កុំចេះតែហ៊ាន,​ ចោរឆក់យកទូរស័ព្ទជាប់ Location ពីស្រ្ដីម្នាក់ ប៉ូលិសតាមផែនទីដល់កន្លែង ពេលទៅដល់ដូចទៅរកអូសប្រទះចង្គ្រានហ្គាសអ៊ីចឹង

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប៉ូលិសដេញតាមចាប់ដល់បន្ទប់ជួលតាមរយៈទូរស័ព្ទជាប់ឡូខេសិន (Location)  បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទពីនារី២នាក់ និងឈានទៅឃាត់ជនសង្ស័យ៦នាក់ថែមទៀត កាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ ព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ត្រង់ចំណុចខាងក្រោយតារាងបាល់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យម្នាក់ក្នុងចំណោម ៧នាក់ជាអ្នកឆក់ផ្ទាល់ឈ្មោះ សាន់ ប៊ី ភេទប្រុស អាយុ ២២ឆ្នាំ មានស្រុកកំណើតខេត្តព្រៃវែង ជិះម៉ូតូធ្វើសកម្មភាពម៉ាកXR ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1CM-4957 និងមានសង្សារម្នាក់រួមគំនិត ព្រមទាំងជនសង្ស័យចំនួន៥នាក់បន្ថែមទៀត (ប៉ូលិសមិនទាន់ប្រាប់ឈ្មោះ) ។ 

យោងតាមសម្ដីនារីរងគ្រោះបានប្រាប់ឱ្យដឹងថា ដំបូងឡើយរូបគាត់ទាំងពីរនាក់ បានជិះម៉ូតូចេញពីផ្សារស៊ិនជូរីផ្លាហ្សា ក្នុងគោលបំណងទៅចោមចៅ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ដោយកំពុងមើលទូរស័ព្ទដែលដាក់ឡូខេសិនមើលផ្លូវ ។ ខណៈមកដល់ចំណុចកើតហេតុ ក៏លេចមុខជនសង្ស័យជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយបើករត់យ៉ាងលឿន ។

ប្រភពបន្តថា ភ្លាមៗគាត់(នារីរងគ្រោះ)ក៏បានប្រាប់សមត្ថកិច្ចឱ្យតាមដានឡូខេសិន រហូតទៅដល់បន្ទប់ជួលរបស់ជនសង្ស័យ ក៏ឃើញជនសង្ស័យកំពុងអង្គុយផឹកស៊ីសរុបចំនួន៧នាក់ ក្នុងនោះមានស្រីម្នាក់ ។ ពេលនោះសមត្ថកិច្ចក៏បានឆែកឆេរ បន្ទប់ជួល ឃើញកាបូបរបស់ជនរងគ្រោះ ដែលជនសង្ស័យឆក់កន្លងមកជាច្រើនកាបូប ។ 

ក្នុងហេតុការណ៍ដែលចុះបង្ក្រាបជនសង្ស័យនេះ ក៏មានវត្តមានលោកអធិការ យឹម សារ៉ាន់ ចុះមកបញ្ជាផ្ទាល់ និងឱ្យមន្ត្រីចាប់ជនសង្ស័យទាំង៧នាក់យកទៅសួរនាំចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab