ក្រុមអ្នកមានបុណ្យ Barcelona បានធាក់ក្រុមកាំភ្លើងធំ Arsenal ចេញពីក្របខ័ណ្ឌ Champions League បន្ទាប់ពី MSN ស៊ុតបានម្នាក់មួយគ្រាប់នៅទឹកដី Nou Camp កាលពីយប់មិញ។
នេះជាលើកទី ៦ ហើយដែល Arsenal ត្រូវបានខ្ចាយចេញពីវគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីចាញ់ Barcelona ទាំងពីរជើងដល់ទៅ ៥ ទល់នឹង ១។
Arsenal ចាប់ផ្តើមតង់ទីមួយបានល្អខ្លាំងណាស់ ប៉ុន្តែ Neymar បានស៊ុតឱ្យក្រុម Barcelona នាំមុខកាំភ្លើងធំ ១-០។ កីឡាករ Mohamed Elneny របស់ Arsenal ក៏បានស៊ុតតាមស្មើក្នុងតង់ទីពីរ ប៉ុន្តែកីឡាករ Suarez និង Messi បានបំបិទមាត់ Arsenal ដោយរកបានម្នាក់មួយគ្រាប់និងបានអូសបន្លាយពេលរហូតដល់ចប់ការប្រកួត។
ក្នុងការប្រកួតនេះ Arsenal ក៏មានឱកាសច្រើនណាស់ដែរ ប៉ុន្តែ Welbeck បានចាក់ចោលទាំងអស់បើទោះជា Ozil ខំប្រឹងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយ។
ជាមួយកូនក្រុមរបស់លោក Arsene Wenger បរាជ័យនៅ FA Cup និងត្រូវតាមពីក្រោយក្រុមកំពូលតារាង Leicester ក្នុងក្របខ័ណ្ឌ Premier League ដល់ទៅ ១១ ពិន្ទុ ហើយទើបតែធ្លាក់ចេញពី Champions League ទៀត ឥឡូវឱកាស Arsenal លើកពានក្នុងឆ្នាំនេះហាក់ដូចជាត្រូវរលាយសាបសូន្យអស់ហើយ៕
