ភ្នំពេញ ៖ យុវជនម្នាក់បានរងរបួសបែកក្បាល និងរបួសជាច្រើនកន្លែងផ្សេងទៀត ដោយសារតែត្រូវជន សង្ស័យមួយក្រុមបានប្រើបំពង់ទីបដែកវាយក្បាល ប្លន់យកម៉ូតូស្តុបពី ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2FK-6027 បានសម្រេច ហើយគេចខ្លួនបាត់។
អំពើប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ នៅចំណុចមុខទីស្តីការគណៈរដ្ឋមន្ត្រី ផ្លូវចូលក្នុងបឹងកង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះមានឈ្មោះ មែន សហ្វីរីន អាយុ២១ឆ្នាំ ជាជនជាតិអ៊ីស្លាម បច្ចុប្បន្នស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ របួសរយះក្បាល។
បើតាមសម្តីរៀបរាប់ពីជនរងគ្រោះបានឱ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់និងពូ បានជិះម៉ូតូម្នាក់១គ្រឿងត្រឡប់មកពីដើរលេង។ លុះនៅវេលាម៉ោងកើតហេតុពេលត្រឡប់ទៅផ្ទះវិញដល់កន្លែងកើតហេតុដែលជាកន្លែងស្ងាត់ និងងងឹតផងនោះ ក៏ស្រាប់តែមានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿង បានធ្វើសកម្មភាពវាយមកលើក្បាល និងខ្នង ដោយប្រើបំពង់ទីបដែកជាច្រើន។
ពេលនោះគេក៏បានបន្ថែមល្បឿន ហើយត្រូវបានជនសង្ស័យដេញតាមពីក្រោយវាយជាច្រើនទីបទៀត បណ្តាលឱ្យបែកក្បាល និងដួលម៉ូតូ ហើយរូបគេក៏រត់ចោលម៉ូតូយកតែរួចខ្លួន ទើបក្រុមជនសង្ស័យលើក ម៉ូតូយកទៅតែម្តង។
បន្ទាប់ពីកើតហេតុរយៈពេល២ម៉ោងមិនមានសមត្ថកិច្ចមូលដ្ឋានរណាម្នាក់ មកអន្តរាគមន៍ ឬធ្វើការសួរនាំនោះទេ ទើបគាត់សម្រេចចិត្តហៅមិត្តភក្ត្រ រួចដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ស្រះចកដោយខ្លួនឯង។
សូមបញ្ជាក់ថា កន្លែងកើតហេតុខាងលើតែងតែកើតមាននូវករណីវាយ និងភ្ជង់ប្លន់ជាញឹកញាប់ ប៉ុន្តែសមត្ថកិច្ចទាំងមូលដ្ឋាន និងខណ្ឌ ហាក់ដូចជាមិនអើពើនោះទេ។ មិនតែប៉ុណ្ណោះ បានព្យាយាមលាក់បាំងអ្នកសារពត៌មាន ថាមិនមែនជាករណីប្លន់នោះទេ ជាករណីទំនាស់ទៅវិញ ដោយបានបណ្តែតបណ្តោយឱ្យកើតមាននូវករណីប្លន់កើតឡើងគួរឱ្យកត់សម្គាល់៕
