ម៉ូតូកង់បីឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តដឹកដីបុកពេញទំហឹងហើយរេចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត

ភ្នំពេញ ៖ បុរសម្នាក់បានចេញពីផឹកស៊ីបើកម៉ូតូកង់បីឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តដឹកដីបុកពេញទំហឹង ហើយបានរេចង្កូតទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតខូចខាតយ៉ាងដំណំកើតឡើងកាលពីវេលាម៉ោង ៧ និង២០នាទី ថ្ងៃសុក្រ ទី៦ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវលេខ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ហើយពួកគេបានប្រើវប្បធម៌សម្រួសគ្នាបញ្ចប់រឿង​។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា​ អ្នកបើកម៉ូតូកង់បីមានឈ្មោះ ថុល ប៉ុនថុល ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់កង់បី  ស្នាក់នៅភូមិដំណាក់សង្កែ  សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តតាកែវ រងរបួសស្រាលនិងអ្នកជិះម៉ូតូឈ្មោះ សោម ចន្ថា ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរជាងធ្វើសោនៅផ្សារបឹងកេងកង រស់នៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ  ខេត្តកណ្តាល។ ចំណែកអ្នកបើរថយន្តដឹកដីមិនត្រូវបានស្គាល់ឈ្មោះនោះទេ។

តាមសម្តីអ្នកបើកកង់បីឥណ្ឌាបានឱ្យដឹងថា ដំបូងរូបគាត់បានចេញពីផឹកស៊ី បើកម៉ូតូកង់បីឥណ្ឌា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1GT-1266 តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ហើយរៀបនិងឆ្លងផ្លូវទៅម្ខាងទៀត។ ស្រាប់តែមានរថយន្តដឹកដី ពណ៌ទឹកប្រាក់គ្មានស្លាកលេខបើកបរក្នុងទិសដៅពីត្បូងទៅជើងបុកចំពីមុខពេញទំហឹង តែសំណាងល្អម្ចាស់ម៉ូតូកង់បីឥណ្ឌា គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ។ រថយន្តមិនទាន់អស់ល្បឿន ក៏រេចង្កូតជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក HONDA CUB ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1E-2148 ចំពីមុខពេញទំហឹង បណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។ សំណាងល្អម្ចាស់ម៉ូតូបានលោតចុះពីលើម៉ូតូទាន់ពេលរងរបួសស្រាល។

ក្រោយកើតហេតុ តំណាងភាគីខាងរថយន្តដឹកដី ព្រមចេញថ្លៃខូចខាតទៅភាគីខាងម៉ូតូចំនួន៦៥០$។ ចំណែកភាគីខាងម៉ូតូកង់បីវិញ សុំស្មើគ្នាជាមួយភាគីខាងរថយន្តដឹកដី ដោយយកម៉ូតូកង់បីទៅជួសជុលខ្លួនឯងដើម្បីបញ្ចប់រឿងនៅនឹងកន្លែង៕


 

adverise with khmeread
tiger
Loading ad ...