តុលាការសម្រេចផ្ដន្ទាទោសលោកឡាយ វណ្ណៈអតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគារ១៣ឆ្នាំ

ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកវេលាម៉ោង៩និង២០នាទីថ្ងៃទី០២កញ្ញាឆ្នាំ២០១៩ បានប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសលោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ១៣ឆ្នាំ ក្រោមការចោទប្រកាន់ពីបទឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទ័ណ្ឌ ។

ជាមួយគ្នានេះ តុលាការក៏បានសម្រេចផ្ដន្ទាទោសលោកឡាយ ណារិទ្ធ អតីតស្នងការរងប៉ូលិសខេត្តតាកែវ ជាបងបង្កើតរបស់លោកឡាយ វណ្ណៈ ដាក់ពន្ធនាគារ១០ឆ្នាំ ។ ចំណែឈ្មោះ ជឹម វុធ និងម៉ែន សាម៉ៃ ដាក់ពន្ធនាគារកំណត់ម្នុងម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២នៃក្រមព្រហ្មទ័ណ្ឌ ។

តុលាការមិនបង្គាប់ឱ្យជនជាប់ចោទសងសំណងរដ្ឋប្បវេណីទៅគ្រួសារជនរងគ្រោះទេ ដោយសារគ្រួសារជនរងគ្រោះមិនដាក់ពាក្យប្ដឹងទេក្នុងសំណុំរឿងនេះ ។

ជនជាប់ចោទទាំង៤នាក់ គឺលោកឡាយ វណ្ណៈ លោកឡាយ ណារិទ្ធ លោកម៉ែន សាម៉ៃ និងលោក ជឹម  វុធ  ត្រូវបាននាំខ្លួនទៅពន្ធនាគារវិញរង់ចាំតុលាការសម្រេចជាថ្មី ។ សូមបញ្ជាក់ថាក្នុងពេលសវនាការកន្លងមក ជនជាប់ចោទ ឡាយ វណ្ណៈ បដិសេធថាពុំបានសម្លាប់ស្រីកំណាន់នាង ចេវ សុវឌ្ឍនា ទេដោយសុំឱ្យតុលាការរកយុត្តិធម៌ ។ 

ជាការកត់សម្គាល់ ជនជាប់ចោទ ឡាយ វណ្ណៈ បានស្បថចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា”បើខ្ញុំបានសម្លាប់សង្សារមែនសូមឱ្យវត្ថុស័ក្តិសិទ្ធិបរាមុខខ្ញុំឱ្យខ្ញុំ និងប្រពន្ធកូនស្លាប់តៃហោង និងធ្លាក់នរក៩ជាន់អត់ចាប់ជាតិទៅចុះ”។ ប៉ុន្តែមន្ត្រីជំនាញ រកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារអំពើឃាតកម្ម មុនឃាតករយកសពទៅព្យួរកជាប់នឹងបង្អួច ។

ករណីឃាតកម្មនេះ ដំបូងឡើយត្រូវបានសមត្ថកិច្ចខេត្តតាកែវសន្និដ្ឋានថា ជារឿងអត្តឃាតព្រោះតែវិបត្តិស្នេហា ។ ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវសមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានរកឃើញថាករណីនេះ មិនមែនជារឿងអត្តឃាតឡើយ ពោលគឺជារឿងឃាតកម្មដោយមានអ្នកបញ្ជានិងរៀបចំទុកសម្លាប់ជនរងគ្រោះ។

នៅទីបំផុត ជនសង្ស័យចំនួន៤នាក់ មានលោកឡាយ វណ្ណៈ ផងនោះ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់ ដែលបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារ ។

លោក ឡាយ វណ្ណៈ​ អតីតអភិបាលខេត្តតាកែវ , លោក ឡាយ ណារិទ្ធ អតីតស្នងការរងប៉ូលិសខេត្តតាកែវ ត្រូវជាបងប្រុសបង្កើតលោក ឡាយ វណ្ណៈ ត្រូវបានតុលាការចោទប្រកាន់ពីបទឃាតកម្មប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ បទឃាតកម្មត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១០ឆ្នាំ ទៅ១៥ឆ្នាំ។

ដោយឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និងឈ្មោះ ជឹម វុធ អាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ តាមមាត្រា៥៣២ នៃក្រមព្រហ្មទណ្ឌ៕

adverise with khmeread
tiger
Loading ad ...