ចោរ២នាក់ភ្ជង់ប្លន់យកម៉ូតូហុងដា២០១៨ ពីម្ចាស់ហាងស៊ុបម្នាក់បានសម្រេច នៅខណ្ឌដង្កោ

ភ្នំពេញ ៖ ជនសង្ស័យ២នាក់បានធ្វើសកម្មភាពធាក់ម៉ូតូផ្តួល និងយកកាំភ្លើងភ្ជង់ប្លន់ យកម៉ូតូពីបុរសម្នាក់បានសម្រេច រួចជិះគេចខ្លួនបាត់ កាលពីវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ នៅចំណុចមុខសាលាបឋមសិក្សាទួលអំពិល ក្នុងសង្កាត់- ខណ្ឌដង្កោ ។ 

សមត្ថកិច្ចនិយាយថា​ ជនរងគ្រោះឈ្មោះ ហ៊ុន ណូន ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរម្ចាស់ហាងស៊ុប ស្នាក់នៅសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ បានបាត់បង់ម៉ូតូឌ្រីមសង់ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ឡើងស៊េរ៊ី ឆ្នាំ២០១៩ ពាក់ស្លាកលេខ ភ្នំពេញ1HA-9569 ។ 

តាមប្រភពពីជនរងគ្រោះបានឱ្យដឹងថា ដំបូងរូបគាត់ជិះម៉ូតូ ធ្វើដំណើរពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ ជិះម៉ូតូហុងដាឌ្រីមមិនចាំស្លាកលេខ ជិះស្របទិសគ្នាមកពីក្រោយ បានធ្វើសកម្មភាពជិះកៀរ រួចធាក់ម៉ូតូឱ្យដួល ហើយដកកាំភ្លើងខ្លីភ្ជង់គំរាម គាត់ក៏រត់ចេញពីម៉ូតូដើម្បីសង្គ្រោះជីវិត ហើយចោរក៏យកម៉ូតូទៅបាត់ ។ 

ក្រោយកើតហេតុសមត្ថកិច្ចដង្កោ បានចុះមកដល់ចំណុចកើតហេតុ បានដឹកជនរងគ្រោះមកប៉ុស្តិ៍រដ្ឋបាលដង្កោ ដាក់ពាក្យបណ្តឹងនិងសាកសួរ ដើម្បីស្រាវជ្រាវនិងកំណត់មុខសញ្ញា ឈានទៅចាប់ខ្លួនជនសង្ស័យទាំងនោះ មកផ្ដាន្ទាទោសតាមផ្លូវច្បាប់ ៕

adverise with khmeread
tiger
Loading ad ...