រដ្ឋមន្ត្រីកីឡាម៉ាឡេស៊ីរត់ពួនស្ទើរមិនទាន់ បន្ទាប់ពីមានដុំថ្មនិងដែកហោះពីកន្លែងអ្នកគាំទ្រឥណ្ឌូនេស៊ីចូលមកកន្លែងអ្នកគាំទ្រម៉ាឡេស៊ីអំឡុងជម្រុះ World Cup

ជ័យជម្នះដ៏ផ្អែមល្ហែមរបស់ម៉ាឡេស៊ីលើឥណ្ឌូនេស៊ី ៣-២ ក្នុងការប្រកួតជម្រុះ World Cup បានប្រែទៅជាល្វីងជូរចត់នៅឯកីឡដ្ឋាន Gelora Bung Karno ក្នុងទីក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍ ទី៥ កញ្ញា។

ទោះបីជាការប្រកួតត្រូវបានរំខានដោយហ្វូងអ្នកគាំទ្រនិងត្រូវផ្អាក ១០ នាទីរហូតដល់ប៉ូលិសចូលមកធ្វើអន្តរាគមន៍ក្នុងតង់ទី២ក៏ដោយ ក៏ប៉ុន្តែអ្វីៗបានប្រែជាអាក្រក់សម្រាប់អ្នកគាំទ្រម៉ាឡេស៊ី នៅពេលការប្រកួតបានបញ្ចប់។

រដ្ឋមន្រ្តីយុវជននិងកីឡាម៉ាឡេស៊ីលោក Syed Saddiq Syed Abdul Rahman បាននិយាយនៅលើបណ្តាញសង្គម Twitter ថា អ្នកគាំទ្រឥណ្ឌូនេស៊ីមួយចំនួនបានព្យាយាមសម្រុកចូលមកតំបន់អ្នកគាំទ្រម៉ាឡេស៊ី ហើយការប្រកួតត្រូវផ្អាកបណ្តោះអាសន្ន។

វត្ថុធ្វើពីដែក ដបទឹក ផ្សែងពណ៌ គឺស្ថិតក្នុងចំណោមវត្ថុជាច្រើនទៀត ដែលគេគប់មកខាងអ្នកគាំទ្រម៉ាឡេស៊ី។

លោក Syed Saddiq និយាយថា ពួកគេរួមទាំងគាត់ដែរត្រូវបាននាំខ្លួនទៅពួនក្នុងតំបន់បិទជិតមួយនៅក្នុងកីឡដ្ឋាន ខណៈរង់ចាំឱ្យអ្វីស្ងប់ស្ងាត់សិន មុនពេលអាចចាកចេញដោយសុវត្ថិភាព។

លោក Syed Saddiq បាននិយាយថា សមាគមបាល់ទាត់ម៉ាឡេស៊ី (FAM) នឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅ FIFA ទាក់ទងនឹងឧបទ្ទវហេតុនេះ។ លោកបានបន្ថែមថា លោកខ្លួនឯងផ្ទាល់នឹងដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់រដ្ឋាភិបាលឥណ្ឌូនេស៊ីក៏ដូចជាទៅសមភាគីឥណ្ឌូណេស៊ីរបស់លោក។

លោកបាននិយាយថា "នេះជារឿងគួរឱ្យសោកស្តាយ ដោយហេតុថាឧស្សាហកម្មបាល់ទាត់ត្រូវគេសន្មត់ថាជាមធ្យោបាយដើម្បីសាមគ្គីភាព។ ខ្ញុំសន្យាថាខ្ញុំនឹងទាមទារយុត្តិធម៌សម្រាប់ប្រជាជនម៉ាឡេស៊ី"។

តាមការបញ្ជាក់ផ្លូវការយ៉ាងហោចណាស់ជនជាតិម៉ាឡេស៊ីម្នាក់បានរងរបួសក្នុងហេតុការណ៍នោះ។ មុននេះបន្តិច វីដេអូនៃកុបកម្មក៏ដូចជាអ្នកគាំទ្រម៉ាឡេស៊ីម្នាក់ត្រូវគេសែងតាមប្រង់កា បានល្បីយ៉ាងកក្រើកពេញបណ្តាញសង្គម៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...