ជំនួយការផ្ទាល់របស់លោកត្រាំត្រូវបណ្តេញពីការងារ ព្រោះរពឹសមាត់និយាយរឿងគ្រួសារលោកត្រាំប្រាប់អ្នកកាសែតអស់រលីង

ជំនួយការផ្ទាល់របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានបង្ខំឱ្យលាឈប់ពីតំណែងនៅសេតវិមាន បន្ទាប់ពីបែកធ្លាយព័ត៌មានឯកជនអំពីគ្រួសាររបស់គាត់។​ នេះយោងតាម BBC សរសេរកាលពីថ្ងៃសុក្រម្សិលមិញ។

នាង Madeleine Westerhout វ័យ ២៩ឆ្នាំ ត្រូវបានណ្តេញចេញពីការងារកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីប្រធានាធិបតីអាមេរិកបានដឹងថា នាងបាននិយាយទៅកាន់អ្នកសារព័ត៌មាននៅពេលញ៉ាំអាហារពេលល្ងាចនៅសណ្ឋាគារមួយក្នុងខែនេះ។

នាងបានផឹកស្រា និងអួតអំពីជីវិតការងារផ្ទាល់ជាមួយនឹងលោកត្រាំ អំឡុងថ្ងៃសម្រាកលំហែកាយរបស់គាត់នៅក្នុងរដ្ឋ New Jersey។ នេះបើយោងតាមវេបសាយ CBS News។

នាង Westerhout បានធ្វើការជាមួយនឹងលោក ត្រាំ ចាប់តាំងពីថ្ងៃគាត់កាន់តំណែងជាប្រធានាធិបតីនៅថ្ងៃដំបូងមកម៉្លេះ។ សេតវិមាន បានបដិសេធបញ្ចេញមតិទៅលើការចាកចេញរបស់នាង។

យោងតាមកាសែត New York Times ដែលចេញផ្សាយពីការបណ្តេញនាងចេញមុនគេ បានដកស្រង់ប្រភពពីសេតវិមាន ដោយនិយាយថា បច្ចុប្បន្ននេះនាងត្រូវបានគេចាត់ទុកជា "បុគ្គលិកដាច់ដោយឡែក" ហើយនឹងត្រូវរារាំងមិនឱ្យវិលត្រឡប់ទៅសេតវិមានវិញទេ។

ដោយត្រូវបានបរិយាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយអាមេរិកជាអ្នកយាមទ្វាររបស់លោក ត្រាំ នាងមានការិយាល័យផ្ទាល់នៅមុខការិយាល័យពងក្រពើនៅអគារ West Wing។

សម្តីរបស់នាងបានបែកធ្លាយក្នុងពេលញ៉ាំអាហារជជែកគ្នាលេងជាមួយអ្នកកាសែតនៅឯសណ្ឋាគារមួយកន្លែងក្នុងទីក្រុង Berkeley Heights រដ្ឋ New Jersey អំឡុងថ្ងៃសម្រាករបស់លោក ត្រាំ នៅឯក្លឹបកម្សាន្តរបស់គាត់ក្នុងតំបន់ Bedminster រដ្ឋ New Jersey កាលពីដើមខែសីហានេះ។

ប្រភពផ្ទៃក្នុងបានប្រាប់ទៅទូរទស្សន៍ CBS News ថា នាងកំពុងផឹកស្រា និងលាតត្រដាងព័ត៌មានលម្អិតអស់រលីងអំពីក្រុមគ្រួសាររបស់ប្រធានាធិបតី។ តាមដឹងនាងក៏បានខ្សឹបខ្សៀវអំពីស្ថានីយទូរទស្សន៍នានាសុំសិទ្ធិផ្សាយពីលោកត្រាំផងដែរ។

គេមិនទាន់ច្បាស់ទេថាតើលោកត្រាំបានដឹងពីការសន្ទនានេះយ៉ាងដូចម្តេចនោះទេ។ 

មន្ត្រីសេតវិមានជាច្រើននាក់សង្ស័យជាយូរមកហើយថានាង Westerhout មានភាពមិនស្មោះត្រង់ចំពោះលោក ត្រាំ ខណៈដែលអតីតមន្រ្តីមួយរូបបានប្រាប់ទៅទូរទស្សន៍ CBS ថា "នាងជាឈ្លបយកការណ៍មួយរូបតាំងពីថ្ងៃដំបូង ដែលព្យាយាមប្រើឱកាសនៅកៀកលោកប្រធានាធិបតីដើម្បីហុចផលប្រយោជន៍ដល់ក្រុមអ្នករិះគន់"។

យោងតាមសៀវភៅពីរក្បាលនិយាយអំពីតំណែងនៅសេតវិមានរបស់ត្រាំ នាង Westerhout មានការខកចិត្ត និងត្រូវគេមើលឃើញយំនៅយប់ប្រកាសឆ្នោត នៅពេលលទ្ធផលបង្ហាញឱ្យឃើញច្បាស់ថាលោកត្រាំឈ្នះ។ ថ្វីបើនាងមានការស្រងាកចិត្តចំពោះជ័យជម្នះរបស់ត្រាំ នាងនៅតែអាចចាប់យកតំណែង ដែលទទួលបានប្រាក់ខែ ១៤៥.០០០ដុល្លារ ជាអ្នកយាមទ្វាររបស់គាត់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab