ធ្វើខួបឱ្យសង្សាររួចជិះម៉ូតូទៅកន្លែងស្នាក់នៅវិញបើកលឿនពេកបុកខឿនចិញ្ចើមផ្លូវដួលបោកក្បាលស្លាប់

ភ្នំពេញ ៖ យុវជនម្នាក់បានជិះម៉ូតូចេញពីកម្មវិធីខួបកំណើតផឹកស៊ីជាមួយមិត្តភក្តិក្នុងគោលបំណងត្រឡប់ទៅកន្លែងស្នាក់នៅវិញ ហើយធ្វើដំណើរតែម្នាក់ឯងក្នុងល្បឿនលឿន ស្រាប់តែអកហ្សឺជាមួយរថយន្តផ្សេងនៅពីមុខ ក៏ជ្រុលចង្កូតបុកខឿនបណ្ដាលឱ្យផ្លោងអូសជិត៥០ម៉ែត្រ បណ្ដាលឱ្យដួលបោកក្បាលនិងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ 

គ្រោះថ្នាក់នេះ បង្កឱ្យមានការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងសាច់ញាតិជនរងគ្រោះកាលពីវេលាម៉ោង ២ និង ២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចមុខសាលមហោស្របចតុមុខ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះស៊ីសុវត្ថិកែងផ្លូវលេខ២៤០ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

សមត្ថកិច្ចនិយាយថា​ សពជនរងគ្រោះឈ្មោះ មាស សុខម៉េង អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឡាន ស្នាក់នៅការ៉ាស់ឡាន ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវនិងមានស្រុកកំណើតនៅម្ដុំផ្សារដើមអំពិល ក្នុងសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ និងមិត្តភក្តិជនរងគ្រោះថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូធំម៉ាក DUCATI ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CQ-8898 តែម្នាក់ឯង ដោយធ្វើដំណើរតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ។ 

ខណៈមកដល់ចំណុចកើតហេតុកែងផ្លូវលេខ២៤០ ក៏បានអកហ្សឺជាមួយនឹងរថយន្តមួយគ្រឿងផ្សេងទៀត នៅខាងមុខ ជ្រុលចង្កូតទៅបុកខឿននៅចិញ្ចើមផ្លូវផ្លោងជាង៥០ម៉ែត្រ បណ្ដាលឱ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ។ ឯម៉ូតូបានឃ្លាតឆ្ងាយពីជនរងគ្រោះជិត១០ម៉ែត្របន្ថែមទៀត រងការខូចខាតតិចតួច ។

ក្រោយកើតហេតុភ្លាមៗ មិត្តភក្តិជនរងគ្រោះដែលជិះតាមពីក្រោយបានមកដល់មានការតក់ស្លុតនិងយំសោកបោកខ្លួនជាខ្លាំង ព្រោះបានបាត់បង់មិត្តភក្តិ និងសាច់ញាតិដ៏ល្អម្នាក់ជារៀងរហូត ។ 

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានក៏បានចុះដល់ ហើយទាក់ទងទៅសមត្ថកិច្ចជំនាញមកធ្វើការវាស់វែង យកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំប្រគល់ឱ្យសាច់ញាតិនៅពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...