ឪពុកម្តាយខឹងដាច់ក្បាលដាច់កន្ទុយរឿងគ្រូបង្រៀនម្នាក់ប្រើក្រដាសកាតុងគ្របក្បាលសិស្សពេលប្រឡង

គ្រូបង្រៀនម្នាក់ក្នុងប្រទេសម៉ិកស៊ិកត្រូវបានគេចោទប្រកាន់ថាបង្ខំឱ្យកូនសិស្សរបស់គាត់ពាក់ក្រដាសកាតុងគ្របក្បាលអំឡុងការប្រឡងមួយ ដើម្បីបញ្ឈប់ពួកគេពីការលួចបើកចាក់។

ឪពុកម្តាយពោរពេញទៅដោយកំហឹង បានទាមទារឱ្យលោក Luis Juarez Texis លាឈប់ពីការងាររបស់គាត់ បន្ទាប់ពីធ្វើឱ្យកូនៗពួកគេ "រងភាពអាម៉ាស់" ជាមួយនឹងយុទ្ធសាស្រ្តបង្រៀនរបស់គាត់ ដែលពួកគាត់ចាត់ជាអំពើ "ហិង្សា"។

យោងតាមព័ត៌មានក្នុងតំបន់ ឪពុកម្តាយក្មេងៗបានស្នើឱ្យអាជ្ញាធរ "ការពារសិទ្ធិរបស់សិស្ស" នៅឯសាលា Campus 01 "El Sabinal" នៃរដ្ឋ Tlaxcala។

សិស្សត្រូវបានតម្រូវឱ្យពាក់ប្រអប់ក្រដាស ដែលមានប្រហោងចោះនៅភ្នែក ក្នុងគោលបំណងដើម្បីរារាំងពួកគេកុំឱ្យលួចចម្លងកិច្ចការពីអ្នកដទៃ។

ឪពុកម្តាយម្នាក់ដែលមានកំហឹងរោលរាលបានសរសេរនៅលើបណ្តាញសង្គម Facebook ថា "យើងសង្ឃឹមថាអំពើហិង្សាប្រឆាំងនឹងយុវជនរដ្ឋ Tlaxcalteca មិនត្រូវបានគេមើលរំលងឡើយ ហើយសហព័ន្ធ និងអាជ្ញាធររដ្ឋត្រូវបណ្តេញមន្រ្តីសាធារណៈរូបនេះ ហើយពួកគេត្រូវបញ្ឈប់ប្រភេទនៃភាពអាម៉ាស់បែបនេះក្នុងកន្លែងសម្រាប់រៀនសូត្រ"។

ឆ្លើយតបទៅនឹងប្រតិកម្មកំហឹងនេះ សាលាបានពន្យល់ថាវាជា "លំហាត់អំពីភាពស្វាហាប់" ដើម្បីជួយ "ការអភិវឌ្ឍចិត្តសាស្ត្ររបស់សិស្ស"។ ពួកគេក៏បាននិយាយផងដែរថា សិស្សបានយល់ស្របនឹងការធ្វើបែបនេះជាមុន ហើយថាវាជាការ "គោរពសិទ្ធិមនុស្ស និងបុគ្គល"។

គេមិនទាន់ដឹងច្បាស់នៅឡើយ ថាតើហេតុការណ៍នេះកំពុងត្រូវបានស៊ើបអង្កេតបន្ថែមទៀតឬយ៉ាងណា៕

adverise with khmeread
tiger
Loading ad ...