ភ្នំពេញ ៖ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ប៉ុន្តែមិនបណ្តាលឱ្យរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅជិតខាងនោះទេ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៣៣៦ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌចំការមន។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញមានផ្សែងហុយចេញយ៉ាងខ្លាំងចេញពីផ្ទះខាងលើ មួយសន្ទុះក្រោយមកក៏មានសម្លេង។ស្រែកឆោឡោឡើងឱ្យជួយ ហើយម្ចាស់ផ្ទះនិងកូនៗបាននាំគ្នារត់ចេញមកខាងក្រៅដោយមានទាំងភ្លើងកំពុងឆាបឆេះផ្ទះបាត់ទៅហើយ។
ប្រជាពលរដ្ឋដែលនៅក្បែរខាងបាននាំគ្នាស្លន់ស្លោបង្កការភ្ញាក់ផ្អើល ជួយយកទឹកជះ និងបាញ់ពន្លត់ តែភ្លើងឆេះខ្លាំងពេកក៏បានទំនាក់ទំនងទៅសមត្ថកិច្ច ហើយភ្លាមៗនោះ រថយន្តអគ្គីភ័យបានមកអន្តរាគមន៍បាញ់ពន្លត់។ តែដោយសារតែផ្លូវតូចចង្អៀតរថយន្តពិបាកចូល ហើយអគ្គីភ័យឆេះគួរសមដែរនោះ កម្លាំងពន្លត់អគ្គីភ័យបានប្រើប្រាស់ពេលប្រមាណជាង១ម៉ោង ទើបអាចគ្រប់គ្រងស្ថានការបានទាំងស្រុង មិនឱ្យរាលដាល់ដល់ផ្ទះប្រជាពលរដ្ឋក្បែរនោះ។
ចំពោះទំហំនៃការខូចខាតគឺបន្ទប់ជួលខាងក្រោម៥បន្ទប់ ដែលមានសម្ភារៈប្រើប្រាស់ទុកនៅខាងក្នុងខូចខាតស្ទើរទាំងស្រុង ឆេះម៉ូតូអស់៥គ្រឿង ខូចខាតផ្ទះមួយចំនួន តែមិនទាន់ដឹងថាមានតំលៃប៉ុន្មាននៅឡើយ។ ហើយក៏មិនបណ្តាលឱ្យនរណាម្នាក់គ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់តែមានស្ត្រីម្នាក់ដួលសន្លប់ដោយសារតែមានផ្ទះនៅក្បែរកើតហេតុ ហើយខ្លាចឆ្លងមកដល់ផ្ទះកាត់តែប៉ុណ្ណោះ។
ក្នុងករណីអគ្គីភ័យខាងលើនេះ គឺសមត្ថកិច្ចសន្និដ្ឋានថាអាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទុស្សេខ្សែភ្លើងទើបបណ្តាលឱ្យមានគ្រោះថ្នាក់ដូច្នេះ៕
