ប៉ូលិសព្រហ្មទណ្ឌ បង្ហាញមុខចោរលួចឆក់យ៉ាងសកម្មម្នាក់

​ភ្នំពេញ​ ៖​ ប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ហាញមុខចោរលួចឆក់យ៉ាងសកម្មម្នាក់​ នាថ្ងៃសៅរ៍ទី៣១ សីហា ឆ្នាំ២០១៩​ បន្ទាប់ពីបានស្រាវជ្រាវចាប់ខ្លួនបាននៅចំណុចមុខផ្ទះលេខ៩១(អតីតរោងភាពយន្ត ហែមជាតិ) ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ​ កាលពីថ្ងៃទីកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១២និង ៣០ នាទី រំលងអធ្រាត្រ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ  បូរី រាជ្យ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខសាលាប៊ែលធីសាខាទី២០ចោមចៅ ស្នាក់នៅផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ វត្ថុតាងចាប់យកម៉ូតូម៉ាកហុងដាប៊ីត ពណ៌ស ខៀវ ឆ្នាំផលិត២០១៩ ពាក់ស្លាកលេខ ភ្នំពេញ១HS៤២៦៣ សោខ្សៀរទីបលេខ៨ រាងអក្សរ L ចំនួន ០១, ដែកសំប៉ែតចុងស្រួច ចំនួន ០១, ខ្សែលួសសសៃពណ៌សប្រវែង ៥ សង់ទីម៉ែត្រចំនួន២ សរសៃ។ 

​ប៉ូលិសបន្តថា​ ជនសង្ស័យបានធ្វើសកម្មភាពលួចនិងឆក់យកទ្រព្យសម្បត្តិជនរងគ្រោះតាមផ្លូវសាធារណៈចំនួន៣លើក​ រួមមាន​ ករណីទី១-អំពើលួចម៉ូតូម៉ាកស៊ុយហ្សុយគីនិច ពណ៌សខ្មៅក្រហម កាំបន្ទះពណ៌ក្រហម ឆ្នាំផលិត ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១GG ៩០៧៨ស្ថិតនៅចំណុចបុរីមហាសែនសុខមុខផ្ទះលេខ១៩២ ផ្លូវ B ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១ និង ៣០ នាទីរសៀល។  

​លើកទី២-អំពើឆក់យកទូរស័ព្ទដៃម៉ាក អាយហ្វូន XS ពណ៌ផ្កាឈូកនៅចំណុចរង្វង់មូលវិមានឯករាជ្យ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៤ ល្ងាច។

​លើកទី៣-អំពើឆក់យកទូរស័ព្ទដៃម៉ាក OPPO F៩ ពណ៌ស្វាយ នៅចំណុចមុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក ផ្លូវទេពផន សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០១៩ វេលាម៉ោងប្រហែល១១ និង៣០នាទីយប់។

​បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ប៉ូលិសការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...