ប្រពន្ធរបស់លោក Mugabe អាចនឹងត្រូវកាត់ទោសពីបទលួចលុយរបស់ស៊ីមបាវេ ចែកឱ្យទៅកូនៗ Playboy របស់គាត់ បន្ទាប់ពីស្វាមីទទួលមរណភាព

ឥឡូវនេះលោកស្រី Grace Mugabe អាចប្រឈមនឹងការកាត់ទោសចំពោះបទឧក្រិដ្ឋដែលបានប្រព្រឹត្តអំឡុងពេលស្វាមីរបស់លោកស្រីលោក Robert Mugabe នៅកំពុងកាន់អំណាច បន្ទាប់ពីមរណភាពរបស់គាត់កាលពីថ្ងៃសុក្រទី៦កញ្ញានៅអាយុ ៩៥ ឆ្នាំ។

អតីតលេខាធិការវ័យ ៥៥ ឆ្នាំ ដែលគេស្គាល់ថា "Gucci Grace" សម្រាប់ការពេញចិត្ដនឹងការដើរទិញអីវ៉ាន់ប្រណីតៗនោះ បានរស់នៅក្នុងជីវភាពហ៊ឺហាហ៊ឹកហ៊ាក់នៅក្នុងប្រទេសក្រីក្របំផុតមួយនេះ។

លោកស្រី Grace ដែលស្ថិតនៅក្បែរប្តីរបស់គាត់នៅពេលលោក Mugabe ស្លាប់នៅប្រទេសសិង្ហបុរី ត្រូវបានផ្តល់អភ័យឯកសិទ្ធិរួមជាមួយលោក Mugabe ដោយអាជ្ញាធរយោធានៅស៊ីមបាវេកាលពីខែវិច្ឆិកាឆ្នាំ ២០១៧ ។

ប៉ុន្តែប្រធានាធិបតីបច្ចុប្បន្នលោក Emmerson Mnangagwa ធ្លាប់បានប្រាប់ BBC ក្នុងខែមករាឆ្នាំ ២០១៨ ថា លោកមិនបានផ្តល់អភ័យឯកសិទ្ធិឱ្យប្តីប្រពន្ធនេះទេ ទោះបីពួកគេបន្តរស់នៅដោយសុខសាន្តក៏ដោយ។

លោកបាននិយាយថាពួកគេទទួលបានកញ្ចប់ចូលនិវត្តន៍ដែលមានសាច់ប្រាក់ឧបត្ថម្ភយ៉ាងច្រើនសម្បើម ដោយបន្ថែមថា "រដ្ឋបាលថ្មីនឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធ្វើឱ្យប្រាកដថាក្រុមគ្រួសារនេះរស់នៅដោយសុខសាន្ត គ្មានការរំខាន"។

ក្នុងចំណោមឧក្រិដ្ឋកម្មដែលលោក Mugabe និងរដ្ឋាភិបាលរបស់លោកត្រូវបានចោទប្រកាន់និងបានបដិសេធគឺ ការរំលោភសិទ្ធិមនុស្សដូចជាការសម្លាប់និងការរំលោភផ្លូវភេទលើសកម្មជនប្រឆាំងជាដើម។

កាលពីខែមីនាឆ្នាំ ២០១៨ ប៉ូលិសបានចាប់ផ្តើមធ្វើការស៊ើបអង្កេតលើការអះអាងនានាថា លោកស្រី Grace បានដឹកនាំក្រុមប្រមាញ់និងរត់ពន្ធមួយ ដែលបាននាំចេញនូវភ្លុកដំរី មាស និង ពេជ្រដោយខុសច្បាប់។

លោកស្រីមិនត្រូវបានចោទប្រកាន់ក្នុងករណីនេះទេ ប៉ុន្តែលោកប្រធានាធិបតី Mnangagwa បានយល់ព្រមឱ្យធ្វើការស៊ើបអង្កេត បន្ទាប់ពីអ្នកថតរូបជនជាតិអូស្ត្រាលីលោក Adrian Steirn បានរកឃើញភស្តុតាង "រឹងមាំខ្លាំង"។

លោក Steirn បានចំណាយពេល ៤ ខែក្នុងការស៊ើបអង្កេតការជួញដូរសត្វព្រៃនិងបន្លំធ្វើជាអតិថិជនដើររកទិញភ្លុកដំរីដើម្បីជ្រៀតចូលបណ្តាញប្រមាញ់សត្វព្រៃខុសច្បាប់។

គាត់បានថតប្រភពជាច្រើនដែលអះអាងថាលោកស្រី Grace បានរត់ពន្ធភ្លុកដំរីដែលបានបរបាញ់នៅក្នុងឧទ្យានជាតិចេញពីស៊ីមបាវេ ដោយការកេងចំណេញលើការលើកលែងការត្រួតពិនិត្យសុវត្ថិភាពនៅអាកាសយានដ្ឋានរបស់លោកស្រីក្នុងនាមជាជំទាវទីមួយ។

បន្ទាប់មកក្នុងខែធ្នូឆ្នាំមុន រដ្ឋអាជ្ញាអាហ្វ្រិកខាងត្បូងបានចេញដីកាចាប់ខ្លួនលោកស្រីពីបទវាយដំតារាបង្ហាញម៉ូតម្នាក់នៅទីក្រុង Johannesburg ក្នុងឆ្នាំ ២០១៧។

ការធ្លាក់កូតរបស់លោក Mugabe ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយរបស់លោកក្នុងនាមជាប្រធានាធិបតី មុនពេលលោកបានលាលែងពីតំណែងនៅខែវិច្ឆិកាឆ្នាំ ២០១៧ បន្ទាប់ពីការគ្រប់គ្រងរយៈពេល ៣៧ ឆ្នាំ ត្រូវបានផ្សារភ្ជាប់ទៅនឹងមហិច្ឆិតានយោបាយរបស់លោកស្រី Grace នេះឯង។

លោកស្រីគឺជាឥស្សរជនដ៏គួរឱ្យខ្ពើមរអើមនិងជាអ្នកនាំអាទិ៍បែកបាក់ផ្ទៃក្នុងបក្សកាន់អំណាច ហើយទីបំផុតលោក Mugabe បានចាញ់ក្នុងការតស៊ូអំណាចក្នុងបក្សជាមួយលោក Mnangagwa ដែលជិតស្និទ្ធនឹងពួកយោធាជាង។

លោកស្រី Grace គឺជាប្រពន្ធទី ២ របស់លោក Mugabe ហើយពួកគេបានរៀបការនៅឆ្នាំ ១៩៩៦ ដោយមានកូនប្រុសពីរនាក់និងកូនស្រីម្នាក់។ គាត់បានរៀបការជាមួយប្រពន្ធដំបូងរបស់គាត់ឈ្មោះ Sally Mugabe នៅឆ្នាំ ១៩៦១ ប៉ុន្តែលោកស្រីបានស្លាប់នៅឆ្នាំ ១៩៩២ ។

កូនប្រុសរបស់ Mugabe គឺឈ្មោះ Robert Jr និង Chatunga មានកេរ្តិ៍ឈ្មោះអសោចខាងការរស់នៅបែប Playboy ហើយត្រូវបានបណ្តេញចេញពីផ្ទះល្វែងមួយនៅអាហ្វ្រិកខាងត្បូងក្នុងឆ្នាំ ២០១៧ បន្ទាប់ពីផ្ទះនោះត្រូវបានបំផ្លាញនៅក្នុងពិធីជប់លៀងមួយ។

នៅឆ្នាំដដែលនោះ Chatunga បានថតវីដេអូបង្ហោះលើបណ្តាញសង្គមបង្ហាញនូវការចាក់ស្រាសាំប៉ាញតម្លៃ ២០០ ផោនលើនាឡិកាដែលគាត់អះអាងថាមានតម្លៃ ៤៥.០០០ ផោន។ 

Robert Jr មានក្តីសុបិនចង់ចាប់អាជីពជាតារាបាល់បោះ ប៉ុន្តែទណ្ឌកម្មរបស់អាមេរិកមានន័យថាគាត់មិនអាចលេងបាល់បោះនៅអាមេរិកបានទេ ហើយគាត់បានបើកហាងលក់សម្លៀកបំពាក់មួយក្នុងខែធ្នូឆ្នាំ២០១៧ ហៅថា xGx។

លោក Mugabe បានជួបលោកស្រី Grace នៅដើមទសវត្សរ៍ ១៩៩០ នៅពេលលោកស្រីនៅធ្វើការជាអ្នកចុចកុំព្យូទ័រដ៏អឹមអៀនមួយរូប ប៉ុន្តែលោកស្រីបានក្លាយជាអ្នកនយោបាយដ៏មានមហិច្ឆតា ដែលចង់ក្លាយជាប្រធានាធិបតីខ្លួនឯងទៀតផង៕ ប្រភព ៖ Daily Mail

 

adverise with khmeread
tiger
Loading ad ...