ភ្នំពេញ ៖ បុរសម្នាក់បានចុះពីលើរថយន្តទាំងដៃកាន់ទូរស័ព្ទខណៈពេលនោះត្រូវជនសង្ស័យ៣នាក់ជិះម៉ូតូមកពីក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ទតែមិនបានសម្រេច ហើយត្រូវជនរងគ្រោះបើករថយន្តកៀរឲ្យដួល និងចាប់បាន ២នាក់រួចប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចក្បែររោងកុនអង្គរ តាមបណ្ដោយផ្លូវព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ផ្សារអូរឬស្សី៤ ខណ្ឌ7មករា។
ប៉ូលិសប៉ុស្ដិ៍ផ្សារអូរឬស្សី៤បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ទី១-ឈ្មោះ ពុល ថាណារ័ត្ន (អង្គុយកណ្ដាល)អាយុ១៦ ស្នាក់នៅបឹងកេងកង៣ ខណ្ឌចំការមនទី២-ឈ្មោះ គឹម ឆៃ ហួត (ជាអ្នកឌុប)អាយុ១៧ឆ្នាំ រស់នៅ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៣(ជាអ្នកឆក់)ឈ្មោះអា នាត អាយុ១៧ឆ្នាំ រស់នៅម្តុំឬស្សីកែវរត់បាត់។
បើតាមសម្ដីជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានប្រាប់ឲ្យដឹងថា នៅពេលកើតហេតុរូបគាត់បានបើករថយន្តមកឈប់នៅកន្លែងកើតហេតុខាងលើ ហើយក៏បានចុះពីលើរថយន្ត ដោយបានដកទូរស័ព្ឋមកនិយាយ ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក ហ្វីណូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CY.6142 បានជិះមកពីក្រោយ ដោយអ្នកជិះពីក្រោយបានធ្វើសកម្មភាពឆក់ទូរស័ព្ឋពីដៃជនរងគ្រោះ តែមិនបានសម្រេច ត្រូវបានគាត់បើកថយន្តតាមពីក្រោយនិងកៀរឲ្យដួល។
ភ្លាមនោះមានជនសង្ស័យ១នាក់ក្នុងចំណោម៣នាក់នោះបានរត់គេចខ្លួនបាត់បន្ទាប់មកជនរងគ្រោះក៏ចាប់បាន២នាក់ប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋានតែម្ដង។
ក្រោយពេលកើតហេតុជនសង្ស័យទាំងពីនាក់ដែលឃាត់ខ្លួនបាននោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងភ្លាមៗនិងនាំយកជនសង្ស័យទាំងនោះទៅសួរនាំនៅប៉ុស្ដិ៍ផ្សារអូរឬស្សី៤ រង់ចាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕
