យុវជនម្នាក់បែកគំនិត ប្លន់ម៉ូតូកង់បីតែមិនបានសម្រេច

ភ្នំពេញ ៖ យុវជនម្នាក់បែកគំនិត បានរៀបចំគម្រោងប្លន់ម៉ូតូកង់បី តែការអនុវត្តគម្រោងមិនបានជោគជ័យនោះទេ ដោយសារម្ចាស់កង់៣ បានប្រថុយតបត និងរត់ស្រែកឱ្យពលរដ្ឋជួយ ទើបចាប់បានវាយម្នាក់មួយដៃមួយជើង ស្ទើរដង្ហើមចង្រិត។ 

ករណីប្លន់នេះបានកើតឡើង កាលពីវេលាម៉ោង១២ និង១៥នាទី ថ្ងៃត្រង់ ទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវបេតុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ បង្កឡើងដោយជនសង្ស័យឈ្មោះ សុខ អូន អាយុ២៣ឆ្នាំ មុខរបរជាង សំណង់ ស្នាក់នៅការដ្ឋានសំណង់ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រីជនរងគ្រោះ ឈ្មោះ ប៊ូ វ៉ាន់ អាយុ៤៥ឆ្នាំ ស្នាក់សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យបានហៅម៉ូតូកង់បី (ឥណ្ឌា) ជិះពីម្តុំកាណាឌីយ៉ា ឆ្ពោះទៅភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម តែពេលដល់ចំណុចខាងលើ ផ្លូវស្ងាត់ ជនសង្ស័យបានទាញកូនកាំបិត មកធ្វើសកម្មភាពភ្ជង់ក អ្នកបើកបរគម្រាម ប្លន់យកម៉ូតូកង់បី តែត្រូវជនរងគ្រោះ ចាប់ដៃប្រតាយប្រតប់ រួចរត់ស្រែកផ្អើលអ្នកស្រុក ចេញមកជួយអន្តរាគមន៍ ព័ទ្ធចាប់វាយតែម្ដង រួចប្រគល់ឱ្យសមត្ថកិច្ច ផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីសាកសួរបន្ថែម និងកសាងសំណុំរឿង តាមនីតិវិធី៕


 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16