កំពុងមានស្លេសច្រើនហើយស្អិតៗពេញបំពង់ក? តោះទៅមើលមូលហេតុកើតស្លេសនិងវិធីបំបាត់

ស្លេសគឺជាអ្នកធ្វើការស្ងៀមស្ងាត់មួយនៅក្នុងរាងកាយ ដែលអ្នកនឹងមិនចាប់អារម្មណ៍ទេ រហូតដល់អ្នកមានអារម្មណ៍ឈឺ និង មិនស្រួលជាមួយវា ហើយចាប់ផ្តើមក្អកខ្ជាក់ស្លេសចេញមកក្រៅ។ ស្លេសបង្កើតឡើងដោយសារកោសិកានៅផ្លូវដកដង្ហើមខាងលើ និង សួត ហើយវាត្រូវបានផលិតឡើងពីប្រូតេអ៊ីន ទឹក និងអំបិល។ ហើយអ្នកដឹងទេថាតើស្លេសដើរតួនាទីសំខាន់អ្វីខ្លះ? ស្លេសបង្កើតជាស្រទាប់ការពារមួយ ដែលជួយរក្សាច្រមុះនិងផ្លូវដកដង្ហើមរបស់អ្នកកុំឱ្យស្ងួត ឬ ទប់កុំឱ្យធូលីដីនិងមេរោគចូលជ្រៅទៅក្នុងរាងកាយរបស់អ្នក។ អង្គបដិបក្ខនៅក្នុងស្លេសក៏ជាអ្នកសម្លាប់មេរោគនិងការពារអ្នកពីការឆ្លងមេរោគផងដែរ។ ជាធម្មតា រចនាសម្ព័ន្ធតូចឆ្មារល្អិតៗរាងដូចសរសៃសក់ ហៅថា Cilia រុញស្លេសទៅនៅក្រោយបំពង់ករបស់អ្នក ហើយបន្ទាប់មកស្លេសនឹងត្រូវលេបចូលពោះ។ ប៉ុន្តែប្រសិនបើប្រព័ន្ធផ្លូវដង្ហើមរបស់អ្នកផលិតស្លេសច្រើនពេក (ឬហៅថា កំហាក) វាអាចធ្វើឱ្យណែនក្នុងក ធ្វើមានសំឡេងស្អក ធ្វើឱ្យឈឺបំពង់ក និង ក្អ។ ហើយស្លេសខាប់ៗស្អិតៗមិនគ្រាន់តែរំខានបំពង់កប៉ុណ្ណោះ​ទេ វាថែមទាំងពិបាកខាកចេញមកក្រៅថែមទៀត។ ឥឡូវសូមក្រឡេកមើលមូលហេតុដែលបង្កឱ្យមានស្លេស និងរបៀបកម្ចាត់វាចោល។ 

អាឡែរស៊ី ឬ ការឆ្លងមេរោគដូចជាគ្រុនផ្តាសាយ អាចផលិតស្លេសយ៉ាងច្រើនសម្បើម ហើយមេរោគក្នុងច្រមុះឬក្នុងសួតដូចជាជំងឺរលាកសួតឬជំងឺរលាកទងសួតក៏អាចបង្កឱ្យមានស្លេសច្រើនផងដែរ។ ស្លេសច្រើនក៏អាចជាសញ្ញាបង្ហាញថា លោកអ្នកកំពុងកើតជំងឺសួតរ៉ាំរ៉ៃ (ជំងឺ​ស្ទះ​ផ្លូវដង្ហើម​រ៉ាំរ៉ៃ) ឬ ជំងឺហឺត។ ហើយប្រសិនបើអ្នកជក់បារី ស្លេសច្រើនអាចចង្អុលបង្ហាញពីការខូចសួតដោយសារការជក់បារី។ 

ធ្វើយ៉ាងម៉េចអាចកម្ចាត់ស្លេសចេញពីបំពង់កបាន? 

វេជ្ជបណ្ឌិតរបស់អ្នកអាចចេញវេជ្ជបញ្ជាឱ្យអ្នកទិញថ្នាំលេបដើម្បីបំបាត់ស្លេស ដូចជាថ្នាំ Antihistamines (សម្រាប់អាឡែរស៊ី) ថ្នាំអង់ទីប៊ីយ៉ូទិក (សម្រាប់ឆ្លងបាក់តេរី) ឬថ្នាំ Steroid (សម្រាប់ជំងឺហឺត)។ ក្រៅពីថ្នាំពេទ្យក៏នៅមានវិធីធម្មតាៗមួយចំនួនអាចជួយបំបាត់ស្លេសឬកាត់បន្ថយស្លេសបានយ៉ាងច្រើនផងដែរ។ 

១. ផឹកទឹក ៖ ត្រូវប្រាកដថា លោកអ្នកផឹកទឹកឱ្យបានច្រើន ព្រោះទឹកអាចជួយបន្ថយស្លេសបានយ៉ាងច្រើន។ 
២. សាកហុតស៊ុបមាន់ ៖ វាជារបៀបព្យាបាលផ្តាសាយតាំងពីជំនាន់បុរាណ។ តើវាធ្វើម៉េចអាចកម្ចាត់ស្លេសបាន? សារធាតុ Amino Acid Cysteine នៅក្នុងស៊ុបមាន់ត្រូវបានអ្នកស្រាវជ្រាវលើកឡើងថាជួយកម្ចាត់ស្លេសយ៉ាងមានប្រសិទ្ធភាព។ ដូច្នេះនៅពេលអ្នកមានស្លេសច្រើន កុំភ្លេសហុតស៊ុបមាន់។
៣. ហឺតចំហាយទឹកក្តៅ ៖ យកកន្សែងគ្របលើឆ្នាំងទឹកក្តៅ ហើយព្យាយាមយកច្រមុះហឺតយកចំហាយទឹកក្តៅ។ អនុវត្ត៥ទៅ១០នាទីវានឹងជួយរំលាយស្លេសបានយ៉ាងច្រើន។
៤. សាកទឹកឃ្មុំនិងក្រូចឆ្មា ៖ ទឹកឃ្មុំនិងក្រូចឆ្មាត្រូវបានប្រើធ្វើជាឱសថរាប់ពាន់ឆ្នាំមកហើយ ជាពិសេសសម្រាប់ព្យាបាលផ្តាសាយនិងក្អក។ ទឹកឃ្មុំផ្ទុកសារធាតុប្រឆាំងបាក់តេរី និងជួយឱ្យបំពង់កមានសំណើមល្អ ខណៈក្រូចឆ្មាសម្បូរវីតាមីន C ដែលជួយជំរុញដល់ប្រព័ន្ធភាពស៊ាំ និងជាអង់ទីអុកស៊ីដង់ដ៏ខ្លាំងក្លា ហើយវាក៏មានគុណសម្បត្តិប្រឆាំងនឹងបាក់តេរី និងមេរោគផងដែរ។ លាយទឹកក្រូចឆ្មា៣ស្លាបព្រា និង ទឹកឃ្មុំមួយស្លាបព្រានៅក្នុងទឹកក្តៅមួយកែវ រួចផឹកវាជាការស្រេច។ ការសិក្សារកឃើញថា របស់ទាំងពីរមុខនេះជួយបន្ថយភាពធ្ងន់ធ្ងរនិងការក្អកញឹកញាប់ចំពោះកុមារផងដែរ៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...