លួចកំណាត់ខ្សែភ្លើងការដ្ឋានសំណង់បុរីប៉េងហួតត្រូវបានសន្តិសុខឃាត់ខ្លួនម្នាក់

​ភ្នំពេញ​ ៖​ ជនសង្ស័យម្នាក់បានលួចខ្សែភ្លើងប៉ុន្មានដុំតូចៗនៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានសន្តិសុខឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសខណ្ឌច្បារអំពៅ នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ ម៉ោង៨ និង៤០នាទី។

ប៉ូលិសនិយាយថា​ ដើមបណ្តឹងឈ្មោះ សួង ចាន់រិន ភេទប្រុស អាយុ៣៣ឆ្នាំ ជាតិខ្មែរ មុខរបរសន្តិសុខបុរីប៉េងហួត ស្នាក់នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ស៊ីម ម៉ាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

​ប៉ូលិសបន្តថា​ នៅថ្ងៃទី៣០ សីហា ឆ្នាំ២០១៩ ម៉ោង០៨ និង៤០នាទី ជនសង្ស័យធ្វើការក្នុងការដ្ឋានសំណង់ខាងលើ បានលួចកាត់ខ្សែភ្លើង ដែលភ្ជាប់នៅតាមជញ្ជាំងក្នុងការដ្ឋានជាកំណាត់ៗរុំជាដុំ បាន០៤ដុំតូចៗ ច្រកចូល ក្នុងបាវពណ៌សស្ពាយចេញមកក្រៅបម្រុងយកទៅលក់ ក៏ត្រូវបានសន្តិសុខបុរីប៉េងហួតឃាត់ត្រួតពិនិត្យរកឃើញខ្សែភ្លើង០៤ដុំតូចៗ នៅក្នុងបាវ ក៏ធ្វើការឃាត់ខ្លួនតែម្តង។ 

​ជនសង្ស័យ រួមនឹងវត្ថុតាងបានប្រគល់ប៉ូលិសខណ្ឌច្បារអំពៅចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab