ឃាត់ក្មេងស្ទាវ៤នាក់វ៉ៃដណ្តើមស្រីគ្នានៅតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល​ ស្រុកទឹកផុស

កំពង់ឆ្នាំង​ ៖​ កម្លាំងអាវុធហត្ថនិងកម្លាំងប៉ូលិសស្រុកទឹកផុស​ កាលពីថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ ចាប់ខ្លួនបុរស៤នាក់ជាបន្តបន្ទាប់ ក្នុងចំណោមក្រុមក្មេងស្ទាវដេញវ៉ៃគ្នាផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល បន្ទាប់ពីក្រុមក្មេងស្ទាវ២ក្រុមវ៉ៃគ្នារឿងដណ្តើមស្រី ផ្អើលភ្ញៀវទេសចរណ៍ដែលទៅលេង នៅតំបន់រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោងជាង៤រសៀល ថ្ងៃទី២៥ សីហា ២០១៩ កន្លងទៅ​​។ 

សមត្ថកិច្ចនិយាយថា​ នៅព្រឹកថ្ងៃទី៣០​ ខែសីហា​ ឆ្នាំ២០១៩ កម្លាំងអាវុធហត្ថស្រុកទឹកផុស បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ វី នៅភូមិក្រោយវត្ត ឃុំខ្លុងពពក ស្រុកទឹកផុស​។ នៅវេលាម៉ោង២ និង៣០នាទីរសៀល កម្លាំងប៉ូលីសស្រុកទឹកផុស បានឃាត់ខ្លួនមុខសញ្ញាម្នាក់ទៀតឈ្មោះ យិន សុផាតយុទ្ធ ភេទប្រុស នៅភូមិក្រោយវត្ត  ឃុំខ្លុងពពក ស្រុកទឹកផុស។ 

លុះនៅវេលាម៉ោង៤ និង៣០នាទីល្ងាច កម្លាំងប៉ូលិសបានបន្តឃាត់ខ្លួនមុខសញ្ញាជនសង្ស័យបានចំនួន២នាក់បន្ថែមទៀត ១-ឈ្មោះ សាំង  សាន់ (ហៅខុន) ភេទប្រុស និង២-ឈ្មោះ ទិន ហុងតាយ​ ភេទប្រុស​។ ទាំង២នាក់នេះនៅភូមិក្រោយវត្ត ​ឃុំខ្លុងពពក ស្រុកទឹកផុស ​ខេត្តកំពង់ឆ្នាំង​។

គួររម្លឹកថា​ ​កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ មានក្មេងស្ទាវពីរក្រុមបានវ៉ៃគ្នាផ្អើលតំបន់ទឹកធ្លាក់ថ្មក្រាល ស្ថិតនៅក្នុងភូមិកោះខ្ទុំ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង​។ ករណីវ៉ៃតប់គ្នានេះត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ដោយក្រុមទាំង២នេះស្រឡាញ់ស្រីតែមួយ​។ អំពើហិង្សាដែលបង្កឡើងដោយក្រុមក្មេងស្ទាវនៅតំបន់ទឹកធ្លាក់នេះ មិនមែនជាលើកទី១នោះទេ​។ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ២០១៩កន្លងទៅ​ ក៏មានហេតុការណ៍ក្រុមក្មេងស្ទាវដេញវ៉ៃគ្នានៅតំបន់ទឹកធ្លាក់ថ្មក្រាលនេះ ដោយមានទាំង Video បង្ហោះផ្អើលបណ្តាញសង្គមផងដែរ។ គ្រានោះ ប៉ូលិសស្រុកទឹកផុស ក៏បានឃាត់ខ្លួនក្រុមបង្ក តែការឃាត់ខ្លួននោះមិន បានប៉ុន្មានផងក៏បានដោះលែងទៅវិញ។

ចំពោះហេតុការណ៍នេះ​ ប្រជាពលរដ្ឋដែលទៅលេងកម្សាន្តតំបន់នោះ បានរិះគន់និងស្នើឱ្យ អាជ្ញាធរយកចិត្តទុកដាក់ចំពោះសន្តិសុខសណ្តាប់ ព្រោះតំបន់ទឹកធ្លាក់ថ្មក្រាល ជាតំបន់ទេសចរណ៍ធម្មជាតិ កំពុងតែមានការទាក់ទាញភ្ញៀវទេសចរណ៍របស់ខេត្តកំពង់ឆ្នាំងនាពេលបច្ចុប្បន្ន​៕


 

adverise with khmeread
tiger
Loading ad ...