អាមេរិកយល់ព្រមដកទ័ពជាង៥០០០នាក់ចេញពីអាហ្វហ្គានីស្ថានក្នុងរយៈពេល២០សប្តាហ៍ទៀត ស្របពេលមានការវាយប្រហារដ៏ធំមួយផ្ទុះឡើងស្លាប់មនុស្សជាច្រើននាក ក្រោយសេចក្តីប្រកាសនេះធ្វើឡើង

មន្រ្តីចរចាកំពូលរបស់រដ្ឋធានីវ៉ាស៊ីនតោនបាននិយាយថា សហរដ្ឋអាមេរិកនឹងដកកងទ័ពចំនួន៥.៤០០នាក់ចេញពីប្រទេសអាហ្វហ្គានីស្ថានក្នុងរយៈពេល ២០សប្តាហ៍ ដែលជាផ្នែកនៃកិច្ចព្រមព្រៀងមួយជាមួយពួកសកម្មប្រយុទ្ធតាលីបង់។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយនៅថ្ងៃនេះ។

លោក Zalmay Khalilzad បានលាតត្រដាងព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងដែលបានរង់ចាំជាយូរមកហើយមួយនេះជាលើកដំបូង នៅក្នុងបទសម្ភាសន៍មួយតាមទូរទស្សន៍ បន្ទាប់ពីជម្រាបជូនក្រុមមេដឹកនាំអាហ្វហ្គានីស្ថានអំពីកិច្ចព្រមព្រៀងនេះ។

ប៉ុន្តែលោកបាននិយាយថា ការអនុម័តចុងក្រោយគឺនៅតែអាស្រ័យលើប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ជាអ្នកសម្រេចប៉ុណ្ណោះ។

ការបំផ្ទុះគ្រាប់បែកដ៏ធំមួយបានរញ្ជួយទីក្រុងកាប៊ុល ខណៈដែលបទសម្ភាសន៍នេះត្រូវបានចាក់ផ្សាយ។ តាលីបង់បាននិយាយថា វាស្ថិតនៅពីក្រោយការវាយប្រហារ ដែលបានសម្លាប់មនុស្សយ៉ាងតិច ១៦នាក់ និងអ្នករបួសចំនួន ១១៩នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រុមសកម្មប្រយុទ្ធមួយនេះបាននិយាយថា កងកម្លាំងបរទេសគឺជាគោលដៅនៃការវាយប្រហារនេះ។

គ្រាប់បែកបានតម្រង់គោលដៅទៅលើបរិវេណលំនៅដ្ឋានជនបរទេសស្នាក់នៅ ហើយក្រុមតាលីបង់បាននិយាយថា ខ្មាន់កាំភ្លើងក៏ចូលរួមផងដែរ។

ការវាយប្រហារនេះបង្ហាញពីការភ័យខ្លាចថា ការចរចារបស់សហរដ្ឋអាមេរិកជាមួយតាលីបង់នឹងមិនបញ្ចប់អំពើហិង្សាជារៀងរាល់ថ្ងៃនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងចំនួនអ្នកស្លាប់ដ៏អាក្រក់បំផុតរបស់ជនស៊ីវិលបានទេ។

ក្រុមសកម្មប្រយុទ្ធមួយនេះបច្ចុប្បន្នបានគ្រប់គ្រងដែនដីច្រើនជាងពេលណាៗទាំងអស់ ចាប់តាំងពីការលុកលុយរបស់អាមេរិកក្នុងឆ្នាំ២០០១ ហើយរហូតមកដល់ពេលនេះ បានបដិសេធមិននិយាយជាមួយរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលពួកគេចាត់ទុកថាជាអាយ៉ងអាមេរិក៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab