នារីម្នាក់បើក Range Rover ពន្លះរបាំងថ្មពុះចែកទ្រូងផ្លូវក្រឡាប់ផ្ងារកង់ឡើងលើ និងបាក់របាំងថ្ម២កង់

​ភ្នំពេញ ៖ ស្រ្តីម្នាក់រួមដំណើរបុរសម្នាក់ទៀត បានបើករថយន្តមួយគ្រឿងបោះពួយយ៉ាងលឿនមិនប្រយ័ត្ន បានជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរងការខូចខាតរថយន្តក្រឡាប់ផ្ងារកង់ឡើងលើ ចំណែករបាំងថ្មរងការខូចខាតបាក់អស់ចំនួន២កង់ កើតឡើងនៅវេលា ម៉ោង១២ និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យ ទី១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខមន្ទីពេទ្យព្រះកុសមៈ ហៅ (ពេទ្យលោកសង្ឃ) ស្ថិតតាមបណ្ដោយផ្លូវ លេខ២៧១ ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ​។

​យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញស្រ្តីម្នាក់និងបុរសម្នាក់រួមដំណើរបានបើករថយន្ត Range Rover មួយគ្រឿងភ្នំពេញ 2BD.8268 អ្នកបើកបរជាស្រ្តីមិនទាន់ស្គាល់ឈ្មោះ ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូងបោះពួយយ៉ាងលឿន។ 

​ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូ​តមកខាងឆ្វេងដៃជ្រុលទៅបុកក្បាលរបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងលាន់ឮសូរគ្រាំង ហើយរថយន្តក៏ក្រឡាប់ផ្ងារជើងឡើងលើ ហើយក៏មានអណ្តាតភ្លើងឆាបឆេះឡើង ពេលនោះប្រជាពលរដ្ឋក៏នាំគ្នាយកទឹកជះឱ្យរលត់ទៅវិញ​ ទើបទាញម្ចាស់រថយន្តចេញក្រៅ សំណាងល្អមិនរងរបួសនោះទេ​ ហើយក៏នាំគ្នាឡើងជិះម៉ូតូកង់បីទៅបាត់។ រថយន្តរងការខូចខាតយ៉ាងដំណំ ។ ចំណែករបាំងថ្មពុះចែកទ្រូងផ្លូវគឺបាក់បែកអស់២កង់។

​ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចុះមកវាស់វែងស្ទូចយករថយន្ត បង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...