើបឱ្យដឹងថា ប្រទេសទាំងអស់នៅក្នុងតំបន់អាម៉ាហ្សូនក្រៅពីប្រទេសវ៉េណេស៊ុយអេឡា នឹងជួបគ្នានៅថ្ងៃទី៦ ខែកញ្ញា ដើម្បីពិភាក្សាបន្ថែមទៀតអំពីគោលនយោបាយរួមមួយ។

ទោះយ៉ាងណាក៏ក្តី ដោយនិយាយបញ្ជាក់បន្ថែមបន្ទាប់ពីជួបជាមួយសមភាគីឈីលីរបស់គាត់គឺលោក Sebastian Pinera លោក Bolsonaro បាននិយាយថា គាត់មិនទាន់បានត្រៀមខ្លួននៅឡើយទេក្នុងការទទួលយកការផ្តល់ជំនួយពី G7។

គាត់បាននិយាយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា "រដ្ឋាភិបាលបារាំងបានហៅខ្ញុំថាជាជនបោកប្រាស់។ លុះត្រាតែពួកគេលេបសម្តីដែលពួកគេបាននិយាយពីខ្ញុំ... និងប្រជាជនប្រេស៊ីល ដែលមិនសុខចិត្តទទួលយកការដាក់នឹមអាណានិគមលើដែនដីរបស់ព្រៃអាម៉ាហ្សូន ...ពេលនោះ ទើបយើងអាចនិយាយគ្នាបានម្តងទៀត"៕

 

adverise with khmeread
tiger
Loading ad ...