ចិនបង្ហាញដ្រូនបំបាំងកាយចេះក្លែងខ្លួនបន្លំជាយន្តហោះចម្បាំងបំបាំងកាយស្រដៀងនឹង F-35 របស់អាមេរិក

អ្នកជំនាញយោធាចិនម្នាក់បាននិយាយនៅថ្ងៃសុក្រសប្តាហ៍មុនថា ដ្រូនគោលដៅបំបាំងកាយ ដែលចិនបានដាក់បង្ហាញថ្មីៗនេះ នឹងផ្តល់ឱ្យយោធាចិននូវបទពិសោធន៍ប្លែក ព្រោះវាអាចប្រែកាយទៅជាយន្ដហោះចម្បាំងបំបាំងកាយដូចយន្តហោះ F-35 របស់អាម៉េរិកអ៊ីចឹងដែរ ខណៈសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក កំពុងដាក់ពង្រាយយន្តហោះចម្បាំងបែបនេះកាន់តែច្រើន។

តាំងបង្ហាញនៅស្តង់របស់សាកលវិទ្យាល័យពហុបច្ចេកទេសពាយ័ព្យនៅឯពិព័រណ៍អាកាសចរណ៍និងអវកាសអន្តរជាតិរុស្ស៊ីឆ្នាំ ២០១៩ (MAKS 2019)  ដែលកំពុងធ្វើឡើងនៅទីក្រុង Zhukovsky ជិតទីក្រុងមូស្គូ ដ្រូនឈ្មោះ LJ-I គឺជាដ្រូនគោលដៅហោះនៅកម្ពស់ខ្ពស់ ដែលមានសមត្ថភាពក្លាយខ្លួនធ្វើជាយន្តហោះចម្បាំងបំបាំងកាយជំនាន់ទី៤ឬទី៥។

យោងតាមសេចក្តីថ្លែងការណ៍របស់សាកលវិទ្យាល័យពហុបច្ចេកទេសពាយ័ព្យ ដែលបានផ្ញើទៅកាសែត Global Times នៅពិព័រណ៍ MAKS 2019 បានឱ្យដឹងថា ដ្រូន LJ-I គឺមានសមត្ថភាពបំបាំងកាយ អាចហោះហើរបានយូរ មានសមត្ថភាពខ្ពស់ក្នុងការបត់បែនទិសដៅ និងបំពាក់ដោយប្រព័ន្ធអាវុធអេឡិចត្រូនិចសម្រាប់បាញ់តបត និង សមត្ថភាពបំបែកប្រព័ន្ធរ៉ាដា។

សេចក្តីថ្លែងការណ៍បានលើកឡើងថា ដ្រូនប្រវែង ៤,៧ ម៉ែត្រនិងទទឹង ២,៥ ម៉ែត្រនេះក៏ជួយសន្សំសំចៃការចំណាយផងដែរ ដោយកត់សម្គាល់ផងដែរថា ដ្រូន LJ-I អាចផ្គុំចូលគ្នាបង្កើតបានជាទម្រង់នៃការប្រយុទ្ធពិតប្រាកដមួយ។

អ្នកជំនាញខាងយោធាអនាមិកម្នាក់បានប្រាប់កាសែត Global Times កាលពីថ្ងៃសុក្រថា លក្ខណៈពិសេសទាំងនេះអាចជួយឱ្យដ្រូនគោលដៅទាំងនេះអាចធ្វើការងារបានតាមបំណង ពោលគឺដើរតួជាដ្រូនគោលដៅដ៏ទំនើបអាចក្លែងខ្លួនបន្លំធ្វើជាយន្តហោះចម្បាំងបំបាំងកាយស៊េរីទំនើបចុងក្រោយបង្អស់របស់ពិភពលោកដូច យន្តហោះ F-35 ដែរ។

សហរដ្ឋអាមេរិកបានលក់យន្តហោះ F-35 ឱ្យទៅសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករួមមានប្រទេសជប៉ុនកូរ៉េខាងត្បូងនិងអូស្រ្តាលី ជាមួយសហរដ្ឋអាមេរិកផ្ទាល់ក៏បានដាក់ពង្រាយយន្តហោះចម្បាំងនេះនៅលើនាវាផ្ទុកយន្តហោះនិងនាវាចម្បាំងជាច្រើនផងដែរ។

ក្រុមអ្នកវិភាគយោធាបាននិយាយថា សហរដ្ឋអាមេរិកកំពុងព្យាយាមបង្កើត "វដ្តមិត្តភក្តិយន្តហោះចម្បាំង F-35" នៅក្នុងតំបន់ ដែលអាចក្លាយជាការគំរាមកំហែងដល់វិស័យការពារជាតិរបស់ចិន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab