ស្ថានភាពទឹកជំនន់ទន្លេមេគង្គលើ និងជំនន់ទឹកភ្លៀង

១-ខេត្តស្ទឹងត្រែង នាយប់ថ្ងៃ ពុធទី ៤ ខែកញ្ញា ឆ្នាំ ២០១៩កងកម្លាំងប៉ូលិសខេត្ត ចំនួន ៧៥នាក់ ចុះជួយច្រកបាវខ្សាច់ដើម្បីធ្វើទំនប់ទប់ទឹក មិនឱ្យទឹកហូរកាត់ថ្នល់ចូលក្រុងស្ទឹងត្រែង ដឹកនាំដោយ លោក​ ម៉ុម​ សារឿន​ អភិបាលខេត្តស្ទឹងត្រែង និងបានជម្លៀសប្រជាពលរដ្ឋទៅកន្លែងទីទួលមានសុវត្ថិភាព ។

២-ខេត្តក្រចេះ លោក សេក ប៊ុនហេង អភិបាលក្រុងក្រចេះ អមដំណើរលោកវ៉ា ថន អភិបាលខេត្តក្រចេះ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ចុះពិនិត្យមើលផ្លូវទឹកលិច និងត្រៀមវិធានការដោះស្រាយទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនារដូវទឹកឡើងដែលបានជម្លៀសពីភូមិដូនជ្រាំ មកលើទីទួលសុវត្ថិភាពនៅភូមិត្រពាំងព្រីង សង្កាត់ក្រចេះ ក្រុងក្រចេះ ខេត្តក្រចេះ ។

៣-នៅរសៀលថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០១៩ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យ ទីតាំងទួលសុវត្ថិភាពដើម្បីត្រៀមបង្ការ គ្រោះមហន្តរាយដោយទឹកជំនន់ អាចបង្កឡើងនាប៉ុន្មានថ្ងៃខាងមុខនេះ នៅឃុំកោះមិត្ត ស្រុកកំពង់សៀម និងឃុំមៀន ស្រុកព្រៃឈរ។ 

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឱ្យដឹងថា កំពស់ទឹកជំនន់ នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០១៩ នឹងអាចមានកំពស់ឡើងដល់ ១៥.៧០ ម៉ែត្រ ខណៈកំពស់ទឹកដែលត្រូវប្រកាសអាសន្ន ១៥.២០ម៉ែត្រ ។ 

លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅតាមដងទន្លេមេគង្គត្រូវរៀបចំលក្ខណៈឲ្យបានគ្រប់គ្រាន់ ក្នុងការជម្លៀសខ្លួនចេញទៅរក ទីទួលសុវត្ថិភាព ជាពិសេសត្រូវប្រយ័ត្នចំពោះកុមារតូចៗ នឹងសត្វអសិរពិសផ្សេងៗផងដែរ និងសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់រក្សាឲ្យបាននូវ ហូបស្អាត ទឹកស្អាត និងរស់នៅស្អាត ដែលកត្តាទាំងនេះធ្វើឲ្យសុខភាពរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសវាងពីជម្ងឺផ្សេងៗ។

៤-ខេត្តត្បូងឃ្មុំនាយប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ដោយពិនិត្យស្ថានភាពជាក់ស្តែងកម្ពស់ទឹកទន្លេមេគង្គកំពុងហក់ឡើងដើម្បីទប់ទល់ឱ្យទាន់សភាពការណ៍ ក្រុមការងារបានធ្វើការទប់ច្រាំងទន្លេមេគង្គទាំងយប់នៅទីតាំងភូមិកំពង់ឫស្សី ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

៥-ខេត្ត​ព្រះវិហារ​នៅ​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩ ដោយមាន​ភ្លៀង​ធ្លាក់​បន្ត​រហូត​ជាប់ៗ​គ្នា​ចំនួន០៣​ថ្ងៃ បានធ្វើឱ្យទឹក​ជន់​លិច​តាម​បណ្តា​ឃុំ​មួយ​ចំនួន ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ក្នុង​នោះ​ លោក វរសេនីយ៍ឯក អ៊ិ​ន កាយ អធិការ​ប៉ូលិស​ស្រុក បាន​ដឹកនាំ​កម្លាំង​ចុះ​ត្រួតពិនិត្យ​មើល​តាម​ភូមិ​សាស្ត្រ​ដែល​ទឹកបាន​ជន់​លិច ក្នុង​ឃុំ​ចំនួន​៤ រួមមាន ១.​ឃុំ​ព្រះ​ប្រឡាយ ទឹក​លិច​ផ្លូវ​ចូល​វត្ត​ទួល​ចរន្ត​ន៍ ក្នុងភូមិ​អូរ​រំដួល និង​ហូរ​កាត់​ផ្លូវជាតិ​លេខ ២៦២៥ ត្រង់​ចំណុច​អូរ​ទឹក​ខៀវ ព្រំប្រទល់​ជាប់​ជាមួយ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​, ២.​ឃុំ​ទំនប់​ដាច់ ទឹក​លិច​ត្រង់ចំណុច​ប៉ុស្តិ៍​រដ្ឋបាល ក្នុងភូមិ​ជ័យ​និវត្តន៍​, ៣.​ឃុំ​បាក់​អន្លូង ទឹក​លិច​ត្រង់ចំណុច​អូរ​មេម៉ាយ​ក្រោម ភូមិ​ត្រពាំង​ប្រិ​យ៍​និង៤.​ឃុំ​អូរ​ស្វាយ ទឹក​លិច​ហូរ​កាត់​ផ្លូវ​ក្រវ៉ាត់​ព្រំដែន ត្រង់ចំណុច ភូមិ​អូរ​ស្វាយ និង​ភូមិ​ទំនប់​អភិវឌ្ឍន៍​។

ជំនន់​ទឹកភ្លៀង​ក្នុង​ឃុំ​ទាំង​៤ ខាងលើ​ពុំ​បណ្តាល​ឱ្យមាន​រងគ្រោះ​ដល់​អាយុជីវិត​មនុស្ស សត្វ​ឡើយ ដោយ​ប្រជាពលរដ្ឋ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ទុកជាមុន។

៦- ខេត្តឧត្តរមានជ័យ គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី៤កញ្ញា២០១៩ ស្ថានភាពទឹកនៅអាងតាម៉ុកខេត្តឧត្តរមានជ័យឡើងខ្លាំង ជិតដល់ចំណុចប្រកាសអាសន្ននៅខេត្តឧត្តរមានជ័យ ។ ស្ថានភាពទឹកនៅអាងតាម៉ុកទឹកមានកម្ពស់ ៣,៧០ម៉ែត្រ កើនឡើង ០,០៣ម៉ែត្រ កម្ពស់ប្រកាសអាសន្ន ៤,១០ម៉ែត្រ​ និងអាងទឹក០៥ ទឹកមានកម្ពស់ ២,១៥ម៉ែត្រ ស្រកចុះ ០,០៥ម៉ែត្រ។

៧- ខេត្តព្រះសីហនុ​ នៅចំណុចស្ពានស្ទឹងសំរោង ផ្លូវជាតិលេខ៤ ស្រុកកំពង់សីលាចរាចរណ៍ក៍មានដំណើរការជាធម្មតាឡើងវិញហើយទាំងរថយន្តតូច និងរថយន្តធំ នាព្រឹកថ្ងៃទី៥កញ្ញា២០១៩នេះ​ ក្រោយបិទផ្អាកច្រើនម៉ោងកាលពីយប់មិញ៕