រថយន្តសណ្តោងរ៉ឺម៉កឈប់ស្ងៀមលើផ្លូវឥតមាយាទ, យុវជនម្នាក់បើកម៉ូតូបុកពីក្រោយស្លាប់ភ្លាម

កណ្តាល​ ៖ យុវជនម្នាក់បើកម៉ូតូលឿនជ្រុលទៅបុក គូទរថយន្តសណ្តោងរ៉ឺម៉កដែលកំពុងឈប់ស្ងៀមនៅលើផ្លូវពេញមួយទំហឹង បណ្តាលឱ្យបោកស្លាប់ភ្លាមកាលពីវេលាម៉ោង៩និង២៥នាទីយប់ ថ្ងៃអាទិត្យ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ស្ថិតក្នុងភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនរងគ្រោះដែលស្លាប់ឈ្មោះ កូវ បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិជ័យឧត្តម ឃុំសំរោងធំ ស្រុកកៀនស្វាយ អ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល1U-8743 ។ ចំណែកឯរថយន្តសណ្តោងរ៉ឺម៉កនោះ ម៉ាកFREIGHTLINER ពណ៌ខ្មៅ ពាកស្លាកលេខភ្នំពេញ 3D-3049 ។ ឯរ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-1823 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណរត់បាត់ ។

ប៉ូលិសបន្តថា នៅមុនពេលកើតហេតុរថយន្តសណ្តោងរ៉ឺកម៉កខាងលើនេះ បានបើកមកឈប់នៅលើចិញ្ចើមផ្លូវត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៣៣-៣៤ ដោយបានដាក់ស្លាកសញ្ញា និងបើកភ្លើងស៊ីញ៉ូសុំផ្លូវ ។ ស្របពេលនោះស្រាប់តែជនរងគ្រោះខាងលើនេះជិះម៉ូតូយ៉ាងលឿនក្នុងទិសដៅពីអ្នកលឿងឆ្ពោះទៅភ្នំពេញ មកបុកចំគូទរ៉ឺម៉កពេញមួយទំហឹង បណ្តាលឱ្យស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុតែម្តង ។ 

ក្រោយពីមានហេតុការណ៍កើតឡើង អ្នកបើកបរថយន្តសណ្តោងរ៉ឺម៉កបានគេចខ្លួនបាត់ ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ ។ បច្ចុប្បន្នរថយន្ត និងម៉ូតូត្រូវបានបញ្ជូនទៅរក្សាទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ ដើម្បីចាត់ការតាមច្បាប់ ។ សាកសពជនរងគ្រោះត្រូវបានប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

adverise with khmeread
tiger
Loading ad ...