ស្រវឹងបើកម៉ូតូបុកខឿនផ្លូវមុខវត្តខ្សុំស្លាប់ភ្លាមៗនៅឃុំបន្ទាយដែក

កណ្តាល​ ៖ បុរសម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹងជោកចេញពីផ្ទះប្អូនគោលបំណងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ ខណៈកំពុងបើកសុខៗ បណ្តាលឱ្យជ្រុលទៅបុកខឿនផ្លូវបោកស្លាប់ភ្លាមៗ បង្កការភ្ញាក់ផ្អើលកាលពីវេលម៉ោង១២ និង១៥នាទីរំលងអធ្រាត ឈានចូលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវលំចូលវត្តខ្សុំ ស្ថិតក្នុងភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ ជួង សុភា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិខ្សុំ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ បើកម៉ូតូម៉ាកស៊ុយហ្ស៊យគី ស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BL-34 93។

ប៉ូលិសបន្តថា ដំបូងជនរងគ្រោះបាននៅអង្គុយផឹកស្រានៅផ្ទះប្អូនដែលស្ថិតនៅខាងវត្តខ្សុំ បន្ទាប់ពីផឹកអស់រយៈពេលជាច្រើនម៉ោងមានសភាពស្រវឹងជោកជាំជនរងគ្រោះ ក៏បានទាញម៉ូតូជិះចេញពីកន្លែងផឹកក្នុងគោលបំណងត្រឡប់ទៅផ្ទះវិញ។ ខណៈជិះដល់ចំណុចកែងផ្លូវចូលវត្ត ក៏ជ្រុលទៅបុកខឿនផ្លូវបណ្តាលឱ្យបោកស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នម៉ូតូ និងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕


 

adverise with khmeread
tiger
Loading ad ...