មេដឹកនាំហុងកុងសុំទោសពួកមេដឹកនាំជំនួញចំពោះចលាចល ហើយថាបើគាត់មានជម្រើស គាត់នឹងលាឈប់

មេដឹកនាំហុងកុងលោកស្រី Carrie Lam បាននិយាយថាលោកស្រីនឹងចុះចេញពីតំណែងប្រសិនបើលោកស្រីមានជម្រើស និងសុំទោសចំពោះ "ភាពវឹកវរមិនអាចលើកលែងបាន" នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុនេះ។ នេះបើយោងតាមអាត់សំឡេងកំណត់ត្រាសុន្ទរកថារបស់លោកស្រីថ្លែងកាលពីសប្តាហ៍មុន។

យោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃអង្គារម្សិលមិញ លោកស្រី Carrie Lam នាយកប្រតិបត្តិទីក្រុងត្រូវគេស្តាប់ឮថ្លែងសុន្ទរកថាទៅកាន់ក្រុមមេដឹកនាំជំនួញជាភាសាអង់គ្លេសនៅក្នុងការប្រជុំបិទទ្វារ ដោយសុំទោសយ៉ាងជ្រាលជ្រៅចំពោះភាពវឹកវរដែលបានកើតឡើងអស់រយៈពេល ១៣ សប្តាហ៍។

គេអាចស្តាប់ឮលោកស្រីនិយាយថា "ខ្ញុំសូមអង្វរអ្នកទាំងអស់គ្នាសូមអធ្យាស្រ័យដល់ខ្ញុំផង"។

លោកស្រីក៏និយាយនៅក្នុងអាត់សំឡេងនោះដែរថា "ខ្ញុំនឹងស្មោះត្រង់ជាមួយអ្នករាល់គ្នា វាជារឿងឆោតល្ងង់ចំពោះខ្ញុំណាស់ក្នុងការបង្ហាញអ្នករាល់គ្នានូវរូបភាពល្អៗ ដែលប្រាប់ថា អ្វីៗនឹងល្អប្រសើរ ឬ ខ្ញុំមានថ្ងៃផុតកំណត់ត្រូវចុះពីអំណាច។ ប៉ុន្តែខ្ញុំអាចធានាចំពោះអ្នករាល់គ្នាថាចិនប៉េកាំងមិនមានកាលកំណត់សម្រាប់ខ្ញុំចុះពីអំណាចទេ។ ពួកគេដឹងថា ភាពវឹកវរនេះនឹងរីកដុះដាល។ ពួកគេនិងពួកយើងមិនរំពឹងថាយើងអាចជម្រះរឿងរ៉ាវនេះឱ្យបានមុនថ្ងៃទី ១ ខែតុលាឡើយ"។

លោកស្រីបានធានាដល់ក្រុមមេដឹកនាំជំនួញហុងកុងថា សកម្មភាពយោធានឹងមិនត្រូវបានអនុវត្តទេ។

លោកស្រីបានបន្ថែមថា "វាជាអារម្មណ៍របស់ខ្ញុំផ្ទាល់ដែលថា (រដ្ឋាភិបាលប្រជាជនកណ្តាល) ពិតជាគ្មានផែនការបញ្ជូន PLA (កងទ័ពរំដោះប្រជាជន) មកហុងកុងនោះទេ។ ខ្ញុំពិតជាមានដំណោះស្រាយ ហើយនោះគឺជាដំណោះស្រាយនយោបាយ"៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab