ស្ត្រីម្នាក់លួចហូល​មួងច្រើនលើកស្មានថាម្ចាស់គេមិនដឹង, ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានធ្វើសកម្មភាពលួចក្រណាត់ហូល, ផាមួង , ក្រណាត់ក្បិន និងអាវ, សំពត់ដែលកាត់រួចច្រើនលើកស្មានថាម្ចាស់គេមិនដឹង​ ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។ 

មន្ត្រីអាវុធហត្ថមិយាយថា​ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង៥ល្ងាច សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួនស្រ្តីជនសង្ស័យ ឈ្មោះ ទិន សុផា អាយុ៤៨ឆ្នាំ មុខរបរ អ្នកបម្រើការងារតាមផ្ទះ បន្ទាប់ពីត្រូវបានម្ចាស់ផ្ទះប្តឹង ពីបទលួចក្រណាត់ហូល, ផាមួង, ក្រណាត់ក្បិន និងអាវ, សំពត់ដែលកាត់រួចជាច្រើនលើកច្រើនសារ នៅចំណុច ផ្ទះលេខ១៣៨ BIS ភូមិជ្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ក្រោយពេលសមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនយកមកសួរនាំ ស្រ្តីជនសង្ស័យ ខាងលើ បានសារភាពថា ខ្លួន និងកូនស្រី ឈ្មោះ ថា ស្រីនិច អាយុ១៨ឆ្នាំ បានមកបម្រើការងារផ្ទះផ្នែកចុងភៅ និងអនាម័យ របស់ម្ចាស់ផ្ទះ នៅចំណុច ខាងលើ ដោយទទួលបានប្រាក់ខែ ២០០ ដុល្លារអាមេរិក ក្នុងមួយខែ ហើយជារៀងរាល់ថ្ងៃរូបខ្លួន និងកូនស្រីតែងតែបោសសម្អាតតាមបន្ទប់ដាក់ខោអាវ, បន្ទប់ដេក រាល់ថ្ងៃ ដោយម្ចាស់ផ្ទះទុកសោបន្ទប់ឱ្យបើកចូល។ លុះពេលបោសសម្អាតហើយទើបប្រគល់សោឱ្យម្ចាស់ផ្ទះវិញ។ 

រហូតដល់អំឡុងខែមីនា ឆ្នាំ២០១៩ រូបខ្លួន ក៏មានគំនិតចង់បាន ហូល ផាមួង ទើបកើតចិត្តលួចតែម្តង គឺលួចបាន ហូល ផាមួងដែលកាត់រួច ០៤, សំពត់ ០៣ និងក្រណាត់ហូល ផាមួង ០៩ក្បិន ហើយរូបគេលួចជាច្រើនលើកច្រើនសារ ដើម្បីសន្សំឱ្យបានច្រើន រួចផ្ញើតាមឡានតាក់ស៊ីទៅផ្ទះនៅខេត្តកំពង់ចាម។ 

បន្ទាប់ពីធ្វើការសួរចម្លើយរួច ទើបសមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ខាងលើទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩៕


 

adverise with khmeread
tiger
Loading ad ...