បើករថយន្តវ៉ាតែមើលម៉ូតូមកពីខាងមុខមិនសូវឃើញ ក៏ជ្រុលបុកស្លាប់២នាក់

ភ្នំពេញ ៖ បុរស២នាក់បានស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូសុខៗ ត្រូវរថយន្តបុកកាលពីវេលាម៉ោង ១២ និង ២០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០១៩ នៅមុខបន្ទាយប៉េអឹម តាមបណ្ដាយផ្លូវជាតិលេខ៤ ក្នុងភូមិកំបូល សង្កាត់-ខណ្ឌកំបូលរាជធានីភ្នំពេញ។

ប្រភពបឋមពីកន្លែងកើតហេតុបានឱ្យដឹងថា​ ជនរងគ្រោះទាំងពីរនាក់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ជិះម៉ូតូសង់កូរ៉េ មិនមានស្លាកលេខពណ៌ក្រហម។ ឯរថយន្តម៉ាកឡិចស៊ីស RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AR-4230 បើកបរដោយបុរសម្នាក់រត់គេចបាត់។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូតាមបណ្ដោយផ្លូវជាតិលេខ ៤ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនល្មម។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែឃើញរថយន្តបង្ក បើកមកពីលិចទៅកើតយ៉ាងលឿនបានវ៉ាជែងរថយន្តមួយគ្រឿងទៀត ក៏ជ្រុលបុកម៉ូតូពេញទំហឹងតែម្ដង។ ភ្លាមៗអ្នកបើករថយន្ត បានបើកទ្វាររត់បាត់ បន្សល់រថយន្តនៅកន្លែងកើតហេតុ។

សមត្ថកិច្ចវាស់វែងយករថយន្តបង្កនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ ចំណែកសាកសពតម្កល់នៅវត្តទឹកថ្លា រង់ចាំស្រាវជ្រាវរកសាច់ញាតិ មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...