ផែនដីគ្មានសំបុត្រកំណើតទេ តែអ្នកវិទ្យាសាស្ត្ររកឃើញភស្តុតាងបង្ហាញអាយុពិតរបស់ផែនដី

ផែនដីគ្មានសំបុត្រកំណើតទុកជាឯកសារទេ ដែលនេះមានន័យថា អ្នកវិទ្យាសាស្ដ្រចំណាយពេលតស៊ូរាប់រយឆ្នាំដើម្បីរកមើលថាតើផែនដីមានអាយុប៉ុន្មាន។

អ្នកវិទ្យាសាស្ដ្របានប៉ុនប៉ងដាក់ការបរិច្ឆេតទៅលើផែនដីអស់រយៈពេល ៤០០ ឆ្នាំមកហើយ។ ពួកគេប៉ុនប៉ងទស្សន៍ទាយអាយុផែនដីដោយផ្ដោតទៅលើកម្រិតទឹកសមុទ្រផ្លាស់ប្ដូរ ដោយពេលនោះវាបានធ្វើឱ្យផែនដីឬព្រះអាទិត្យត្រជាក់ដើម្បីបង្ហាញសីតុណ្ហភាព និងជាតិប្រៃរបស់មហាសមុទ្រ។ ខណៈដែលបច្ចេកវិជ្ជាកំណត់ការបរិច្ឆេទផែនដីបានវិវត្តទៅមុខ វិធីសាស្ដ្រដូចនិយាយខាងដើមគឺត្រូវបានសបញ្ជាក់ថាមិនអាចគួរទុកចិត្តបានទេ។ ឧទាហរណ៍ជាក់ស្តែង កម្រិតទឹកសមុទ្រគឺឡើងចុះគ្មានថ្ងៃចប់ ហើយវាមិនអាចឡើងៗរហូត ឬស្រកៗរហូតនោះទេ។

ក្នុងការប៉ុនប៉ងរកអាយុរបស់ផែនដី អ្នកវិទ្យាសាស្ដ្របានងាកទៅស្រាវជ្រាវលើដុំថ្ម ដែលគ្របដណ្ដប់លើផ្ទៃផែនដីវិញម្ដង។ យ៉ាងណាមិញ ដោយសារតែទ្វីបទាំង ៧ របស់ផែនដីរំកិលឥតឈប់ឈរ និងការកែប្រែសំបកផែនដី ថ្មគឺអាចយកប្រើប្រាស់ម្ដងហើយម្ដងទៀតបាន ចេះរលាយ និងកកើតទៅជាដុំថ្មថ្មីបានទៀត។

បន្ទាប់ពីនោះអ្នកវិទ្យាសាស្ដ្របានទៅពិសោធន៍ស្រទាប់ថ្មនៅជ្រលង Grand Canyon តែគ្មានថ្មណាមួយមានអាយុដល់ ១,២ ពាន់លានឆ្នាំឡើយ។ ដុំថ្មដែលចាស់បំផុតត្រូវបានរកឃើញក្នុងភាគខាងពាយព្យប្រទេសកាណាដា ដែលថ្មនោះគឺជាប្រភេទថ្ម Acasta Gneiss មានអាយុរហូដល់ទៅ ៤,០៣ ពាន់លានឆ្នាំ។ ប៉ុន្ដែថ្មប្រភេទទាំងនោះអាចរកបាននៅគ្រប់ទ្វីបទាំងអស់ គ្រាន់តែមានអាយុកាលខុសៗគ្នា។

ដោយស្មុគស្មាញពេក អ្នកវិទ្យាសាស្ដ្រងាកទៅស្រាវជ្រាវលើវត្ថុធាតុក្នុងទីអវកាសវិញម្តង ដែលបង្កើតប្រព័ន្ធព្រះអាទិត្យ ដោយពួកវាគឺជាពពកធូលី និងឧស្ម័ន ដែលហ៊ុមព័ទ្ធជុំវិញព្រះអាទិត្យ។ ទំនាញបានធ្វើអន្តរកម្មបញ្ចូលគ្នានៃធាតុទាំងនោះទៅក្នុងផែនដី និងព្រះចន្ទក្នុងពេលតែមួយ។ តាមរយៈការសិក្សាដុំថ្មអវកាសដទៃទៀតនៅក្នុងប្រព័ន្ធព្រះអាទិត្យ អ្នកវិទ្យាសាស្ត្រអាចស្វែងយល់បន្ថែមអំពីប្រវត្តិដំបូងនៃភពផែនដី។

ដោយព្រះចន្ទមិនចេះប្រែប្រួលដូចផែនដី ដុំថ្មលើព្រះចន្ទ ដែលយកបានពីបេសកកម្ម Apollo បានលាតត្រដាងថា វាមានអាយុពី ៤,៤ ពាន់លានឆ្នាំ ទៅ ៤,៥ ពាន់លានឆ្នាំ។ ការសិក្សានេះគឺផ្អែកទៅលើកម្ទេចកម្ទីដែលទើរលើព្រះចន្ទ បន្ទាប់ពីផែនដីបានផ្ទុះខ្ទាតកម្ទេចកម្ទីហើរពេញសុញ្ញអាកាសពេលកំពុងកកើតឡើង។

ហើយអ្នកវិទ្យាសាស្ដ្រក៏បានសិក្សាលើអាចម៍ផ្កាយដែលធ្លាក់ចូលក្នុងផែនដីច្រើនជាង ៧០ ដុំផងដែរ ហើយវាបង្ហាញថាមានអាយុពី ៤,៤ ពាន់លានឆ្នាំ ទៅ ៤,៥ ពាន់លានឆ្នាំដែរ។ ដូច្នេះអ្នកវិទ្យាសាស្ដ្របានប៉ាន់ប្រមាណថា ផែនដីប្រហែលជាមានអាយុពី ៤,៤ ពាន់លានឆ្នាំ ទៅ ៤,៥ ពាន់លានឆ្នាំ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...