កំណាត់ផ្លូវជាតិលេខ៤ម្តុំស្ពានស្ទឹងសំរោងបានប្រកាសអាសន្នមិនឱ្យរថយន្តធំឆ្លងកាត់

ព្រះសីហនុ ៖​ អាជ្ញាធរបានប្រកាសបិទចរាចរណ៍ជាបណ្តោះអាសន្នហើយសម្រាប់រថយន្តធំ នៅល្ងាច ថ្ងៃ​ទី​០៤ ខែ​កញ្ញា​​ ឆ្នាំ​២០១៩នេះ ​ត្រង់ចំណុចស្ពានស្ទឹងសំរោង​ ចន្លោះ​គីឡូម៉ែត្រ​លេខ១១៥-១១៦​ ផ្លូវជាតិលេខ៤ ក្នុង​ភូមិ​សាស្ត្រ​​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ខេត្តព្រះសីហនុ​ ដោយសារជំនន់ទឹកភ្លៀងបន្តហក់ឡើងខ្ពស់។ 

​មន្ត្រីជំនាញបានថ្លែងថា កម្ពស់ទឹកបានឡើងលិចស្ពានស្ទឹងសំរោង និងបានហូរកាត់ពីលើផ្លូវជាតិច្រើនរយម៉ែត្រ ដែលមិនអាចឱ្យរថយន្តធំធ្វើចរាចរណ៍ឆ្លងកាត់បានឡើយ ​ស្របពេលដែលធាតុ​អាកាសភ្លៀងនៅតែបន្តធ្លាក់។ ប៉ុន្តែរថយន្តតូចៗនៅអនុញ្ញាត ឱ្យចរាចរណ៍បានក្នុងលក្ខខណ្ឌប្រុងប្រយ័ត្នហើយប្រសិនបើទឹកនៅតែបន្តហក់ឡើង យប់នេះរថយន្តតូចៗក៏នឹងត្រូវផ្អាកដែរ។

​ចំពោះមុខស្ថានភាពបែបនេះ ​គណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់សីលា​ បានដាក់បន្ថែមកម្លាំងប្រចាំការត្រួតពិនិត្យ រក្សាសុវត្ថិភាពទូទៅនិងសម្រួលការងារផ្សេងៗជូនពលរដ្ឋនិងអ្នកដំណើរនៅចំណុចនោះ រហូតដល់ទឹកស្រកឡើងវិញ។ 

​គួររម្លឹកថា​ នៅទីតាំងជំនន់ទឹកភ្លៀងលិចខាងលើនេះ​ ពោលគឺបានកើតឡើងស្ទើររាល់ឆ្នាំ។ ករណីនេះគេមិនទាន់ឃើញខាងជំនាញសិក្សាបែបណា ដើម្បីចៀសវាងកុំឱ្យឆ្នាំក្រោយៗលិចបន្តទៀត​។ ការលិចលង់ខាងលើទោះបីជាមិនយូរថ្ងៃក៏ដោយ​ តែវាបានប៉ះពាល់យ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ​ ខណៈផ្លូវវាងដទៃទៀតក៏កំពុងខូចនិងជួសជុល។ 

​មន្ត្រីចូលនិវត្តន៍មួយរូបសូមមិនបញ្ចេញឈ្មោះបានផ្តល់យោបល់ថា​ អាជ្ញាធរគួរតែសិក្សាដាក់លូធំៗដូចលូកម្ពុជាពី៣ទៅ៤ប្រឡោះបន្ថែមទៀត​ ដើម្បីជួយឱ្យទឹកហូរបានលឿន​ ហើយចំណាយថវិកាតិចជាងស្ថាបនាស្ពាន និងចំណេញពេលវេលា​​៕


 

adverise with khmeread
tiger
Loading ad ...